អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > រត់តាក់ស៊ី ទិញចំឡានធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ខ្មោចម្ចាស់ឡានលងស្ទើរតែជ្រុះសក់

រត់តាក់ស៊ី ទិញចំឡានធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ខ្មោចម្ចាស់ឡានលងស្ទើរតែជ្រុះសក់

អ្នកបើកឡានតាក់ស៊ីក្រចេះ-ភ្នំពេញម្នាក់ ត្រូវបានយុវជនម្នាក់បានម៉ៅឡានរបស់គាត់ ចំនួន ៣០០ ដុល្លា ដោយចាប់ចេញដំណើរពីខេត្តក្រចេះនៅម៉ោង ៩កន្លះ យប់។ ពេលចាប់ចេញដំណើរ តៃកុងឡានបានចាក់ចម្រៀងសង់ទីម៉ង់សម័យថ្មី ស្តាប់កំដរអារម្មណ៍។ យុវជននោះមិននិយាយស្តីអ្វីទាំងអស់ គេអង្គុយធ្មឹងនៅបាំងក្រោយ។ នៅម៉ោងប្រម៉ាណ ១១ យប់ ចម្រៀងក៏បានចប់ តៃកុងឡានក៏ចាក់បទចម្រៀងមនោសញ្ចេតនារបស់ លោកតា ស៊ិន ស៊ីមុត ម្តង។ ស្រាប់តែយុវជននោះក៏និយាយទៅកាន់តៃកុងក្នុងសម្លេងរអូររបៀបដូចខ្លាចគេលឺ

«បង! បងឯងកុំចាក់ចម្រៀងពីដើមអី សង្សាខ្ញុំគេមិនចូលចិត្តទេ»

ដោយតៃកុងគាត់ចូលចិត្តស្តាប់បទលោកតា ស៊ិន ស៊ីមុត ផង គាត់ក៏ ទទូចថា៖

«មិនអីទេប្អូន ព្រោះសង្សាប្អូនឯងមានមកជាមួយឯណា ទោះជាចាក់បទអីក៏គេមិនស្តាប់លឺដែរ»

«កោតតែបងឯងនិយាយអញ្ចឹងទៅរួច? គេនៅអង្គុយជិតខ្ញុំនឹងតើ បងឯងមើលមិនឃើញទេអី?»

លឺអញ្ចឹង អ្នកបើកតាក់ស៊ីឆ្ងល់ណាស់ កាលឡើងឡានមានតែម្នាក់តើ គាត់ក៏សម្លឹងមើលតាមកញ្ចក់ដំបូលសម្រាប់ឆ្លុះមើលក្រោយ អត់មានឃើញមនុស្សស្រីឯណាអង្គុយជិតយុវជននោះផង គាត់ព្រឺក្បាលខ្ញាក គាត់គិតក្នុងចិត្តថា «អូ! ដល់កហើយអញ អញថាមិនចង់ម៉ោដែរ តែវាម៉ៅដល់តែ ៣០០ ដុល្លា ឲ្យលុយមុនទៀត ហើយវាអង្វរថា វាមានការបន្ទាន់ណាស់ ដោយបងប្រុសសង្សាវាគ្រោះថ្នាក់ ចូលពេទ្យមិនដឹងស្លាប់ឬរស់ទេ ឯងក៏មិនបានសួរវាថា សង្សាវានៅឯណាទៀត មានអីឥឡូវសង្សាវានៅក្នុងឡានអញ គិតបោកអានឹងឲ្យវាចុះពីឡានសិន ឲ្យតែហ្អែងចុះពីឡានដឹងតែបើករត់ចោលហ្អែងម៉ង?» គិតហើយគាត់ក៏សួរបុរសនោះថា៖

«ប្អូន! ប្អូនឯងមានឈឺបត់ជើងអីទេ?»

«អត់ទេបង ទៅមុខរហូតទៅ ព្រោះខ្ញុំប្រញាប់ផង»

ប្រហែលកន្លះម៉ោងក្រោយ តៃកុងក៏គិតឃើញល្បិចថ្មី៖

«ប្អូន! ប្អូនឯងចេះបើកឡានទេ? បើចេះបើក ប្អូនឯងបើកម្តងទៅ បងងងុយគេងណាស់ បើកទៅមុខទៀតខ្លាចគ្រោះថ្នាក់» គាត់គិតថា បើវាព្រម គាត់នឹងឈប់ឡាន តែគាត់មិនទាន់ចុះពីដៃចង្កូតភ្លាមទេ ឲ្យតែវាចុះភ្លាម គាត់នឹងបើកទៅចោលវាភ្លាម ព្រោះគាត់កាន់តែព្រឺក្បាលខ្លាំងឡើង ខ្លាំងឡើងហើយ។

