អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ហេតុអ្វីបា​ន​ជា​ទឹក​មាត់​អ្នក​មាន ​ប្រៃ​ជាង​ទឹក​មាត់​អ្នក​ក្រ​ ?

ហេតុអ្វីបា​ន​ជា​ទឹក​មាត់​អ្នក​មាន ​ប្រៃ​ជាង​ទឹក​មាត់​អ្នក​ក្រ​ ?

មានជីវិតជាមនុស្សដូចតែគ្នា គ្មានអ្នកនរណាផឹកទឹកអំបិល ហើយក៏គ្មាននរណាផឹកទឹកត្រីដែរ ប៉ុន្តែសម្រាប់សង្គមមួយដែលគេបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើក្រុមមនុស្សអភិជនជាអ្នកមានទ្រព្យ គឺបានធ្វើឱ្យមនុស្សនៅសង្គមមួយនោះយល់ឃើញថា រាល់សកម្មភាពរបស់អ្នកមាន ទោះបីជាការបញ្ចេញមតិ ការដើរហើរ ឬសកម្មភាពផ្សេងៗទៀតក្ដី រមែងទទួលបានការយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ហេតុអ្វីបានថាអ្នកមានទឹកមាត់ប្រៃ? ព្រោះកាលណារស់ជាអ្នកមានទ្រព្យ គឺទ្រព្យដែលគេរកបាននោះមិនដែលចេះនៅទំនេរមួយកន្លែងឡើយ មានមនុស្សជាច្រើន ក្រោយពីមានទ្រព្យសម្បត្តិច្រើនហើយក៏បានសម្រេចយកប្រាក់ដែលខ្លួនរកបាននោះទៅទិញងារ ទិញសក្ដិ ទិញមុខមាត់ ទិញកម្រិតវប្បធម៌ និងទិញប្រជាប្រិយភាពនៅក្នុងសង្គមមួយ ។ ដែលហេតុនេះហើយទើបធ្វើឱ្យទឹកមាត់របស់អ្នកមានទ្រព្យមួយចំនួនធំ ឡើងប្រៃដូចអំបិល បើស្ដោះទៅខាងណា នឹងផ្សារដល់ទីនោះ ។

ចំពោះអ្នកក្រតោកយ៉ាក អ្នកក្រ អ្នកមធ្យម យើងដឹងស្រាប់ហើយថា ទឹកមាត់របស់ពួកគេមិនដែលចេះប្រៃនឹងគេយ៉ាងម៉េចទេ ។ នៅពេលមានរឿងអយុត្តិធម៌ណាមួយកើតឡើង ដែលបណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីសុខរបស់ពួកគេ អ្នកក្រតែងយល់ថា ខ្លួនគឺជាមនុស្សនឹងគេដែរ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយដែលទទួលបានការឃុំគ្រង និងថែទាំអំពីច្បាប់នឹងគេដែរ ទើបពួកគេស៊ូធ្វើសកម្មភាពនានាទាំងដើម្បីផ្ដល់យោបល់ដល់រដ្ឋអំណាចផង អំពាវនាវដល់រដ្ឋអំណាចផង និងរិះគន់ចំពោះចំណុចចន្លោះប្រហោងរបស់រដ្ឋអំណាចផង ។ ដូចយ៉ាងករណីទាក់ទងនឹងវិស័យសុខាភិបាល ទឹកមាត់របស់អ្នកក្រមួយលាន មិនទាន់ប្រៃស្មើនឹងទឹកមាត់អ្នកមានម្នាក់ ។ ការទាមទាររបស់អ្នកក្រ សេចក្ដីទុក្ខសោករបស់អ្នកក្រ ព្រោះពួកគេចង់ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរដ្ឋអំណាច រមែងភាគច្រើនត្រូវបានគេមិនសូវជាយកចិត្តទុកដាក់ ឬយកទៅទុកចោលនៅក្នុងទូ ។ ប្រសិនបើរវាងអ្នកមាន និងអ្នកក្រមានជម្ងឺប្រភេទតែមួយ ហើយត្រូវការចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ប្រហែលជាគេតម្រូវឱ្យអ្នកមានចូលមុន ឯអ្នកក្រត្រូវរង់ចាំនៅខាងក្រៅសិន ។

ជាការកត់សម្គាល់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សម្លេងរបស់អ្នកក្រដ៏ច្រើនអនេកអានន្ន បានស្រែកទាមទាររកយុត្តិធម៌ សមធម៌ សង្គហធម៌ពីរដ្ឋអំណាចអាចប្រហែលជាមិនសូវទទួលផលជាង សម្លេងរបស់អ្នកមានប៉ុន្មានឡើយ ។ ប៉ុន្តែវាកម្រមានអ្នកមានចិត្តធម៌ណាដែលហ៊ានចេញមុខជាសាធារណៈ ដើម្បីនិយាយរិះគន់អំពីចំណុចចន្លោះប្រហោងរបស់រដ្ឋអំណាច ដើម្បីស្ថាបនា និងដើម្បីកែតម្រូវនូវកង្វះខាតទាំងនោះដើម្បីវឌ្ឍនភាពសង្គមណាស់ ។ ទោះជាយ៉ាងណា យើងពិតជាដឹងថា សម្លេងរបស់អ្នកមានពិតជាមានឥទ្ធិពលដល់ការផ្លាស់ប្ដូរពីភាពអវិជ្ជមាន ទៅវិជ្ជមាន នៅក្នុងប្រទេសក្រីក្រ ៕

ផ្តល់សិទ្ធិដោយ៖ Khmer-Edu

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top