អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > គ្រឿងរណ្ដាប់ដែលគួររៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

គ្រឿងរណ្ដាប់ដែលគួររៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះនឹងធ្វើឡើងចាប់ពីថ្ងៃសុក្រ ទី១៤ ដល់ថ្ងៃអាទិត្យ ទី១៦ ខែមេសា។​ ទេវតា​ឆ្នាំថ្មី​ដែល​ត្រូវ​បន្តវេន​ថែ​រក្សា​លោក​ក្នុង​រយៈពេល​មួយ​ឆ្នាំបន្ត​ទៀត ​គឺនឹង​យាង​​ចុះមក​ដល់​នៅ​វេលា​ម៉ោង៣និង១២នាទី​ទៀប​ភ្លឺ​ នាថ្ងៃទី១៤ ខែមេសា។ តាមទំនៀម​ ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​តែ​រៀប​ចំ​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំថ្មី​ ដើម្បី​ទទួល​នូវ​សិរីសួស្តី​ក្នុងឆ្នាំ​ថ្មី​ ហើយការ​រៀប​ចំ​រណ្តាប់​ទទួល​ទេវតា​មិនមែន​ចេះ​តែ​រៀប​ចំធ្វើ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ​ពោល​គឺ​មាន​ក្បួន​មាន​ខ្នាត​ច្បាស់​លាស់​ទៅ​តាម​លម្អាន​នៃ​តម្រា​មហាសង្ក្រាន្ត​ខ្មែរ​ដែល​បាន​កត់​ចំណាំទុក។​

តើប្រជាពលរដ្ឋខ្មែរត្រូវរៀបចំគ្រឿងរណ្តាប់អ្វីខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា ឱ្យត្រូវតាមក្បួនតម្រាប្រពៃណីខ្មែរឆ្នាំនេះ?

បើតាមក្បួនហោរនៅក្នុងសៀវភៅមហាសង្ក្រាន្តបានជម្រាបថា ពិធីឆ្លងសង្ក្រាន្ត ឬការឆ្លងឆ្នាំវកអដ្ឋស័ក ចូលឆ្នាំរកា នព្វស័ក ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ​ ៣រោច ខែចែត្រ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ២០១៧ នាវេលាម៉ោង៣និង១២នាទី ​ទៀប​ភ្លឺ។​​ តាម​ទំនាយ​តម្រា​ស្តីពី​ឈ្មោះទេព​ធីតា​មហាសង្រ្កាន្ត ​ដោយ​ហេតុ​តែ​វេលា​សង្រ្កាន្ត​ឆ្នាំ​ថ្មីត្រូវនឹងថ្ងៃសុក្រ ​ទេពធីតា​ដែល​នឹង​យាង​មក​បន្ត​វេន​ក្នុង​ឆ្នាំ​ថ្មី​មាន​ព្រះ​នាម​ថា ​កិមិរាទេវី ​ជាបុត្រី​ទី៦​របស់​កបិល​មហាព្រហ្ម​ គង់​ផ្ទុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​មហឹង្សា ​(ក្របី) ​ដោយ​ព្រះហស្ត​ស្ដាំ​កាន់​ព្រះខ័ន ​និង​ព្រះ​ហស្ត​ឆ្វេង​កាន់​ពិណ។​

 

យោង​តាម​ក្បួន​មហាសង្រ្កាន្តថ្មីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ ​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ​រៀប​ចំបុណ្យជា​តិ ​អន្តរជាតិ ​និង​ជា​គណៈកម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​បាន​បង្ហាញ​អំពី​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកានេះ ​គឺត្រូវ​រៀប​រាន​ទទួល​ទេវតា​ដោយ​ក្រាល​សំពត់​ស​នៅ​មុខផ្ទះមួយសម្រាប់ ​​ហើយតាំង​គ្រឿង​ពលិការ​ផ្សេងៗ​ស​ម្រាប់​បូជា​ទេវតា​ឆ្នាំ​នេះ។​ គ្រឿង​សក្ការៈ​ទាំង​នោះ​រួម​មានបា​យ​សី​៩ថ្នាក់មួយគូ, បាយសី៧ថ្នាក់មួយគូ, បាយសី​៥ថ្នាក់​មួយគូ,​ បាយសី​៣ថ្នាក់​មួយគូ,​ បាយសី​ប៉ាឆាម​មួយគូ, ​ស្លាធម៌មួយគូ​, ទឹកអប់​មួយគូ,​ ទៀន៥, ធូន៥, លាជ៥, ផ្កា៥លើជើងពានមួយគូ, ​ចេកណាំវ៉ា​ដាក់​លើ​ជើង​ពាន​មួយគូ​, ​ផ្លែឈើ១១​មុខ​ដាក់​លើ​ជើង​ពាន១១គូ, ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។

