អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > គ្រុមហ៊ុន Rolls-Royce បានប្រមូលផ្តុំកំពូលរថយន្តទាំង៨គ្រឿងក្នុងពិព័រណ៍រថយន្ត

គ្រុមហ៊ុន Rolls-Royce បានប្រមូលផ្តុំកំពូលរថយន្តទាំង៨គ្រឿងក្នុងពិព័រណ៍រថយន្ត

រថយន្ត Rolls-Royce ប្រកាសការជួបជុំរបស់ម៉ូដែល Phantom ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ

នៅដំណាច់ខែកក្កដា ពិព័រណ៍រថយន្ត Rolls-Royce៖ “ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង” នឹងប្រមូលផ្ដុំនូវម៉ូដែល Phantom ដ៏អស្ចារ្យបំផុតក្នុងរយៈកាល ៩២ ឆ្នាំមកនេះ ដែលប្រព្រឹត្តទៅនៅ Mayfair ទីក្រុងឡុងដ៍ ។ ពិព័រណ៍នេះនឹងស្វាគមន៍ការមកដល់នៃជំនាន់ក្រោយរបស់រថយន្តដ៏ប្រណីតបំផុតនេះ ។ ក្នុងរយៈកាលប្រាំបីសប្ដាហ៍ខាងមុខនេះ រថយន្ត Rolls-Royce នឹងប្រកាសថាតើរថយន្ត Phantom ដ៏អស្ចារ្យណាខ្លះដែលនឹងត្រូវធ្វើដំណើរពីប្រទេសនានាក្នុងពិភពលោក ទៅកាន់ទីក្រុងឡុងដ៍ ដោយរៀបរាប់អំពីដំណើររឿងនៃរថយន្តទាំងអស់នេះ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរថយន្តទាំងនេះបានឆ្លងកាត់ ។ រឿងដំបូងគេគឺត្រូវបានកត់ត្រាថាជា “រថយន្ត Phantom I របស់លោក Fred Astaire” ។

“រថយន្ត Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង”

ចាប់តាំងពីបង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩២៥ រថយន្ត Rolls-Royce Phantom បានក្លាយជាសាក្សីនៅក្នុងហេតុការណ៍ពិសេសៗបំផុតនៃប្រវត្តិសាស្ត្រ រាប់ចាប់តាំងពីការចុះហត្ថលេខាលើអនុសញ្ញារហូតដល់កម្មវិធីរបស់រដ្ឋ និងព្រឹត្តិការណ៍នានានៅក្នុងពិភពលោកដែលយើងរស់នៅសព្វថ្ងៃ ។

ជាជម្រើសមួយក្នុងការធ្វើដំណើរសម្រាប់សុភាពបុរស សុភាពនារីនានាដែលមានអំណាច និងឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងរយៈកាល ៩២ ឆ្នាំមកនេះ រថយន្ត Phantom បានដើរតួជាឆ្មាំ ដែលបានសង្កេតយ៉ាងស្ងៀមស្ងាត់លើហេតុការណ៍ពិសេសៗ ដូចជាក្រុមចម្រៀង The Beatles ទទួលរង្វាន់កិត្តិយសរបស់ខ្លួននៅឯព្រះរាជវាំង Buckingham សេនាប្រមុខ Montgomery បើករថយន្តជូននាយករដ្ឋមន្ត្រីគឺលោក Churchill និងឧត្តមសេនីយ៍ គឺលោក Eisenhower និងកំពូលតារាល្បីៗលើសកលលោកជាច្រើនទៀតដែលឡើងទទួលរង្វាន់អូស្ការ (Oscar) ជាដើម ។

ឋានៈរបស់រថយន្តនេះក្នុងនាមជារថយន្តដែលមានឈ្មោះយូរបំផុតរហូតមកទល់នឹងសព្វថ្ងៃគឺជាតឹកតាងបង្ហាញឲ្យឃើញថារថយន្តម៉ូដែល Phantom គឺមានសារសំខាន់សម្រាប់មេដឹកនាំគ្រប់ជំនាន់ រាប់ចាប់តាំងពីប្រមុខរដ្ឋ រហូតដល់ឧត្តមសេនីយ៍ ក្រុមតន្ត្រីយ៍រ៉ុក តារាភាពយន្ត និងឥស្សរជនក្នុងវិស័យឧស្សាហកម្មជាដើម ។

ដើម្បីជាការអបអរដល់កេរតំណែលដ៏អស្ចារ្យនេះ ខណៈដែលប្រវត្តិសាស្ត្រកំពុងកត់ត្រាទុកនៅឡើយ រថយន្ត Rolls-Royce នឹងប្រមូលផ្ដុំរថយន្តម៉ូដែល Phantom ទាំង ៧ ជំនាន់ដ៏ល្បីល្បាញបំផុតនៅក្នុងកម្មវិធី ពិព័រណ៍ឈ្មោះថា “ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង” ចាប់ពីថ្ងៃទី ២៧ ខែកក្កដា នាឆ្នាំនេះ ។