«ខ្ញុំចេះបើកតើបង តែខ្ញុំកំរើកមិនបានទេ ព្រោះសង្សាខ្ញុំគេងលក់លើភ្លៅហើយ ខ្ញុំខ្លាចនាងភ្ញាក់ បើ់បងងងុយគេង បងអែបឡានគេងមួយភ្លែតទៅចុះ»

«ក្រែងប្អូនឯងប្រញាប់នោះអី បើនាងភ្ញាក់ក៏ភ្ញាក់ទៅ ហើយចាំឲ្យគេគេងវិញទៅ ព្រោះយើងត្រូវធ្វើដំនើរច្រើនម៉ោងទៀតបានដល់» តៃកុងឡានទទូចអង្វរ។ បុរសនោះ គេក៏តបមកវិញថា

«បង បងឯងកុំមាត់មើល តិចនាងភ្ញាក់ទៅ ខ្ញុំមិនបើកឡានឲ្យបងឯងទេ កុំនិយាយច្រើនពេក»

តៃកុងឡានអស់តំរិះហើយ ព្រឺខ្លួនខ្ញាកៗ ម្យ៉ាងក្នុងឡានងងិតទៀត មួយសន្ទុះក្រោយមក គាត់ក៏សម្រេចចិត្តបើកភ្លើង ឲ្យភ្លឺក្នុងឡាន ចង់ដឹងមើល ក្រែងមកពីងងឹតពេកទើបគាត់មើលសង្សានោះមិនឃើញក៏មិនដឹង សង្សាគេនោះប្រាកដជាមនុស្សទេ មកពីពេលគេឡើងឡានគាត់មិនបានដឹងក៏ថាបាន។ ពេលបើកភ្លើងភ្លាម គាត់មើលតាមកញ្ចក់ដំបូលសម្រាប់ឆ្លុះមើលក្រោយ ពុទ្ធោនៅបាំងក្រោយទទេរស្អាត មនុស្សម្នាក់ក៏គ្មាន គាត់ជាន់ហ្វ្រាំងឡើងអូសកង់ប្រហែល ៥ ម៉ែត្រ ឡើងវេឡានសឺងតែទទឹងថ្នល់ដើម្បីឈប់ ពេលឡានអស់ល្បឿនតៃកុងអើតមើលបាំងក្រោយយ៉ាងតក់ក្រហល់ «គ្មានមនុស្សសោះ គ្មានមនុស្សសោះ ម៉ែអ៊ើយ! ម៉ែ!» គាត់លាន់មាត់។ ស្រាប់មានសម្លេងមួយស្រែកដាក់គាត់ «បបបបបង! បងឯង……….ឈឈឈឈប់ធ្វើអី……………..ហ្អាស់……» គាត់មានអាការៈញ័រហាក់ដូចជាព្រលឹងហោះចេញស៊ីព្រលឹតបាត់ហើយ ព្រោះយុវជននោះស្រាប់តែកំពុងអង្គុយនៅបាំងមុខ ស្មើនឹងគាត់ទៅវិញ គេងាកមករកគាត់ សើចចំអកដាក់គាត់ ហើយវាពោលថា «ខ្ញុំនឹងសង្សាខ្ញុំ ប្រញាប់ណាស់ ទៅឲ្យលឿនឡើង កុំមើលទៅក្រោយ សង្សាខ្ញុំកំពុងដេក»។ តៃកុងឡានជាន់ Gear ទៅមុខទាំងញ័រខ្លួនទទ្រើក «ងាប់ហើយអញ អស់អាយ៉ូសពេលនេះហើយអញ ម៉ែអ៊ើយម៉ែ ជួយកូនផង ឲ្យតែដល់ការាស់សាំង ប្រធាតុ អញដឹងតែឈប់ឡាន រត់ហៅគេជួយហើយ» គាត់បានគិតក្នុងចិត្ត។ តៃកុងឡានអណាស់ ព្រោះបានមកដល់ ការាស់ប្រធាតុហើយ បែជាគាត់រឹតតែភ័យជាងមុនទៀត ព្រោះបន្ថយgear ក៏មិនបាន ជាន់ហ្វ្រាំងក៏មិនឈប់។ យុវជនអង្គុយនៅបាំងមុខជាមួយគាត់និយាយថា៖

