អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > លោកយាយម្នាក់អាយុប្រហែលជា៦០ប្លាយ ដួលសន្លប់នៅក្នុងផ្សារស៊ីឡិប

លោកយាយម្នាក់អាយុប្រហែលជា៦០ប្លាយ ដួលសន្លប់នៅក្នុងផ្សារស៊ីឡិប

ថ្ងៃនេះខ្ញុំបានឃើញអ៊ំស្រីម្នាក់មានអាយុប្រហែលជា៦០ប្លាយហើយ បានដួលសន្លប់នៅក្នុងផ្សារស៊ីឡិប នៅខណៈពេលដែលខ្ញុំទៅរកអីហូបនៅក្នុងផ្សារ។ ក្រោយពេលពួកខ្ញុំ និងប្រជាពលរដ្ឋនៅក្នុងផ្សារបានជួយធ្វើចលនាដង្ហើម និងឲ្យគាត់ហិតប្រេងខ្យល់ គាត់ក៏បានបើកភ្នែក ហើយដឹងខ្លួនមកវិញ។ ដំបូងខ្ញុំបានសាកសួរព័ត៏មានគាត់ខ្លះៗដែរ ថាគាត់មកពីណា ទៅណា ហើយមកជាមួយអ្នកណា ដោយសារអី? តែគាត់និយាយមិនចេញ។ ពួកយើងអាចដឹងបានថាគាត់មកពីពេទ្យ ព្រោះអីឃើញដៃរបស់គាត់មានជាប់បង់បិទសេរ៉ូម។

ខ្ញុំបានសាកសួរគាត់ខ្លះៗ នៅពេលដែលគាត់អាចនិយាយចេញបានតិចៗ។ គាត់ប្រាប់ថា គាត់ទើបតែលួចចេញមកពីមន្ទីរពេទ្យរុស្សី បន្ទាប់ពីការសម្រាកព្យាបាលអស់រយៈពេល១២ថ្ងៃនៅទីនោះ។ គាត់បានបន្តថា គាត់សម្រេចចិត្តចាកចេញពីមន្ទីរពេទ្យ គឺដោយសារតែគ្មានលុយធ្វើលិខិតសេវាព្យាបាល ព្រោះគ្រូពេទ្យទាមទារឲ្យគាត់ធ្វើ។ គាត់បានប្រាប់ទៀតថា គាត់ជាអ្នកស៊ីឈ្នួលលាងចានឲ្យគេនៅម្ដុំពេទ្យលោកសង្ឃ ហើយពេលដែលគាត់ឈឺ ម្ចាស់ផ្ទះក៏បានយកគាត់ទៅដាក់នៅមន្ទីរពេទ្យ។ គាត់ថារយៈពេលប៉ុន្មានថ្ងៃមកនេះ គឺគាត់បានទទួលបាយពីខាងមន្ទីរពេទ្យដើម្បីបរិភោគ ។ តែពីរថ្ងៃចុងក្រោយនេះ គឺគាត់ពុំបានទទួលទានបាយទឹកទាល់តែសោះ។ ខ្ញុំស្រណោះគាត់ខ្លាំង ព្រោះគាត់ថាគាត់ខំដើរតាំងពីមន្ទីរពេទ្យរុស្សីមកទាំងអស់កម្លាំង និងស្រេកទឹកយ៉ាងខ្លាំង។

Image may contain: one or more people and people sitting

គាត់បានប្រាប់ថា គាត់ឈ្មោះ នី មានស្រុកកំណើតនៅទួលតាឯក ខេត្តបាត់ដំបង។ គាត់បានចាកចេញពីស្រុកកំណើតមកយូរហើយៗគាត់ក៏គ្មានកូនចៅដែរ គឺមុនពេលចាកចេញពីបាត់ដំបងមករស់នៅស៊ីឈ្នួលគេនៅភ្នំពេញ គឺគាត់ស្នាក់នៅជាមួយក្មួយគាត់។ ឥឡូវនេះគាត់មិនអាចខលទាក់ទងទៅម្ចាស់ផ្ទះដែលគាត់ស្នាក់នៅជាមួយនោះបានទេ ព្រោះគាត់ថាគេបានប្រាប់គាត់ថា មិនឲ្យគាត់ទាក់ទងទៅគេទៀតទេ ហើយគេក៏បានបិទទូរស័ព្ទមិនអាចខលចូលបានទៀត។ សម្រាប់ខ្ញុំគ្មានអ្វីដើម្បីជួយគាត់ឲ្យច្រើនជាងនេះទេ។ ខ្ញុំបានទិញបាយ ម្ហូប ទឹកសុទ្ធ និងទឹកដោះគោសម្រាប់ឲ្យគាត់ទទួលទានដើម្បីមានកម្លាំង ហើយខ្ញុំក៏បានជូនលុយគាត់១ម៉ឺនរៀល ដើម្បីឲ្យគាត់ទុកទិញអីពិសាពេលគាត់ឃ្លាន។ មើលទៅគាត់គួរឲ្យអាសូរណាស់ គាត់ស្រេកទឹកយ៉ាងខ្លាំង។ គាត់ចាប់ដៃខ្ញុំពេលខ្ញុំបកទឹកឲ្យគាត់ពិសាដោយដៃញ័រគួរឲ្យសង្វេគបំផុត។

ខ្ញុំគ្រាន់តែសង្ឃឹមថា គាត់នឹងត្រឡប់ទៅដល់ផ្ទះគាត់ដោយសុវត្ថិភាពផងចុះ។ ប្រសិនបើមានអ្នកណាបានជួបគាត់ សូមជូនបាយគាត់ពិសារខ្លះផង ម្ដាយគេម្ដាយយើង សាច់ញាតិគេ សាច់ញាតិយើង ម្ដងគេម្ដងយើងទេ សូមជួយយកអសារគាត់ផង៕

អត្ថបទ៖ កូន ចាបមាស

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top