អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ស្វែងយល់ខ្លះៗអំពី កំពូលបន្ទាយលង្វែក

ស្វែងយល់ខ្លះៗអំពី កំពូលបន្ទាយលង្វែក

 

1

សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត​ ដែល​កាល​នោះ​ប្រទេស​កម្ពុជា​កើត​មាន​ចម្បាំង​ជាច្រើន​លើក​ច្រើន​សា។ ​រាជធានី​ត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ​ទួលបាសាន្ត​ (កំពង់ចាម) ភ្នំពេញ ​(ចតុមុខ) រហូត​មក​ដល់​លង្វែក​ (កំពង់ឆ្នាំង)។​ រាជធានី​លង្វែក​ត្រូវ​បាន​កសាង​ឡើង​រយៈពេល​៣ឆ្នាំ ​គឺពីឆ្នាំ១៥២៧ ដល់ ១៥២៩​ ក្នុង​រាជ​ព្រះបាទ​ចន្ទរាជា។ ​បន្ទាយ​នេះ​មាន​បរិមាត្រ​ ទទឹង​ប្រវែង​២​សហាតិមាត្រ​ និង​បណ្ដោយ​ប្រវែង​៣សហាតិមាត្រ​ (៣គ.ម​×២គ.ម)​ ដែល​មាន​របង​បី​ជាន់​គឺ៖
​១.របងដី : ការពារទឹកចូលរាជធានី
២​.របងទឹក ​: ​សម្រាប់​យក​ទឹក​ប្រើប្រាស់​ក្នុង​រាជធានី
​៣. របងឬស្សី :​ មានកម្រាស់​២សិន​ (១៦០ម៉ែត្រ) ក្រាស់​ខ្មឹក​ សម្រាប់​ការពារ​ខ្មាំង​សត្រូវ។​
នៅ​កណ្តាល​រាជធានី​លង្វែក ​ព្រះ​បាទ​ចន្ទរាជា​បាន​សាង​វត្ត​មួយ​ឈ្មោះ​វត្ត​ត្រឡែង​កែង ​ដែលនៅ​សល់​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​ក្រៅពី​បន្ទាយ​លង្វែក ​ព្រះបាទ​ចន្ទរាជា​បាន​បញ្ជា​ឱ្យ​កសាង​វត្តអារាម​ជាច្រើន​នៅ ​ខេត្តពោធិ៍សាត់ ​បរិបូណ៍ ​ជួសជុល​វត្តនៅ​ឧដុង្គ​មាន​វត្ត​លើភ្នំ​រាជទ្រព្យ​ជាដើម ​(ព្រះពុទ្ធរូបចូលព្រះនិពា្វន)។

ទីតាំងភូមិសាស្ត្រ
រាជធានីលង្វែក ជាទីតាំងប្រវិត្តសាស្រ្តខ្មែរមួយដែលសព្វថ្ងៃស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​ ជា​កន្លែង​យុទ្ធសាស្រ្ត​មួយ​ដោយ​មាន​ទន្លេ ​បឹង​ ជាពិសេស​ព្រែក។​ បន្ទាយ​លង្វែក​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​រាជធានី ​ដោយ​ជីក​បុក​គ្រឹះ​រៀបថ្ម​៦ហត្ថ​ជុំវិញ​បន្ទាយ​ជា​បី​ជ្រុង ​ហើយ​លើក​ដី​ច្រុះ​ក្ដារ​ធ្វើ​បន្ទាយ​កម្ពស់​១៤ហត្ថ​ កម្រាស់​ខ្នង​លើ​១០ហត្ថ​ ជើង​ទេរ​​ខាង​ក្រោម​២២ហត្ថ ​(១ហត្ថ=កន្លះម៉ែត្រ)។ ​ព្រះចន្ទរាជា​បញ្ជា​ឱ្យ​មន្រ្តី​ឧកញ៉ា​សេនាបតី​កេណ្ឌ​រាស្រ្ត​កាប់​ឈើ ជ​ញ្ជូនថ្ម​ រែកដី​ ដើម្បី​សង់​បន្ទាយ​ និងរាជវាំង។ ​ទ្រង់​បញ្ជា​ឱ្យ​គេ​ធ្វើ​កំពែង​ការពារ​៥ជាន់ ​ព្រម​ទាំង​ដាំ​របង​ឫស្សី​យ៉ាង​ក្រាស់។​ ក្នុង​កំពែង​ជាន់​ទី១​ ដាក់​សុទ្ធ​តែ​ទាហាន​កាំភ្លើង​ធំ ហើយនៅមុខកំពែងនេះ មានរោងដំរី​ និង​រោងសេះ។ ​កំពែង​ទី២ ​ដាក់​ទាហាន​កាំភ្លើង​វែង សាលាជំនុំ សាលាដំបូង និងសាលាឧទ្ធរណ៍។ កំពែង​ទី៣​ដាក់​ទាហាន​អាវុធ​ខ្លី​ មាន​ដាក់​ផ្គាក់​ កាំបិត។ ​កំពែងទី៤ ដាក់​ទាហាន​រក្សា​ព្រះអង្គ​ រោង​ល្ខោន ​និង​ព្រះ​ពន្លាទតល្ខោន។ ចំណែកកំពែងទី៥ មានរោងបញ្ចក្សេត្រ ​និង​​ដំណាក់​សំរឹទ្ធ វិមាន​កម្សាន្ត រោង​ភិរម្យ ​ក្រុមបាគូ​ បុរោហិត ​និង​ក្រុម​មហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំងកំពូល​ប្រាំបិទ​មាស​ ​និង​លាបម្រ័ក្សណ៍​សម្រាប់​ព្រះមហាក្សត្រាធិរាជ​ផ្ទុំ ​ហើយ​មាន​តម្កល់​វត្ថុ​ស័ក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និងព្រះគោចំនួន១២​ ដែល​នៅ​ក្នុង​ពោះ​ព្រះ​គោទាំង​នោះ​មាន​រក្សា​នូវ​គម្ពីរ​ក្បួន​សាស្រ្តាដ៏​មាន​តម្លៃ​លើស​លប់។​ តាមជំនឿ​របស់​ខ្មែរ ​ព្រះគោ ​និងព្រះ​កែវ​ជាបង​ប្អូន​បង្កើត​នឹង​គ្នា ​ដែល​អ្នក​ស្រុក​តែង​តែ​គោ​រព​បូជា​ទុក​ជា​វត្ថុស័ក្ដិសិទ្ធិ​។ ដោយសារ​នៅ​ក្នុង​បន្ទាយ​លង្វែក​មាន​រូប​ព្រះគោ ព្រះកែវ​ ប្រជាជន​សម័យ​នោះមាន​ជំនឿ​ថា ​នេះ​ជា​បន្ទាយ​មួយ​យ៉ាង​មាំ​សម្រាប់​ការពារ​សត្រូវ​ផង និងឃ្លាំងវប្បធម៌ជាតិផងបន្ទាប់ពីសម័យ​អង្គរ​។

