អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ឥណ្ឌា​ដាក់​បម្រាម​គោចរ​នៅ​កាស្មៀរក្រោយ​ពី​មេ​ឧទ្ទាមផ្តាច់​ទឹក​ដីស្លាប់

ឥណ្ឌា​ដាក់​បម្រាម​គោចរ​នៅ​កាស្មៀរក្រោយ​ពី​មេ​ឧទ្ទាមផ្តាច់​ទឹក​ដីស្លាប់

តំបន់​កាស្មៀរ​ឥណ្ឌា​កំពុង​ស្គាល់​ភាព​តាន​តឹង​ឡើង​មួយ​កំរិត​បន្ថែម​ទៀត តាំង​ពី​ថ្ងៃសៅរ៍មក បន្ទាប់​មេ​ចលនាឧទ្ទាម​ទាមទារ​​ផ្តាច់ដី​ ​ស្និទ្ធ​នឹង​ពួក​អាល់កៃដា និង​រដ្ឋ​អ៊ីស្លាម ត្រូវ​បាន​សម្លាប់។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​បម្រាម​គោចរ​​ នៅ​ក្នុង​តំបន់ ដែលនា​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​​ បាន​និង​កំពុងស្គាល់​​អំពើ​ហិង្សា​ជា​ថ្មី​ឡើង​វិញ។

ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​យោធា​ឥណ្ឌា​ បាន​សម្រេច​សម្លាប់​បាន​មេដឹកនាំ​ចលនា​ប៉ះបោរ​ផ្តាច់​ទឹក​ដី​កាស្មៀ​ម្នាក់ គឺ សាបស្ហារ អាម៉ាដ ភាត Sabzar Ahmad Bhat មេ​ឧទ្ទាម​ដែល​ទាមទារ​ភ្ជាប់​តំបន់​កាស្មៀ​ឥណ្ឌា​ទៅ​នឹង​ប៉ាគីស្ថាន។ បាន​ក្លាយ​ជា​មេ​ដឹកនាំ​ចលនា​បន្ត​ពី វានី ដែលក៏​បាន​សម្លាប់​ដោយ​កង​កម្លាំង​ឥណ្ឌា​ដែរ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦ ​សាបស្ហារ អាម៉ាដ ភាត ត្រូវ​បាន​ចាត់​ទុក​ជា​គំរូគោរព​ដូច​ព្រះ​របស់​សកម្មជន។

ការ​ស្លាប់របស់​មេឧទ្ទាម​នេះ បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ បង្ក​ឱ្យ​មាន​របួស​ជា​ច្រើន​នាក់។ កង​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ឥណ្ឌា​បាន​ដាក់​រនាំង​ចេញ​ធ្វើ​ប្រតិបត្តិការ​ទប់​ស្កាត់​​​ហ្វូង​មនុស្សរាប់​ពាន់​​នាក់​មិនឱ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​មេឧទ្ទាម​រូប​នោះ។ ហើយ​ក៏​បាន​ចេញ​ក្រិត្យ​ដាក់​បម្រាម​គោចរ​ តែ​ម្ត​ង​នៅ​ថ្ងៃអាទិត្យនេះ បន្ទាប់​ពី​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធ័រនែត ប្រព័ន្ធ​ទូរស័ព្ទ​ ប្រព័ន្ធ​សង្គម​ ដូច​ជា​ហ្វេសប៊ូក ទ្វីតទ័រ សម្រាប់​រយៈ​ពេល​មួយ​ខែ។ កាលពី​ឆ្នាំ​២០១៦ ការ​ស្លាប់​របស់​មេឧទ្ទាម​ចលនា​ទាមាទារ​​ឯករាជ្យ​នេះ បាន​បង្កឱ្យ​មាន​ការ​ប្រឈម​គ្នា និង​បាតុកម្ម​ប្រឆាំង​យ៉ាង​ហិង្សា​ស្លាប់​មនុស្ស​អស់​ជិត​១០០​នាក់។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​​ប្រឆាំង​ភេរវនិយម​​របស់​ទាហាន​ឥណ្ឌា​ នៅ​ក្នុង​តំបន់​នេះ ក៏​បាន​ផ្តាច់ជីវិត​ភេរវជន​សង្ស័យ​៦​នាក់​ផ្សេង​ទៀត​ដែរ​ កាលពី​ថ្ងៃ​សៅរ៍។ ភេរវជនទាំង​នោះ​​ដែល​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​ឥណ្ឌា បាន​ធ្វើ​ដំណើរឆ្លង​មក​ពី​ប៉ាគីស្ថាន។

តាំង​ពី​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​ភាព​តាន​តឹង​នៅ​តំបន់​កាស្មៀ​ បាន​ឡើង​ និង​ប្រឈម​ខ្លាំង​រវាង​សកម្មជន​ជ្រុលនិយម​ចង់​ផ្តាច់​ទឹកដី និង​ទាហាន​រដ្ឋាភិបាល។ បណ្តាញ​អ៊ីនធ័រនែត ប្រព័ន្ធសង្គម​ ត្រូវ​បាន​កាត់​ផ្តាច់​ជា​ញឹកញយ បម្រាម​គោចរ​មាន​ស្ទើរ​ជាប់​ជា​ប្រចាំ។ កាស្មៀ ​ជា​តំបន់​យោធា​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​ទាហាន​ឥណ្ឌា​ ឈរជើង​​និង​ប្រចាំការ ដល់​ទៅ​ជាង​៧សែន​នាក់។ តាំង​ពី​ឆ្នាំ​១៩៤៧​មក​​ ​ជម្លោះ​ដណ្តើម​តំបន់​កាស្មៀ បាន​រុញ​ច្រាន​ឥណ្ឌា​និងប៉ាគីស្ថាន ឱ្យ​ធ្វើ​សង្គ្រាមនឹង​គ្នា​​ដល់​ទៅ​ពីរ​ដង៕​

ប្រភពពី៖ RFI

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top