អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > ផេង សុភក្តិនារី បង្កើតកម្មវិធី សម្រាប់គ្រប់គ្រង ការរៀបចំមង្គលការ ឡើងឡូយ!

ផេង សុភក្តិនារី បង្កើតកម្មវិធី សម្រាប់គ្រប់គ្រង ការរៀបចំមង្គលការ ឡើងឡូយ!

កញ្ញា ផេង សុភក្តិនារី មានអាយុ ២១ឆ្នាំ បានបញ្ចប់ការសិក្សា ផ្នែកសរសេរកម្មវិធីនៅ អង្គការ PNC ក្លាយជាសហស្ថាបនិក កម្មវិធីទូរសព្ទ័ WeddinGate និងគេហទំព័រ www.weddingate.asia ដែលជាកម្មវិធី ជំនួយដល់ការរៀបចំ ដំណើរការអាពាហ៍ពិពាហ៍ សម្រាប់អ្នកដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ ដោយកម្មវិធីនេះនឹង ផ្តល់ជូននូវព័ត៌មានទាក់ទងនឹងសេវាកម្មផ្សេងៗ ការរៀបចំបញ្ជីភ្ញៀវ ការគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ  ព្រមទាំងលក្ខណៈពិសេសជាច្រើនទៀត ដល់អ្នកប្រើប្រាស់ ហើយអាច​ប្រើបានទាំងទូរសព្ទ័ និងកុំព្យូទ័រ ។

រូបរបស់កញ្ញា ផេង សុភនារី, source: facebook

កត្តាដែលជម្រុញឲ្យកញ្ញាបង្កើតកម្មវីធីនេះឡើង ដោយសារ កញ្ញាបានមើលឃើញថា ការរៀបអាពាហ៍ពិពាហ៍ ជាកម្មវិធីដ៏សំខាន់មួយក្នុងដំណើរជីវិតរបស់មនុស្ស ហើយមនុស្សគ្រប់គ្នា ចាំបាច់ត្រូវឆ្លងកាត់វា ដោយចៀសមិនបានឡើយ ដូច្នេះការរៀបចំមង្គលការឲ្យបានសមរម្យ មិនមែនជារឿងងាយស្រួលឡើយ ដូចដែលយើងបានដឹងហើយថា ពួកយើងសុទ្ធតែមមាញឹកណាស់ ក្នុងកិច្ចការងារប្រចាំថ្ងៃ ហើយប្រាកដជាពុំមានពេលវេលាគ្រប់គ្រាន់នោះទេ សម្រាប់រៀបចំវា។  ដំណោះស្រាយថ្មីមួយ នឹងអាចជួយដល់អ្នកប្រើប្រាស់ កម្មវិធីនេះ ឲ្យចំណេញពេលវាលា រួមទាំងបទពិសោធន៍ថ្មី មិនធ្លាប់មានពីមុនមក។

ជើងខ្លាំងIT មកពីកំពង់ស្ពឺរូបនេះ បានបន្តរថា៖ បច្ចេកវិទ្យាលែងក្លាយជារឿងចំលែកទៀតហើយសម្រាប់ប្រជាជនកម្ពុជា ក៏ដូចមនុស្សទូទាំងពិភពលោក ដោយហេតុថាកំណើននៃការប្រើប្រាស់ស្មាតហ្វូនកាន់តែរីកដុះដាលច្រើនឡើងៗ រីឯក្រុមហ៊ុនតូចក្តី ធំក្តី ក៏ងាកមកប្រើប្រាស់ការគ្រប់គ្រងអាជីរកម្មរបស់ខ្លួនតាមរយៈ បច្ចេកវិទ្យាសន្សឹមសន្សឹមផងដែរ។ តែទោះយ៉ាងណាក៏ដោយ ក៏ គម្លាតនៃការអភិវឌ្ឈន៍ ជាឧបសគ្គមួយដល់ប្រជាជននៅតាមជនបទឲ្យទទួលបានការប្រើប្រាស់បច្ចេកវិទ្យាពុំបានគ្រប់គ្រាន់ ឬទទួលពត៌មានបានតិចជាង ប្រជាជននៅទីក្រុង។

