អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ត្រូវដឹងអ្នកទាំងអស់គ្នាគួរតែប្រើពាក្យទាំងអស់នេះពេលចូលទិញ(Ok)

ត្រូវដឹងអ្នកទាំងអស់គ្នាគួរតែប្រើពាក្យទាំងអស់នេះពេលចូលទិញ(Ok)

ចំណេះដឹង​៖ ​បើ​ទោះ​​ជា​ការ​និយាយ​អំពី​រឿង​រ៉ាវ​សុខភាព​ផ្លូវ​ភេទ ឬ​អាថ៌កំបាំង ​នៃ​ការ​រួម​ភេទ​របស់​មនុស្ស​ប្រុស​​ស្រី ​បាន​ក្លាយ​ទៅ​ជា​ប្រយោគ​ហៅ​ដ៏​សាមញ្ញ​សម្រាប់​មនុស្ស​ទូទៅ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ការ​ចូល​ទិញ​របស់​ការពារ​ខ្លួន «​ស្រោម​អនាម័យ» ​នៅ​បណ្ដា​ហ្វាម៉ាស៊ី ​ឬ​នៅ​កន្លែង​លក់​នានា ​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​អ្នក​ទិញ​វា​ដដែល ខណៈ​មាន​អ្នក​ខ្លះ​បាន​ប្រើ​ពាក្យ​សម្ងាត់​ផ្សេង​ៗ សម្រាប់​ម៉ូ​គ្នា​ជា​មួយ​អ្នក​លក់ ដោយ​មិន​ប្រើ​ពាក្យ​ចំ​ៗ​ថា «ទិញ​ស្រោម​អនាម័យ​»នោះ​ទេ​។

ស្ត្រី​ម្នាក់​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​នៅ​ម្ដុំ​ខាង​ជើង​គល់​ស្ពាន​ជ្រោយចង្វា​ប៉ែក​ខាង​លិច ​និង​ជា​អ្នក​លក់​ដាក់​វត្ថុ​ការពារ​ខ្លួន​នេះ​ ​ដោយ​សូម​រក្សា​សិទ្ធ​លាក់​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​ជា​ទូទៅ​ពួក​គេ​​​មិន​សូវ​ហ៊ាន​និយាយ​ចំ​ៗ​ថា «ទិញ​ស្រោម​អនាម័យ​»​នោះ​ទេ ពេល​គេ​មក​ដល់​ គេ​ប្រាប់​ថា​ ទិញ​សូម​ឲ្យ​លោក​ជួយ​មួយ​ប្រអប់​មក ឬ​អ្នក​ខ្លះ​ទៀត​យក​ដៃ​ចង្អុល​ចំ​របស់​ដែល​គេ​ចង់​បាន​តែ​ម្ដង ហើយ​និយាយ​ថា ​«​ឲ្យ​អានេះ​មួយ​ប្រអប់​មក» ខណៈ​នៅ​មុខ​​កន្លែង​លក់​ថ្នាំ​ពេទ្យ​របស់​គាត់​ គឺ​បាន​ដាក់​បង្ហាញ​​ស្រាប់​ ដោយ​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា​។

យុវជន​ពីរ​នាក់​ ១​.ឈ្មោះ ចិត្ត្រា រីឯ​ម្នាក់​ទៀត​ឈ្មោះ ​វិចិត្រ​ ក៏​បាន​លើក​ឡើង​ដែរ​ថា ជា​ទូទៅ​គឺ​គេ​មិន​និយាយ​ភាសា​ចំៗ​ សម្រាប់​ទិញ​របស់​ការពារ​ខ្លួន​នេះ​ទេ ​ព្រោះ​ការ​ប្រើ​ពាក្យ​ចំ​ៗ​ដូច្នេះ​ ហាក់​បី​ដូច​មិន​សូវ​ល្អ ​សម្រាប់​ដៃគូ​របស់​ខ្លួន​ ដែល​មក​ជា​មួយ ហើយ​ពេល​ខ្លះ​បណ្ដាល​ឲ្យ​នាង​មាន​ការ​អៀន​ខ្មាស​ផង​ដែរ ​ដូច្នេះ​ហើយ​ ទើប​ពួក​គេ​ច្រើន​ជំនួស​ដោយ​ពាក្យ​ សូម​ឲ្យ​លោក​ជួយ​មួយ​ប្រអប់ ឬ​ហៅ​ចំ​ឈ្មោះ​ប្រភេទ​ ដែល​ខ្លួន​ចង់​បាន​តែ​ម្ដង ​ដូច​ជា​ សូម​ឲ្យ​ Number One មួយ​ប្រអប់​មក​ ជា​ដើម​។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​មាន​វ័យ​ជាង​៣០​ឆ្នាំ ​និង​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នេះ​​ប្រមាណ​ជាង​១០​ឆ្នាំ​ដែរ ដោយ​បច្ចុប្បន្ន​បុរស​រូប​នេះ​ប្រកប​មុខ​របរ​ខាង​លើ​នៅ​ម្ដុំ​ទំនប់​ទួល​គោក​ ផ្លូវ ២៧៣ ​បាន​ទម្លាយ​នូវ​បទ​ពិសោធន៍​របស់​ខ្លួន​ដល់​គេហទំព័រ​ news.kqube.net ថា ការ​ចូល​ទិញ​ស្រោម​អនាម័យ វា​មិន​មែន​អ្វី​ជា​ឧបសគ្គ​សម្រាប់​លោក​ឡើយ ព្រោះ​ជា​រឿង​ធម្មតា​ៗ ប៉ុន្តែ​បើ​លោក​ចូល​ទិញ ហើយ​ជួប​អ្នក​លក់​ជា​បុរស​ដូច​គ្នា លោក​និយាយ​មិច​ក៏​បាន មាន​ន័យ​ថា និយាយ​ប្រាប់​អ្នក​លក់​ត្រង់​ៗ​ថា ទិញ​ស្រោម​អនាម័យ​មួយ​ប្រអប់​ក៏​បាន​ ព្រោះ​ថា ជា​ប្រុស​ដូច​តែ​គ្នា មាន​អ្វី​ត្រូវ​អៀន​។