«បង បង បងឯងកាច់ចង្កូតឲ្យស្រួល ប្រយ័ត្នងាប់ដូចពួកខ្ញុំ»

តៃកុងឡានគ្រាន់តែលឺពាក្យនេះ ខ្លួនគាត់ដូចជាគ្មានលំនឹងនៅលើរថយន្តទេ ដូចជាហោះអណ្តែតនៅក្នុងឡានទៅហើយ តែគាត់ខំកាន់ចង្កូតឡានដែលមានល្បឿន ១០០ គីឡូមែត្រក្នុងមួយម៉ោងយ៉ាងប្រុងប្រយ័ត្ន គាត់ខំបន្ថយgear យ៉ាងម៉េចក៏ឡានមិនថយល្បឿនដែរ។ យុវជននោះក៏និយាយទៀតថា

«បងឯងដឹងអត់ ឡានបងឯងនឹង ពីមុនជាឡានខ្ញុំទេ ខ្ញុំនិងសង្សាខ្ញុំបានទៅលេងនៅក្រុងព្រះស៊ីហនុ ទម្លាប់ខ្ញុំបើកឡានគឺមិនបានខ្សែរក្រវ៉ាត់ទេ រីឯពោងវា ខ្ញុំស៊ីគ្រឿងលក់ឲ្យការាស់អស់ហើយ មានអីពេលបើកងងុយដេកងោកទៅបុកគល់ឈឺងាប់ទាំងពីរនាក់ទៅ ហាស់ ហាស់ ហាស់ បងឯងទិញចំឡានខ្មោច ហាស់ ហាស់ ហាស់។»

វាសើចអីសើចទៅ និយាយអីនិយាយទៅ តៃកុងឡានលែងមានសតិគ្រប់គ្រាន់នឹងតវ៉ាជាមួយវាហើយ មុខគាត់ ក្បាលគាត់ស្ពឹក រីកធំ ប៉ុនៗល្អី ទន្ទេញតែពាក្យថា «ម៉ែអ៊ើយ ជួយកូនផង ម៉ែអ៊ើយ ជួយកូនផង ម៉ែអ៊ើយ ជួយកូនផង កូនឈប់រកស៊ីរត់តាក់ស៊ីទៀតហើយ កូនស្បថ កូនសូមស្បថ។» រំពេចនោះវាក៏ឃាត់គាត់ថា

«ឈប់សិនបង ឈប់សិន បងជួយសណ្តោងឡាន បងប្រុសសង្សាខ្ញុំផង នៅទីនោះណ៎ គាត់បុកគ្នានៅនឹងពីម្សិលម៉ិញ គ្មានអ្នកសណ្តោងសោះវើយ ១ថ្ងៃហើយ»

ឡានតាក់ស៊ីនេះក៏ឈប់ តែ តៃកុងឡានមិនដឹងថាឡាននេះឈប់បែបម៉េចទេ ព្រោះគាត់បាត់បង់ស្មារតីអស់ហើយ ហើយគាត់ក៏បានទាញខ្សែរដែលនៅគូថក្រោយទៅចងឡានដែលវាបញ្ជាឲ្យសណ្តោង ទាំងមិនដឹងខ្លួនថាគាត់ចងឡាននោះយ៉ាងម៉េចផង។ គាត់ចូលបើកឡានតទៅទៀតទាំងវង្វេងវង្វាន់ តែសំណាងដែរ គ្មានគ្រោះថ្នាក់ទេ។ ពេលឡានមកដល់វត្ត ជិតសាលាព្រែកលាប ប៉ូលីសចរាចរក៏ស្ទាក់ឡានគាត់ឲ្យឈប់ គាត់ដូចជាមានស្មារតីបន្តិចវិញហើយ ហើយគាត់ត្រេកអណាស់ពេលបានជួបប៉ូលីស ដូចបានជួបម្តាយគាត់អញ្ចឹង គាត់អាចជាន់ហ្វ្រាំងឡានឈប់បាន ឡានគាត់មិនគាំងដូចកាលនៅប្រធាតុទេ។ ប៉ូលីសក៏ សួរគាត់ថា៖

«ចុះបងឯងចងគល់ឈើអូសតាមថ្នល់ធ្វើអី? លាន់ក្តូងក្តាំង ឡើងផ្អើលគេផ្អើលឯង

«អត់ទេ លោកប៉ូលីស ខ្ញុំសណ្តោងឡានទេតើ អាពីរនាក់ប្រុសស្រីជាសង្សានឹងគ្នាម៉ៅឡានខ្ញុំជិះ ពួកវាឲ្យខ្ញុំសណ្តោង វាថាឡានបងវាបុកគ្នា គ្មានអ្នកណាសណ្តោងមកទេ»