ខ្ញុំគិតថាមនុស្សស្រី គួរតែយល់ដឹងឲ្យកាន់តែច្រើនកាន់តែល្អ ព្រោះថាបច្ចេកវិទ្យាបច្ចុប្បន្ន វាមានប្រយោជន៍ណាស់ សម្រាប់ជីវភាពរស់នៅ មិនថាអ្នកជាតារាភាពយន្ត ជាថ្នាក់ដឹកនាំ ជាមេផ្ទះ ។ល។

ឧទាហណ៏ថា បើអ្នកជាតារាភាពយន្តហើយមានចំណេះដឹងផ្នែកបច្ចេកវិទ្យា នោះអ្នកនឹងកាន់តែល្បី។ តែបើអ្នកជាថ្នាក់ដឹងនាំ វាអាចជួយឲ្យការគ្រប់គ្រងរបស់អ្នកកាន់តែមានប្រសិទ្ធភាព តែបើអ្នកជាមេផ្ទះ វានឹងជួយបន្ថែមរសជាតិជីវិត និងសុភមង្គលដល់ផ្ទះរបស់អ្នកជាពុំខាន“- កញ្ញាបន្តរ។

ទាក់ទងនឹងការរៀន លើមុខវិជ្ជាបច្ចេកវិទ្យានេះដែរ កញ្ញាបានបញ្ជាក់ថា៖ “តាមយោបល់ខ្ញុំ មុខជំនាញបច្ចេកវិទ្យា ពុំប្រកាន់ថាមនុស្សស្រី ឬប្រុសទេដែលអាចរៀនបាន ពោលគឺឲ្យតែចិត្តរបស់យើងចង់រៀន នោះយើងនឹងរៀនពូកែរ។ បន្ថែមលើនេះទៅទៀត អ្នកចង់រៀនមុខវិជ្ជានេះ ចាំបាច់ខ្លួនត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ការគិតរហ័សរហួន ភាសាអង់គ្លេស រួមទាំងមុខវិជ្ជាវិទ្យាសាស្រ្តដែលយើងបានរៀនពីវិទ្យាល័យផងដែរ។”

   WeddinGate- screenshot
រូបភាពកម្មវិធី WeddinGate

ថ្ងៃអនាគតកញ្ញា ផេង សុភក្តិនារី សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងជួយសម្រួល អ្នកដែលរៀបចំមង្គលការ ឲ្យទទួលបានពត៌មានគ្រប់គ្រាន់ ពីសេវាកម្មនានា ចៀសវាងការក្លែងបន្លំតម្លៃ។ ជាងនេះទៅទៀត កម្មវិធីនេះក៏នឹងក្លាយជាមធ្យោបាយផ្សព្ធផ្សាយ ពីសេវាកម្មនិងផលិតផល ទាក់ទងនឹងមង្គលការ ឲ្យចំអតិថិជនគោលដៅតែម្តង ធ្វើដូចនេះភាគីទាំងអស់សុទ្ធតែទទួលបានផលចំណេញទាំងសងខាង។

ជាចុងក្រោយកញ្ញាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រ ហើយប្រើប្រាស់កម្មវិធីនេះទាំងអស់គ្នា ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់កញ្ញាដែលជាអ្នកបង្កើតវាឡើង។ ហើយកញ្ញាសូម សំណូមពរឲ្យនារីៗទាំងអស់ កុំមានភាពរារែក ឬអៀនខ្មាស ក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា ដើម្បីរួមគ្នារកអ្វីដែលថ្មីសម្រាប់ខ្លួនឯង និងសង្គមជាតិ។ ការងារនេះមិនមែនមានតែបុរសទេដែលធ្វើបាន នារីក៏ធ្វើបានដែរ៕
Download App in Android  | IOS

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top