អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ទេវតាឆ្នាំនេះ ព្រះនាមអ្វី? ហើយគួររៀបចំរណ្ដាប់ទទួល យ៉ាងដូចម្តេច? អានបន្តរ

ទេវតាឆ្នាំនេះ ព្រះនាមអ្វី? ហើយគួររៀបចំរណ្ដាប់ទទួល យ៉ាងដូចម្តេច? អានបន្តរ

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យប្រពៃណីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗ រូបតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ពិធីបុណ្យចូលឆ្នាំខ្មែរតែងតែប្រព្រឹត្ដទៅរយៈពេល ៣ ថ្ងៃ គឺក្នុងពាក់ កណ្តាល ខែមេសា ដែលជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ដោយសម័យបច្ចុប្បន្ន មានភាពជឿនលឿន នៅតាមផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ដើម្បីអោយទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។

យោងតាមសៀវភៅមហាសង្ក្រាន្តដែលរៀបរៀងដោយគណកម្មារស្រាវជ្រាវវិជ្ជាហោរាស្តាស្ត្រនិងប្រពៃណី ទំនៀម ទំលាប់ខ្មែរ នៃគណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ មហាសករាជ ១៩៣៩ ចុល្លាសករាជ ១៣៧៩ គ្រិស្តសករាជ ២០១៧ សង្ក្រាន្តឆ្នាំថ្មី នឹងចូលមកដល់នៅថ្ងៃសុក្រ ៣ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៣ និង ១២នាទី(រំលងអាធ្រាត្រយប់នៃថ្ងៃព្រហស្បត៍ ឈានចូលថ្ងៃសុក្រ) ដោយមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម កិមិរាទេវី នាំអស់ពួកទេពនិករ បវរកញ្ញាទាំងមួយ សែនកោដិហោះទៅកាន់គហុកែវ ឈ្មោះ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែលជាទីប្រតិស្ថានរក្សាទុក ព្រះសិរសាកបិល មហាព្រម្ម តម្កល់នៅលើពានមាស ដើម្បីនាំចេញមកដង្ហែប្រទក្សិណ ជុំវិញភ្នំព្រះសុមេរុរាជជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជា គម្រប់ ៦០នាទី ដែលស្មើនឹង២៤ម៉ោងសកល គឺមួយថ្ងៃមួយយប់ ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ។បន្ទាប់មក ទើប ទេពធីតា កិមិរាទេវី ដឹកនាំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពី បំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ដែលមានភាពត្រជាក់ត្រជុំ ក្សេមក្សាន្តព្រះហឫទ័យ ទើបនាំគ្នាចូលទៅមសទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែល វិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គល ឱ្យជ្រះស្រលះ ចម្រើននូវសុភមង្គល សិរីសួរស្តី ជន្មាយុយឺនយូ តរៀងទៅមុននឹងចុះមកឃុំគ្រងថែរក្សាប្រជានុរាស្ត្រកម្ពុជាជំនួស អោយទេពធីតាចាស់។
ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ទេពធីតា ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ទ្រង់គង់នាចាតុម្មហារាជិកាសួគ៌ ទ្រង់អម្ពរ(ស្លៀក) ពណ៌សេត(ពណ៌ស) , ព្រះកាណ៌(ត្រចៀក) សៀតផ្កាចង្កុលណី ( វារីជាតិពួកផ្កាឈូក , ព្រលិត , លំចង់ ) , អាភរណៈ កែវបុស្ស រាគ័ម, សោយភក្សាហារចេកណាំវ៉ា-ចេកទឹក, ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់ពិណ ហើយទ្រង់ផ្ទំបិទព្រះនេត្រ គង់លើមហិង្សរាជ(ស្តេចក្របី) ជាពាហនៈជំនិះ។
ថ្ងៃសុក្រ ៣ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ មេសា វេលាម៉ោង ៣និង១២នាទី រំលងអាធ្រាត្រជាថ្ងៃចូលឆ្នាំ,ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ មេសា ជាវារៈវ័នបត និងថ្ងៃអាទិត្យ ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ មេសា ជាវារៈឡើងស័ក ដែលគម្រប់បីថ្ងៃនេះ សរុបចូលជាមហាសង្ក្រាន្តឆ្នាំថ្មី និង ឆ្លងចូលមហាសករាជ និង ចុល្លសករាជថ្មី ឯព្រះពុទ្ធសករាជរាប់ចាប់ពីថ្ងៃ ០១រោច ខែពិសាខ តទៅ ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរជាទូទៅបែងចែកទំនៀមនិងការអនុវត្តខុសៗគ្នា ទោតាមថ្ងៃនីមួយៗ តែក៏មានការប្រែប្រួលទៅ តាមការវិវត្តន៍ថ្មីៗ នាពេលបច្ចុប្បន្ន និងទៅតាមតំបន់ផ្សេងៗគ្នាផងដែរ តែភាគច្រើនគេនាំគ្នាប្រតិបត្តិដូចជា៖

នៅក្នុងថ្ងៃទី ១ បន្ទាប់ពីសែនព្រេននៅផ្ទះរួចហើយ ពលរដ្ឋនិងក្រុមគ្រួសារខ្មែរនាំគ្នាយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា។ ហើយភាគច្រើន ទំលាប់ទាំងនេះ នៅតែបន្តធ្វើយ៉ាងខ្ជាប់ខ្ជួននៅតាមទីវត្តអារាមដែលស្ថិតនៅតាមបណ្តាខេត្តនិងទីជនបទ។

បន្ទាប់មកនៅថ្ងៃទី ២ ៖ នៅក្នុងគ្រួសារ កូនចៅនិងក្មួយប្រុសស្រី បាននាំគ្នាជូនសំលៀកបំពាក់ថ្មី នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ សម្រាប់អ្នកមានទ្រព្យធ្រននិងមានលទ្ធភាពនាំគ្នាធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនី ចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានចែកឋានទៅ ។

ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយនិងរាំកំសាន្ដសប្បាយតាមចង្វាក់ប្រពៃណីខ្មែរ រួមទាំងចង្វាក់ផ្សេងៗតាមការនិយម និងនាំគ្នាដើរកំសាន្ដទៅតាមរមណីដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

តាមគណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃនេះ ជនានុជនប្រុសស្រីទាំងឡាយ ត្រូវរៀបចំ គ្រឿងសក្ការបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការី ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ជាចិត្តប្រកបដោយអភិជ្ឈា ព្យាបាទ ឱ្យជ្រះស្រលះ ហើយចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញា និងព្រហ្មវិហធ៌ម គឺមេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យទាន រក្សសីល តាមប្រពៃណីឱ្យបានជាប់ជានិច្ច នោះទេព្តានឹងឱ្យពរសព្ទសាធុការ សិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀងទៅ។

ដោយ៖អោម ចែតច័ន្ទណារ៉ា | CNC Cambodia

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top