«កុំនិយាយឲ្យខ្ញុំព្រឺសម្បុរគីងគក់ណា» (ប៉ូលីសចង់ខ្លាចដែរ ព្រោះទើបតែម៉ោង ៣ ជាងប៉ុណ្ណោះ) «មានអាពីរនាក់ឯណា? ឡានបងឯងទទេនឹង បើកភ្លើងក្នុងឡានច្បាស់ចែស បើមានមនុស្សខ្ញុំមើលឃើញហើយ»។ និយាយដល់ត្រឹមណេះ ប៉ូលីសចរាចរក្មេងៗ ពីរនាក់នៅជាមួយលោកនាយករបស់គេ ស្តាប់លឺអញ្ចឹង បញ្ឆេះម៉ូតូ រួចហើយប្រាប់មេប៉ូលីសនោះថា «មេអ៊ើយមេ មេឯងនៅនឹងទៀត នៅទៅ ខ្ញុំទៅផ្ទះវិញហើយ» ថាហើយពួកគេជិះម៉ូតូចេញបាត់យ៉ាងលឿន។ ម៉េប៉ូលីសនោះស្រែកចង់ភ្លាត់សម្លេងឃាត់ពួកគេ «អាប៉ាកាច់ ហ្អែងរត់ចោលអញ អាលំបល់យក៏ ម៉ោវិញ ម៉ោវិញ» ម៉េប៉ូលីសនោះ មេប៉ូលីសឃាត់កូនចៅមិនបាន ក៏ប្រាប់តៃកុងឡានវិញ៖

«ណ្ហើយ បងឯងចង់សណ្តោងអី សណ្តោងទៅ ខ្ញុំខ្ជិលខ្វល់ ខ្ជិលយាមអីណាស់ ទៅផ្ទះដែរហើយ យី! ពួកអានេះវើយ រត់ចោលអញប្រុយៗ ម៉ង»

តៃកុងឡានពេលនេះទើបគាត់មើលឃើញថា អ្វីដែលគាត់សណ្តោងនោះគឺជាគល់ឈើមែន ហើយក្នុងឡានក៏គ្មានមនុស្សដែរ គាត់ក៏បានអង្វរប៉ូលីកុំឲ្យរត់ចោលគាត់ «បងអ៊ើយកុំទៅចោលខ្ញុំអី នៅនឹងហើយបានពីរនាក់ ជួយស្រាយគល់ឈើខ្ញុំផង ខ្ញុំឲ្យបងឯង ១០០ ដុលា្ល ព្រោះអាពីរនាក់នោះវាម៉ៅឡានខ្ញុំ ដល់ទៅ ៣០០ ដុល្លាឯណោះ អាណិតខ្ញុំផងណាបងណា» ប៉ូលីសលឺថា ១០០ ដុល្លា បាត់ខ្លាច ក៏ ពោលថា៖

«អញ្ចឹង ឲ្យម៉ោ»

តែកុងឡានបានហូតកាបូបចេញមកដកក្រដាស់ ១០០ ដុល្លាឲ្យទៅ ប៉ូលីស ប៉ូលីសក៏យកលុយនោះទៅបញ្ចាំងមើលនឹងភ្លើងឡាន «ពុទ្ធោលុយខ្មោចនឹង ចង្រៃយក៏ សយអីសយយ៉ាងនេះ កុំភ័យបងខ្ញុំមិនទទៅចោលបងឯងទេ តោះស្រាយគល់ឈើនោះចេញទៅ ហើយបើកទៅមុខទៅ ទៅចូលក្រុង កុំបើកលឿនពេក ផ្ទះខ្ញុំក៏នៅក្នងុក្រុងភ្នំពេញដែរ ខ្ញុំជិះម៉ូតូតាមពីក្រោយ»។

តៃកុងឡានក៏បានចូលបើកឡាន គាត់បានបើកឡាននោះមកដល់បេនឡានសូរិយា។ លុះភ្លឺឡើងគាត់យកលុយនោះចេញមកមើល គឺជាលុយគេសែនខ្មោចសោះ គាត់ក៏លក់ឡាននោះចោលទៅ ហើយក៏ឈប់រកស៊ីបើកឡានតាក់ស៊ីចាប់ពីពេលនោះមក៕

ប្រភព៖ Facebook User (Bong Zero)

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top