អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ពាក្យថា «ប្រយ័ត្នកំពប់ តែអុង»ជាហេតុការប្រវត្តិសាស្ត្រ ដ៏ជូរចត់សម្រាប់ខ្មែរ ដែលមិនអាចបំភ្លេច (វីដេអូ)

ពាក្យថា «ប្រយ័ត្នកំពប់ តែអុង»ជាហេតុការប្រវត្តិសាស្ត្រ ដ៏ជូរចត់សម្រាប់ខ្មែរ ដែលមិនអាចបំភ្លេច (វីដេអូ)

នៅ​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​វៀតណាម ម៉ិ​ញ ម៉ាង (182០-1841) ការ​ត្រួតត្រា​របស់​វៀតណាម​មាន​ភាព​កាច​សាហាវ និង​ឃោរឃៅ​ជាទី​បំផុត​។ ចាប់ពី​សម័យ​នោះ​មក ជនជាតិ​ខ្មែរ​តែងតែ​និយាយ​រំលឹក​រឿង (​កំពប់​តែ​អុង​) ជាប់​ជា​ប្រចាំ​រហូត​មក​ដល់​សព្វថ្ងៃ​។ នៅ​សម័យ​នោះ ពួក​ទាហាន​ព្រះ​ចៅ​អធិរាជ​វៀតណាម​កប់​ខ្មែរ​ដែល​ប្រឆាំង​និង​ពួក​គេ​ទាំង​រស់ ដោយ​ទុក​តែ​ក្បាល​អោយ​ផុត​ពី​ដី​ធ្វើ​ជា​មុម​ចង្ក្រាន​ដាំ​តែ​។

នៅ​ពេល​ដែល​អ្នក​ជាប់​ទោស​នោះ​ខំ​រើ​បម្រាស់​ដោយ​ក្ដៅ​ឈឺផ្សា​ខ្លាំង​ដោយសារ​ដុត​ទាំង​រស់ ពួក​វៀតណាម​ស្រែក​គំរាម​ថា (​ប្រយ័ត្ន​កំពប់​តែ​អុង​)​។ ពាក្យ​តែ​អុង​នេះ​នៅ​ក្នុង​ភាសា​វៀតណាម មាន​ន័យ​ថា តែ​លោក​ធំ​។ ទោះជា​ជនជាតិ​ខ្មែរ​មាន​ឋានៈ វណ្ណៈ​ណា ចាស់​ឬ​ក្មេង មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ គេ​និយាយ​រឿង​នេះ​គ្រប់​ៗ​គ្នា​ដែល​ជា​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់ និង​ខ្លោចផ្សារ​ជាទី​បំផុត​។ ព្រះ​ចៅ ម៉ិ​ញ ម៉ាង បញ្ជា​អោយ​ដូរ​ឈ្មោះ​ខេត្ដ​ខ្មែរ​ទាំងឡាយ ដាក់​ទៅ​ជា​ឈ្មោះ​វៀតណាម​វិញ​។ មាន​ជនជាតិ​វៀតណាម​ម្នាក់​ៗ​នៅ​ត្រួតត្រា​មើល​លើ​អភិបាលខែត្រ​ខ្មែរ​និ​មួយ​ៗ​។