រថយន្ត Phantom ដែលមានម្ចាស់ជាមនុស្សដ៏ល្បីល្បាញ នឹងធ្វើដំណើរពីទីកន្លែងផ្សេងៗក្នុងពិភពលោក មកកាន់ Mayfair ទីក្រុងឡុងដ៍ ហើយព្រឹត្តិការណ៍នេះក៏មិនមានជាលើកទីពីរផងដែរ ហើយនឹងក្លាយជាព្រឹត្តិការណ៍ដើម្បីអបអរការមកដល់នូវម៉ូដែល Phantom ជំនាន់ទី ៨ ដ៏ទំនើបបំផុត ដែលត្រូវបានចាត់ទុកជា “រថយន្តល្អបំផុតក្នុងលោក” ។

ក្នុងរយៈកាល ៨ សប្ដាហ៍ខាងមុខនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបង្ហាញឲ្យឃើញថាតើរថយន្ត Phantom ល្បីៗណាខ្លះដែលត្រូវធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ដើម្បីចូលរួមពិព័រណ៍នេះ ដែលជាឱកាសមួយដែលនឹងត្រូវកត់ត្រាទុកជាទំព័រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ម៉ូដែល Phantom ។

ដំណើររឿងដំបូងគេគឺស្ដីពី “រថយន្ត Phantom I របស់លោក Fred Astaire” ដែលរថយន្តនេះត្រូវបានម្ចាស់របស់ខ្លួន គឺសារមន្ទីរ Petersen នៅទីក្រុង Los Angeles ឲ្យខ្ចីដើម្បីចូលរួមក្នុងពិព័រណ៍នេះ ។

រថយន្ត Rolls-Royce Phantom – “រថយន្តល្អបំផុតក្នុងលោក”

រថយន្ត Rolls-Royce បានចាប់ផ្ដើមផលិតរថយន្ត Phantom I នៅឆ្នាំ ១៩២៥ ។ រថយន្តនេះត្រូវបានអភិវឌ្ឍន៍ដោយសម្ងាត់បំផុត ដោយគម្រោងផលិតត្រូវបានដាក់ឈ្មោះជាកូដថា Eastern Armoured Car ។ នេះមានន័យថា Rolls-Royce មានបំណងផលិតរថយន្តប្រភេទយោធាដែលត្រូវប្រើក្នុងសង្គ្រាមលោកលើកទីមួយ ជាពិសេសត្រូវបានប្រើដោយ Lawrence of Arabia ។ ផ្នែកនានានៃបន្ទះដែកត្រូវបានទុករាយប៉ាយនៅជុំវិញរោងចក្រដើម្បីបំភ័ន្តគូប្រជែងដែលរង់ចាំមើល និងចង់ដឹងការសម្ងាត់អំពីការផលិត “រថយន្តល្អបំផុតក្នុងលោក” នេះ ។

រថយន្ត Phantom I បានទទួលជោគជ័យភ្លាមៗ ។ ម៉ាស៊ីន ៦ ចំណុះ ៧,៦៦៦ លីត្រថ្មីបានផ្ដល់សន្ទុះខ្លាំងមួយកម្រិតទៀតសម្រាប់រថយន្តនេះ ។ នៅពេលក្រុមហ៊ុន General Motors បើកទ្វារទីលានសាកល្បងរថយន្តនៅរដ្ឋ មីឈីហ្គែន ខ្លួនបានរកឃើញថា មិនមានរថយន្តណាដែលអាចធ្វើដំណើរបានពីរជុំសម្រាប់ទីលានប្រវែង ៤ ម៉ែល (៦,៤៣ គីឡូម៉ែត្រ) ក្នុងល្បឿនពេញទំហឹង ដោយមិនខូចប្លុកម៉ាស៊ីនដែលស្ថិតនៅត្រង់ពីស្តុង ដែលតភ្ជាប់ទៅកាន់វីលីគាំង ។ ទោះជាយ៉ាងណា រថយន្ត Phantom I បានដំណើរការយ៉ាងពិសេសឥតខ្ចោះ ហើយបានធ្វើដំណើរក្នុងល្បឿន ៨០ ម៉ែលក្នុងមួយម៉ោងថេរ ដោយមិនមានបញ្ហាឡើយ ។

សេចក្តីប្រាថ្នាឥតរាថយរបស់លោក Sir Henry Royce ដែលចង់ “យកអ្វីដែលល្អបំផុត ហើយធ្វើឲ្យវាកាន់តែប្រសើរជាងមុន” បាននាំឲ្យឈានទៅរកការបង្កើតរថយន្ត Phantom II នៅក្នុងឆ្នាំ ១៩២៩ ដែលលើកនេះគឺប្រើប្រាស់សាក់ស៊ីថ្មីទាំងស្រុង ដែលបានជួយបន្ថែមលំនឹងរថយន្ត ព្រមជាមួយនឹងម៉ាស៊ីនដែលត្រូវបានរចនាថ្មីឡើងវិញ ។