បុរស​ម៉ូតូ​ឌុប​រូប​នេះ​បន្ត​ថា ប៉ុន្តែ​បើ​ជួប​អ្នក​លក់​ជា​ស្ត្រី​វិញ ​គឺ​ត្រូវ​ប្រើ​ភាសា​និយាយ​ឲ្យ​បាន​សមរម្យ​ ថ្វី​តែ​នាង​ជា​អ្នក​លក់​របស់​នោះ​ពិត​មែន​ ប៉ុន្តែ​លោក​យល់​ថា ​យ៉ាង​ណា​ក៏​នាង​នៅ​មាន​ការ​អៀន​ខ្មាស​យើង​ជា​មនុស្ស​ប្រុស​ដែរ ដូច្នេះ​​តាម​បទ​ពិសោធន៍​របស់​លោក​ ច្រើន​តែ​និយាយ​ថា «ទិញ​លោក​ជួយ​មួយ​ប្រអប់» ​ហើយ​ពេល​ខ្លះ​ក៏​ប្រាប់​ថា «ឲ្យ​របស់​ការពារ​មួយ​ប្រអប់ ​ហើយ​យក​អា​រ៉ូមាតិច ​និង​បាន​យូរ​»​។

យ៉ាង​ណា​មិញ​ម្ចាស់​ហ្វាម៉ាស៊ី​​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លវ​លេខ​ ៧០​ ខាង​លិច​គល់​ស្ពាន​ជ្រោយ​ចង្វា​ប្រមាណ​ជាង​៥០០​ម៉ែត្រ​ មាន​ឈ្មោះ​ថា ស៊ុន ពោង បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​អតិថិជន​ដែល​ធ្លាប់​ចូល​ទិញ​នៅ​ហ្វាម៉ាស៊ី​របស់​លោក ច្រើន​តែ​និយាយ​ថា សុំ​ទិញ​ស្រោម​អនាម័យ​ ចឹង​តែ​ម្ដង ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ គាត់​អត់​អញ្ចឹង​ទេ ​ជួន​កាល​គាត់​មក​ដល់​ គាត់​សួរ​រក​ទិញ​នេះ​ទិញ​នោះ​សិន ហើយ​ក្រោយ​មក ទើប​ប្រាប់​ថា ទិញ​ស្រោម​អនាម័យ​មួយ​ប្រអប់​ ​អី​អញ្ចឹង​ទៅ​។

លោក​ក៏​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​គាត់​មក​ដល់​ក៏​ចង្អុល​លើ​របស់​នោះ​តែ​ម្ដង​ ហើយ​ប្រាប់​ថា ​យក​មួយ​ប្រអប់ ​ប៉ុន្តែ​ពាក្យ​សម្ងាត់​អ្វី​ផ្សេង​ទៀត​លោក មិន​ធ្លាប់​ជួប​នោះ​ទេ​។ ចំពោះ​នៅ​ហ្វាម៉ាស៊ី​របស់​លោក​ ក្នុង​មួយ​ថ្ងៃ​ មាន​អ្នក​ចូល​ទិញ​​របស់​ការ​ពារ​ខ្លួន​នេះ​ប្រមាណ​ជា ​២០​ ទៅ​៣០​នាក់ ទាប​បំផុត​ក៏​ត្រឹម​ ៤-១០​នាក់​ដែរ ហើយ​ភាគ​ច្រើន​ពួក​គេ​ ជា​បុរស​។

សូម​បញ្ជាក់​ថា ​បើ​យោង​តាម​ការ​ផ្ដល់​អនុសាសន៍​​របស់​ហ្វាម៉ាស៊ី​ទាំង​អស់​នោះ ​ដែល​ខេឃ្យូប​បាន​ចុះ​ទៅ​ជួប​ផ្ទាល់ គឺ​អ្នក​ទិញ​របស់​ការពារ​ខ្លួន​ «​ស្រោម​អនាម័យ​»​ ទាំង​អស់​មិន​គួរ​ មាន​ការ​អៀន​ខ្មាស​ ចំពោះ​ការ​និយាយ​ក្នុង​ពេល​​ទិញ​វា​នោះ​ទេ ផ្ទុយ​ទៅ​វិញ គប្បី​សួរ​អំពី​វិធី​ប្រើ​ឲ្យ​បាន​ច្បាស់​លាស់​ ខណៈ​ដែល​ខ្លួន​គ្មាន​បទ​ពិសោធន៍ នោះ​ទើប​ជា​ការ​ល្អ​ប្រសើរ ម្យ៉ាង​ទៀត​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​អ្នក​ផង​ដែរ​៕​

ប្រភពពី៖ kqube.com

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top