Image result for តែអុង

វៀតណាម​បង្ខំ​អោយ​រដ្ឋបាល​ខ្មែរ​យក​ភាសា​វៀតណាម​មក​ប្រើ​។ពួក​ឧត្ដមសេនីយ៍​វៀតណាម​ធ្វើទុក្ខបុកម្នេញ​ដល់​ព្រះសង្ឃ​ខ្មែរ ព្រោះ​គេ​សង្ស័យ​ថា ព្រះសង្ឃ​ខ្មែរ​នោះ​មានគំនិត​ជាតិនិយម​។ ពួក​គេ​វាយ​បំផ្លាញ​ព្រះពុទ្ធ​បដិមា និង​ចេតិយ​ទាំងឡាយ​ចោល​។ គ្រានោះ​ឧត្ដមសេនីយ៍​វៀតណាម​ឈ្មោះ ទ្រឿ​ង ម៉ិ​ញ​យ៉ាង ដឹកនាំ និង​ត្រួតត្រា​លើ​ប្រទេស​ខ្មែរ​។ ការ​ផ្លាស់​ប្ដូរ​គ្នា​គ្រប់គ្រង​ម្ដង​ពី​សៀម និង​ម្ដង​ពី​វៀតណាម​នេះ មាន​រយៈពេល​ជា​ច្រើន​សតវត្ស​។ ដោយសារ​តែ​មាន​ហេតុការណ៍​ខ្លះ ដោយ​សៀម​ជាប់ដៃ​ធ្វើសង្គ្រាម​យូរអង្វែង​ជាមួយ​ភូមា ហើយ​វៀតណាម​មានការ​រំខាន​ខ្លះ​ៗ​ពី​អ្នក​បះ​បោល​ផ្ទៃក្នុង​របស់​ខ្លួន ទើប​រារាំង​ប្រទេស​ខ្លាំង​ទាំង​ពីរ​នេះ មិន​អាច​លេប​ត្របាក់​ប្រទេស​ខ្មែរ​ទាំងមូល​បាន​…​។

ព្រះបាទ​អង្គអេង (១៧៧៩-១៧៩៦)

ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ស្ដេច​អង្គអេង ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១៧៧៩ ប្រទេស​ខ្មែរ​បាន​ក្លាយជា​អាណាចក្រ​រណប​គេ គឺ​ត្រូវ​រណប​ទាំង​ប្រទេស​សៀម និង​វៀតណាម​ក្នុង​ពេល​តែ​មួយ​។ ស្ដេច អង្គអេង ត្រូវ​បាន​រាជាភិសេក​នៅ​ទីក្រុង​បាងកក​ដែល​ជា​រាជធានី​ថ្មី​របស់​សៀម ដែល​ពេល​នោះ​ត្រូវ​បាន​កងទ័ព​សៀម​លើក​បន្ដុប​អោយ​គ្រងរាជ្យ​។ ព្រះ​អង្គអេង ឡើង​គ្រងរាជ្យ​នៅ​ព្រះ​ជន្ម​៧​វស្សា គឺ​មាន​វ័យក្មេង​ខ្ចី​បំផុត​ដែល​មិន​មានបទពិសោធន៍ ហើយ​មិនដឹង​កិច្ចការ​រាក់​ជ្រៅ ក្នុង​ការ​គ្រប់គ្រង​ព្រះ​នគរ​ឡើយ​។ ព្រះ​អង្គអេង អភិសេក​ឡើង​សោយរាជ្យ​ពេញ​លក្ខណៈ​ក្នុង​ព្រះ​ជន្ម​២២​វស្សា​នៅ​ទីក្រុង​បាងកក​។
នៅ​ពេល​ព្រះ​អង្គអេង​សោយ​ទីវ​ង្គ​ត​នៅ​ឆ្នាំ​១៧៩៦ បុត្រា​របស់​ព្រះ​អង្គ​នៅ​ក្មេង​ៗ​ពេក មិន​អាច​សោយរាជ្យ​បន្ដ​បាន​។ មន្ដ្រី​ខ្មែរ​គឺ ចៅ​ហ្វា ប៉ុក ដែល​ស្និទ្ធ​និង​សៀម​បាន​ទទួល​មើល​ខុស​ត្រូវ​កិច្ចការរដ្ឋ ពី​ឆ្នាំ​១៧៩៦ ដល់​ឆ្នាំ ១៨០៥​។នៅ​ក្នុង​រជ្ជកាល​ស្ដេច​អង្គអេង ទឹកដី​បាត់ដំបង មហានគរ ចុងកាល ធ្លាក់​ទៅ​ក្នុង​អំណាច​សៀម​នៅ​ឆ្នាំ​១៧៩៥ បណ្ដាល​មក​ពី​មន្ដ្រី​ខ្មែរ​ដែល​ស្និទ្ធ​និង​សៀម ចង់​បំពេញចិត្ដ​ចៅហ្វាយ​សៀម បាន​ញុះញង់​ស្ដេច​សៀម​អោយ​ទារ​សគុណ​ក្នុង​ការ​ចិញ្ចឹម​ព្រះ​អង្គអេង​។