ការបាក់បែកបន្ទាយលង្វែក
2

បន្ទាយលង្វែកត្រូវបានបែកបាក់នៅឆ្នាំ១៥៩៣ ដោយហេតុព្រះបាទសត្ថាទី១ ដែលជាចៅរបស់ព្រះចន្ទរាជា(អង្គចន្ទ)​ បាន​ផ្ទេរ​រាជ​សម្បត្តិ​ឱ្យ​បុត្រា​ច្បង​គឺ​ព្រះ​បាទ​ជ័យជេដ្ឋាទី១ ​ដែល​ទើប​មាន​ព្រះជន្ម១១វស្សា និងដកតួនាទីឧបរាជពីអនុជរបស់ទ្រង់គឺព្រះស្រី​សុរិយោទ័យ ​ឱ្យ​បុត្រា​ទី២ ​ដែល​ទើប​មាន​ព្រះជន្ម​៦វស្សា។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​លែង​គាំទ្រ​ ហើយ​បះ​បោរ​គ្រប់​កន្លែង។​ ឮដំណឹង​នេះ ​សៀម​បាន​លើក​ទ័ព​មក​វាយ​ខ្មែរ​តែ​មិន​បាន​សម្រេច។​ ក្រោយ​មក​ សៀម​បាន​ប្រើ​ល្បិច​បាច​ប្រាក់ឌួង​ចូល​ក្នុង​ព្រៃ​ឬស្សី ​ឱ្យប្រជារាស្ត្រខ្មែរ​កាប់​ឆ្ការ​​ ទីបំផុត​សៀម​ក៏​វាយ​កម្ទេច​បន្ទាយ​លង្វែក​បាន​នៅឆ្នាំ​១៥៩៣។ ​

ផលវិបាកនៃការបាត់បង់បន្ទាយលង្វែក
ក្រោយបន្ទាយលង្វែកបាក់បែកទៅ កម្ពុជាបានជួបនូវផលវិបាកជាច្រើនដូចជា៖
•ប្រទេសកម្ពុជាធ្លាក់ជាប្រទេសតូច ទន់ខ្សោយក្រោមចំណុះសៀម
•ប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតយ៉ាងច្រើន
•សៀមប្រមូលយកគម្ពីរ ក្បូនខ្នាត វត្ថុមានតម្លៃ ហើយចាប់ និងសម្លាប់អ្នកប្រាជ្ញខ្មែរគ្មានសល់។

តាមរយៈហេតុការណ៍នេះ ប្រជាជនខ្មែរបានប្រឌិតឡើងព្រេងកថាមួយ គឺរឿងព្រះគោ ព្រះកែវ​ដើម្បី​ពន្យល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ។ ​រឿង​នេះ​ប្រឌិត​ឡើង​ដើម្បី​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​បាត់​បង់ ​និង​ផល​វិបាក​ពីការ​បាត់បង់បន្ទាយលង្វែកនេះឯង។ ​តួអង្គព្រះគោ​​តំណាង​ឱ្យ​គម្ពីរ​ ក្បួន​ខ្នាត​របស់​ខ្មែរ ​ឯព្រះកែវតំណាងឱ្យអ្នកប្រាជ្ញខ្មែរដែលសៀមចាប់យកទៅ៕

3

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top