អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ជំនឿ​របាំត្រុដិ​បណ្តេញ​ ឧបទ្រពចង្រៃ​ ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ជំនឿ​របាំត្រុដិ​បណ្តេញ​ ឧបទ្រពចង្រៃ​ ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ

កេរ្តិ៍ដំណែលមន-ខ្មែរនៃរបាំត្រុដិ
របាំត្រុដិជាកេរ្តិ៍ដំណែលវប្បធម៌មន-ខ្មែរដែលជនជាតិខ្មែរព្រៃភ្នំដូចជាពួកសម្រែ សួយ និងព័រជាដើម ព្រមទាំង ជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។
តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃទៅភាពសម្បូរណ៍សប្បាយផង ។ ពាក្យ ត្រុដិ សំដៅដល់ពេលដែល �ឆ្នាំចាស់ដាច់ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី� ។ តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលបានរស់នៅខ្ពង់រាប និងវាលទំនាប ។

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តីសប្បាយ រីករាយ ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន ។ នេះជាអត្ថន័យទីមួយនៃរបាំត្រុដិ ។ រីឯអត្ថន័យទី ២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹង នេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញពី ស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ ។

និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះសម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់ពួកអ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយធ្វើរបៀបផ្សេងដូចតំណាងផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក ។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ទៀតរាំត្រាប់តាមសត្វទន្សោងដែលចែចង់គ្នាដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង ។ សូមជម្រាបថាសត្វប្រើសដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះតំណាងព្រានព្រៃដេញ តាមសត្វប្រើសដែលត្រូវគេបរបាញ់ ។ ករណីមួយទៀតដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខលាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើជារុក្ខទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់ ។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គ គឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេតាដែលតំណាងនូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរយើង ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះ គឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុង សង្គម ដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ ។ ទស្សនៈបែបនេះពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជា មត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ ។ គឺក្នុង �ពិធីរបាំឆ្លង� នេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈ វណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គលដោយក្តី សង្ឃឹម ។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំង នូវរូបភាពឯកភាពផ្នែកជំនឿសាសនា ។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ ។

ប្រភព៖chanbokeo.com

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top