ស្ដេច​អង្គ​ច័ន្ទ​ទី​២ (១៨០៦-១៨០៤)

៥០​ឆ្នាំ​ក្រោយមក ស្ដេច​អង្គ​ច័ន្ទ​ទី​២ បាន​ស្នើ​សុំ​អោយ​វៀតណាម​ជួយ​បង្ក្រាប​កំលាំង​បះបោរ​ដែល​បង្ក​ឡើង​ដោយ​បងប្អូន​ប្រុស​ទាំង​ពីរ​របស់​ព្រះ​អង្គ​ដែល​បាន​រៀបចំ​ផែនការ​ដណ្ដើម​រាជបល្ល័ង្ក​។ នៅ​ពេល​ដែល​អង្គចន្ទ​សោយ​ទីវ​ង្គ​ត​ដោយ​អាថ៌​កំបាំង​ទៅ ពួក​វៀតណាម​បាន​លើក​បន្ដុប​មហាក្សត្រ​មួយ​អង្គ​ដែល​គ្មាន​អំណាច​អោយ​ឡើង​សោយរាជ្យ ហើយ​បាន​ត្រួតត្រា​ប្រទេស​ខ្មែរ​។នៅ​រជ្ជកាល​ព្រះ​អង្គ​ច័ន្ទ​ទី​២ ខ្មែរ​ត្រូវ​លើក​សួយ​សារ​អាការ​ទៅ​ថ្វាយ​ស្ដេច​សៀម​ផង និង​ស្ដេច​វៀតណាម​ផង​។
សួយសារអាករ​ដែល​បញ្ជូន​ទៅ​វៀតណាម រួម​មាន​ ដំរី​ឈ្មោល​កំពស់​៥​ហត្ថ កុយរមាស​ពីរ ភ្លុក​ដំរី​បី​គូរ ក្រ​វ៉ា​ញ ក្រ​មួ​ញ​ម្រ័ក្សណ៍​…​។ ក្នុង​រជ្ជកាល​នេះ​ដែរ វៀតណាម​បាន​កេណ្ឌ​ខ្មែរ​អោយ​ជីក​ព្រែក​វិញ​តេ ប្រវែង​៥៣​គម និង​ព្រែក​វិញ​អាន ប្រវែង​១៤​គម នៅ​កម្ពុជា​ក្រោម​។

ព្រះបាទ​អង្គឌួង (១៨៤០-១៨៥៩)

នៅ​ឆ្នាំ​១៨៤៩ ប្រជាជន​ខ្មែរ​បះបោរ​ប្រឆាំង​និង​ឧត្ដមសេនីយ៍ និង​មន្ដ្រី​វៀតណាម​ដែល​ប្រមាថ​មើល​វាយ​ខ្មែរ​ហួសហេតុ​នេះ​។ ប្រទេស​សៀម​បញ្ជូន​កងទ័ព​មក​ជួយ​ខ្មែរ តែ​គ្មាន​កងទ័ព​ណា​ទទួល​ជ័យ​ជំនះ​ពិត​ប្រក​ដ​ទេ​។ ដូចនេះ​នៅ​ពេល​នោះ ព្រះ​ចៅ​ប្រទេស​សៀម និង​ព្រះ​ចៅ​ប្រទេស​វៀតណាម មូលមតិ​គ្នា​អភិសេក​ព្រះបាទ​អង្គឌួង ធ្វើ​ជា​ព្រះមហាក្សត្រ​ខ្មែរ​។

