អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > ជំនួបស្តេចប្រដាល់ថៃទាំងពីរនេះ ជិតកើតឡើងហើយ ប៊ូខាវ vs យ៉ត សែនខ្លៃ

ជំនួបស្តេចប្រដាល់ថៃទាំងពីរនេះ ជិតកើតឡើងហើយ ប៊ូខាវ vs យ៉ត សែនខ្លៃ

ថៃ៖ បើយោងតាមប្រភពពីទំព័រគុនខ្មែរ និងគេហទំព័រកីឡា Muay Thai បានឲ្យដឹងថា ប៊ូខាវ ដែលជាស្តេចប្រដាល់ប្រចាំប្រទេសថៃ អាចនឹងជួបប្រកួតជាមួយនឹងជើងខ្លាំង យ៉តសែនខ្លៃ នៅថ្ងៃណាមួយខាងមុខនេះ ហើយអ្នកឈ្នះនឹងទទួលបានទឹកប្រាក់មហាសាលចំនួន ១លានដុល្លារសហរដ្ឋអាមេរិក។

ប្រភពគុនខ្មែរបានបញ្ជាក់ថា «ការប្រកួតរបស់អ្នកទាំង 2 នឹងកើតឡើង ប្រសិនបើ ប៊ូខាវ និយាយថា OK មួយម៉ាត់។ ប៊ូខាវ ធ្លាប់ប្រកាសថា គេមិនវាយជាមួយជនជាតិថៃដូចគ្នាទេ តែលើកនេះ ប្រាក់រង្វាន់ 1 លានដុល្លារ មិនមែនលេងសើចទេ ស្របពេលដែល ភាគី យ៉ត សែនខ្លៃ បានចិញ្ចឹមចិត្តចង់ប្រកួតជាមួយ ប៊ូខាវ ជាយូរយាណាស់មកហើយ» ។

គួរបញ្ជាក់ផងដែរថា ប៊ូខាវ គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសថៃ ជាមួយនឹងទេពកោសល្យ និងសមត្ថភាពខ្ពស់នៅក្នុងវិស័យប្រដាល់ ចំនែកឯ កីឡាករ យ៉តសែនខ្លៃ វិញ ក៏មិនខុសគ្នាដែរ ពោលកីឡាកររូបនេះ ក៏ជាកំពូលអ្នកប្រដាល់ជើងចាស់ពោរពេញដោយបច្ចេកទេសមួយរូបផងដែរ ដែលថ្មីៗនេះ សែនខ្លៃ ក៏ទើបនឹងប្រកួតឈ្នះនៅឯប្រទេសចិនទៀតផង។

គួរបន្ថែមទៀតថា អំឡុងពេលដែល យ៉ត សែនខ្លៃ ប្រកួតនៅប្រទេសចិនកន្លងទៅថ្មីៗនេះ គេក៏សង្កេតឃើញមានវត្តមានរបស់ ប៊ូ ខាវ អង្គុយទស្សនាការប្រកួតផងដែរ។ ក្រោយពីបញ្ចប់ការប្រកួត សែនខ្លៃ ទទួលបានជ័យជំនះហើយនោះ ស្រាប់តែ ប៊ូខាវ បានឡើងលើសង្វៀន ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសង្ឃឹមថាពួកគេនឹងប៉ះគ្នានៅថ្ងៃណាមួយ។

ដោយឡែក បើតាមការឲ្យដឹងពីលោក Tony Chen ដែលជាប្រធាននិងអ្នករៀបចំការប្រកួត ក៏បាននិយាយដែរថា នឹងព្យាយាមរៀបចំការប្រកួតរវាង ប៊ូខាវ និង សែនខ្លៃ ឲ្យកើតមានឡើងនៅថ្ងៃណមួយក្នុងឆ្នាំនេះ ហើយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចំនួន១លានដុល្លារ។

ដូច្នេះ បើសិនជាអ្នកទាំងពីរប៉ះគ្នាមែននោះ វានឹងក្លាយជាការប្រកួតប្រចាំសតវត្ស មិនចាញ់ Floyd និង Pacquiao ប៉ុន្មានទេ ព្រោះអ្នកទាំងពីរសុទ្ធតែជើងខ្លាំងដូចគ្នា៕

ប្រភពពី៖ ខ្មែរឡូត

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top