​ទោះជាយ៉ាងណា អ្នកជំនាញខាងហោរាស្រាវជ្រាវវិជ្ជាមហាសង្រ្កាន្ត ប្រពៃណី ទំនៀមទម្លាប់ខ្មែរ បាន​បញ្ជាក់​ថា ​ការរៀបចំ​ខាង​លើ​នេះ​ទើប​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ តែ​ត្រូវ​ចំណាយ​ច្រើន​ណាស់។ ​ហេតុនេះ សម្រាប់​ប្រជាពល​រដ្ឋ​សាមញ្ញ​អាច​រៀប​ត្រឹម​បាយ​សី​៥ឆ្នាំ​ចុះ​មក​ ឬអាច​រៀប​ត្រឹម​គ្រឿង​សក្ការៈ​បូជា ​ដែល​មាន​ទៀន​៥ ​ធូប៥​ ស្លាធម៌​កូន​ចេក​មួយគូ​ ហើយ​ផ្លែ​ឈើ​អាច​រៀប​ត្រឹម​៣ ​ឬ៥មុខ​ទៅ​តាម​ធន​ធាន​ដែល​ខ្លួន​មាន​ក៏​សម​ល្មម​សម្រាប់​ទទួល​ទេវតា​ឆ្នាំថ្មី​បាន​ដែរ​។​ គ្រប់​តង្វាយ​ទាំង​អស់​ត្រូវ​មាន​ដាក់​ម្លិះភួង​ពីលើ ​ចំណែក​នៅលើ​ជើង​ពាន​និង​បាយសី​ត្រូវ​ដោត​ទៀន​ដុត​បំភ្លឺ។​ នៅវេលា​ជិតដល់​ម៉ោង​ទេវតា​យាង​ចុះ​សមាជិក​ក្រុម​គ្រួសារ​នីមួយៗ​ត្រូវ​មក​ជួបជុំ​គ្នា​នៅ​មុខ​រាន​ទេវតា ​ហើយពេល​ទេវតា​យាង​ចុះ ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ព្រះ ​នមស្ការ​ព្រះ​រតនត្រ័យ និង​សមាទាន​សីល​ដោយ​តាំង​ចិត្ត​ឱ្យ​បាន​ល្អ​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ ​ដោយ​វៀរចាក​រាល់​មន្ទិល​ទាំង​ពួង​ដោយ​តម្កល់​ចិត្ត​រំពឹង​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ រហូតពិធីទទួលទេវ​តា​ចប់​សព្វគ្រប់។​

ការរៀបចំទទួលទេវតាតាមទំនៀបទម្លាប់ពីបុរាណរៀងរហូតមក ត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការ​ផ្សេងៗ។​ ត្រូវ​មាន​រាន​ទេវតា​៧ថ្នាក់ ​ភ្លេងពិណពាទ្យ​១វង់ ក្រាលសំពត់ស ​លើរាន​ទាំង​៧ថ្នាក់ ​បាយសី​ធំ១គូ​ ស្លាធម៌​១គូ ទឹ​កអប់​១គូ ​ទៀន៥​ ធូប៥ ​លាជ៥​ កែវផ្កា​៥ ​ស្លា​បារី​ដាក់​លើ​ជើង​ពាន​១គូ ​ចេក​នួន ​ឬចេក​ណាំវ៉ា១​គូ ​(ស្និតដាក់លើជើងពាន) ពែព្រះ​ភូមិ១គូ ​ពែ​ព្រះកេតុ​១គូ។​ ពែ​ព្រះ​ភូមិ​មាន​លក្ខណៈ​ជា​ជ្រុង៣​រួត​​ មាន​កន្ទោង៥ គឺកន្ទោង​បាយ១ កន្ទោង​ម្ហូប២ និង​កន្ទោង​បង្អែម២។ ​ចំណែក​ឯ​ពែ​ព្រះកេតុ​មាន​លក្ខណៈ​៣ជ្រុង ​មាន​ថ្នាក់​៩រាង​ជម ​ខាង​លើ​មាន​ដាក់​បាយ​ម្ហូប​ចំណី​គ្រប់​ទាំង​៩​ថ្នាក់។​ ទាំង​អស់​នេះធ្វើ​តែ​នៅក្នុង​ព្រះបរមរាជវាំង ​ឬផ្ទះ​ដែល​អស់​លោក​ណា​ដែល​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ។ ​ប៉ុន្តែ ​ចំពោះ​ប្រជារាស្ត្រក្រីក្រ និង​ប្រជារាស្ត្រ​សាមញ្ញ​ធម្មតា​ សូម​ធ្វើការ​រៀបចំ​ទៅ​តាម​លទ្ធភាព និង​សទ្ធា​ជ្រះ​ថ្លា​ទៅចុះ ​មិន​ជា​ការ​ខុស​ឆ្គង​អ្វី​ទេ ​ឱ្យ​តែ​មាន​ចិត្ត​គោរព​ចំពោះ​មាតាបិតា ​ព្រះរតនៈត្រ័យ​ និង​គុណទេវតា​ទៅ​បាន​ហើយ៕

ប្រភពពី៖ Interconrooster

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top