តាម​កិច្ចព្រមព្រៀង​រវាង​សៀម និង​វៀតណាម​នោះ ប្រទេស​ទាំង​ពីរ​ត្រួតត្រា​លើ​ប្រទេស​ខ្មែរ និង​បញ្ជាក់​ថា​ទឹកដី​ដែល​ប្រទេស​ទាំង​ពីរ​លេប​យក​បាន​ក្នុង​រវាង​៥០​ឆ្នាំ​មុន​នេះ ជា​កម្ម​សិទ្ធ​របស់​គេ​រៀង​ៗ​ខ្លួន​។ នៅ​ឆ្នាំ​១៨៤៨ ស្ដេច​អង្គឌួង​បាន​វិល​ត្រលប់​មក​ពី​ការ​និរទ្ទេស​នៅ​ក្រុង​បាងកក ដោយ​មានការ​ជួយ​ពី​កងទ័ព​សៀម បាន​រឹបអូស​យក​រាជបល្ល័ង្ក ហើយ​បាន​ស្ដារ​ភាព​មិន​សុខ​ស្រួល​របស់​កម្ពុជា​ឡើង​វិញ ដោយ​ត្រូវ​ផ្ដល់​ភក្ដីភាព​ចំពោះ​ប្រទេស​ជិតខាង​ដ៏​ខ្លាំង​ទាំង​ពីរ​របស់​ខ្លួន​បន្ដ​ទៀត​…​។

សៀម​បាន​ផ្ញើ​លិខិត​សុំ​អោយ​មានការ​ទទួលស្គាល​ថា ខេត្ដ​ម្លូរ​ព្រៃ និង​ទន្លេ​ពៅ ជា​របស់​សៀម​។ ព្រះ​អង្គឌួង​ទ្រង់​ព្រះ​លិខិត​តប​វិញ​ថា *​ខ្ញុំ​មិន​អោយ​អ្វី​ទាំងអស់​ទៅ​ប្រទេស​សៀម​ឡើយ តែ​ដោយសារ​ពេល​នេះ​សៀម​មានកំ​លាំង​ខ្លាំងក្លា​ជាង សៀម​អាច​បន្ដកាន់កាប់​ជា​បណ្ដោះអាសន្ន​នូវ​អ្វី​ៗ​ដែល​ខ្លួន​បាន​រឹបអូស​យក​ពី​កម្ពុជា​*​។
គួរ​គប្បី​ជ្រាប​ថា នៅ​ពេល​ឡើង​សោយរាជ្យ ព្រះ​អង្គឌួង ទ្រង់​តូច​ព្រះ​ទ័យ​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់បង់​ទឹកដី​ជា​ច្រើន​ដែល​ត្រូវ​វៀតណាម និង​សៀម​យក​ដោយ​ខុសច្បាប់​។ នៅ​ឆ្នាំ​១៨៥៤ ដោយ​អត់ទ្រាំ​ពុំ​បាន​និង​អំពើ​រំលោភ​ទន្ទ្រាន​យក​ទឹកដី​ពី​សំណាក់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ក្រោម ព្រះ​អង្គឌួង​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា ត្រូវ​តែ​សុំ​ជំនួយ និង​ការ​ការពារ​ពី​មហាអំណាច​អឺរ៉ុប​ណាមួយ​។

ព្រះ​អង្គ​ក៏​បាន​បញ្ជូន​សារ​លិ​ខិតជា​សម្ងាត់​ទៅ​ថ្វាយ​ព្រះ​ចៅ ណា​ប៉ូ​ឡេ​អុង​ទី​៣ នៃ​ប្រទេស​បារាំង អោយ​ជួយ​ប្រទេស​ព្រះ​អង្គ ដោយ​នាំ​យក​សួយសារអាករ​ទៅ​ជាមួយ​ផង គឺ​មាន​កុយរមាស​បួន ជ័រ​រង្គ​៣០០​គ​.​ក្រ ស្ករអំពៅ​៣០០​គ​.​ក្រ និង​ម្រេច​៣០០​គ​.​ក្រ ។ តែ​កិច្ចការ​នេះ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ដោយសារ​ប្រទេស​បារាំង​ពុំ​មាន​ឆ្លើយ​តប​អ្វី​សោះឡើយ​។

ស្រង់ចេញពី Learn4khmer

ដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្ររបស់លោក នួន សុធិមន្ត

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top