អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > អាមេរិក ត្រៀមវាយ កូរ៉េខាងជើងដោយប្រើនាវាមុជទឹកបើហ៊ាន​ធ្វើតេស្ត​គ្រាប់បែក​នុយក្លេអ៊ែរ នៅថ្ងៃទី២៥នេះ

អាមេរិក ត្រៀមវាយ កូរ៉េខាងជើងដោយប្រើនាវាមុជទឹកបើហ៊ាន​ធ្វើតេស្ត​គ្រាប់បែក​នុយក្លេអ៊ែរ នៅថ្ងៃទី២៥នេះ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បញ្ជូន​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​ខ្លួន មាន​ឈ្មោះ​ថា «USS Michigan» ដើម្បី​ទៅ​បញ្ឈប់​កូរ៉េខាងជើង បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ នៅ​ក្នុង​ថ្ងៃ​នេះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Dailystar ដែល​បាន​ចុះផ្សាយ នៅ​ថ្ងៃ​អង្គារ​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ឬ​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​របស់​ខ្លួន នៅ​ក្នុង​ថ្ងៃ​អង្គារ ទី​២៥ នេះ ដើម្បី​ប្រារព្ធ​ទិវា​កងទ័ព «Military Foundation Day»។

គួរ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​ទ្វីប​អាមេរិក។

មិនតែប៉ុណ្ណោះ ដូណាល់ ត្រាំ បាន​បញ្ជូន​នាវា​ចម្បាំង ដែល​ដឹក​នាំ​ដោយ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson ទៅ​កាន់​ឧបទ្វីប​កូរ៉េ និង​បាន​ព្រមាន​ថា លោក​នឹង​វាយ​ប្រហារ​កូរ៉េខាងជើង ប្រសិនបើ គីម ជុងអ៊ុន ចុច​ប៊ូតុង​ពណ៌​ក្រហម (ដើម្បី​បាញ់​គ្រាប់​បែក​នុយក្លេអ៊ែរ ឬ​មីស៊ីល​ឆ្លង​ទ្វីប)។

ជា​មួយ​គ្នា​នេះ​ដែរ ជប៉ុន និង កូរ៉េខាងត្បូង ដែល​ស្ថិត​ក្នុង​ចម្ងាយ​នៃ​គោលដៅ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក៏​បាន​បញ្ជូន​នាវា​ចម្បាំង ដើម្បី​ជួយ​គាំទ្រ​បន្ថែម​ទៀត​ផង​ដែរ។

មន្ត្រី​យោធា​កូរ៉េខាងត្បូង​ម្នាក់ បាន​ឲ្យ​ដឹង​ថា «នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ USS Michigan នឹង​ចូល​ទៅ​ក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាមួយ USS Carl Vinson»។

USS Michigan គឺ​ជា​នាវា​មុជ​ទឹក​ប្រភេទ Ohio-class របស់​កងទ័ព​ជើងទឹក​អាមេរិក​ដែល​ធំ​បំផុត។ វា​មាន​ប្រវែង ១៧០​ម៉ែត្រ និង​ទម្ងន់ ១៦ ០០០​តោន ហើយ​បំពាក់​ទៅ​ដោយ​គ្រាប់​មីស៊ីល Tomahawk រហូត​ដល់​ទៅ ១៥៤​គ្រាប់៕

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top