រថយន្ត Phantom បន្ទាប់ទៀត គឺជំនាន់ទីបី គឺជាគម្រោងចុងក្រោយរបស់លោក Sir Henry Royce ។ លោកបានទទួលមរណភាពនៅឆ្នាំ ១៩៣៣ ក្នុងជន្មាយុ ៧០ ឆ្នាំ គឺបន្ទាប់ពីគម្រោងរថយន្ត Phantom នេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍បានរយៈពេល ១២ ខែ ។ ម៉ូដែលថ្មីបានចេញជាសាធារណៈ ដែលមាន ម៉ាស៊ីន ១២ ស៊ីឡាំងល្អឥតខ្ចោះ ត្រូវបានបង្ហាញនៅពីរឆ្នាំក្រោយមក ហើយការផលិតរថយន្តនេះ បានបន្តចាប់ពីឆ្នាំ ១៩៣៦ រហូតដល់សង្គ្រាមលោកលើកទីពីរ ។ សាក់ស៊ីចុងក្រោយត្រូវបានផលិតនៅឆ្នាំ ១៩៤១ ហើយសង្គ្រាមបានធ្វើឲ្យដំណើរការផលិតតួរថយន្តត្រូវបានផ្អាករហូតដល់ឆ្នាំ ១៩៤៧ ។ មិនមានសេចក្តីប្រកាសណាមួយអំពីការផលិតបន្តទៀតឡើយ ហើយនៅពេលនោះវាហាក់ដូចជាម៉ូដែល Phantom គឺជាជនរងគ្រោះម្នាក់ទៀតដោយសារសង្គ្រាមដូច្នោះដែរ ។

នៅឆ្នាំ ១៩៥០ ម៉ូដែល Phantom ជំនាន់ទី៤ បានបង្ហាញខ្លួន ។ ដំបូងឡើយរថយន្តនេះមានបំណងធ្វើជារថយន្តមួយគ្រឿងប៉ុណ្ណោះសម្រាប់ព្រះអង្គម្ចាស់ Philip និងព្រះនាងម្ចាស់ Elizabeth ។ ប៉ុន្តែ នៅពេលឃើញរថយន្តនេះភ្លាម ស្រាប់តែ មានការកុម៉្ម៉ង់ដាច់ដោយឡែក ១៧ គ្រឿងបន្ថែមទៀត ទៅតាមសំណើររបស់ក្រុមគ្រួសាររាជវង្ស និងប្រមុខរដ្ឋជុំវិញពិភពលោក ។ បំពាក់ដោយម៉ាស៊ីន ៨ រថយន្តនេះមានដំណើរការយ៉ាងល្អឥតខ្ចោះក្នុងល្បឿនយឺត ជាពិសេសសម្រាប់ការចូលរួមនៅក្នុងក្បួនដង្ហែពិធីនានា ហើយមានបំពាក់នូវទេវរូបដ៏ល្បី (Spirit of Ecstasy) ដែលមានសណ្ឋានលត់ជង្គង់ នៅលើផ្នែកខាងមុខរថយន្ត ។

រថយន្ត Phantom V (ជំនាន់ទី ៥) ត្រូវបានផលិតចន្លោះឆ្នាំ ១៩៥៩ និង ១៩៦៨ ហើយរថយន្តចំនួន ៥១៦ គ្រឿងនៃម៉ូដែលដ៏ជោគជ័យសម្បើមនេះត្រូវបានផលិតឡើងសម្រាប់អតិថិជននានារួមមាន មាតាម្ចាស់ក្សត្រី (ប្រទេសអង់គ្លេស) អភិបាលនានានៃទីក្រុងហុងកុង ស្ដេច Olav នៃប្រទេសណ័រវ៉េ និងលោក John Lennon ជាដើម ។

រថយន្ត Phantom VI (ជំនាន់ទី ៦ ចន្លោះពីឆ្នាំ ១៩៦៨-១៩៩០) បន្តទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររាជវង្ស ជាពិសេសគឺរថយន្តស៊េរី Silver Jubilee Car ដែលមានដំបូលខ្ពស់ ដែលត្រូវបានផលិតជូនម្ចាស់ក្សត្រី Elizabeth II នៅឆ្នាំ ១៩៧៧ ដោយឧស្សាហកម្មយានយន្តអង់គ្លេស ដើម្បីជាការអបអរដល់ខួបទី ២៥ របស់ម្ចាស់ក្សត្រី នៃការស្នងរាជ្យបល្ល័ង្ក ហើយក្រោយមកត្រូវបានប្រើប្រាស់នៅក្នុងព្រះរាជពិធីអភិសេករបស់ព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ Cambridge ។

នៅឆ្នាំ ២០០៣ ពិភពលោកបានស្វាគមន៍ការមកដល់នៃម៉ូដែល Phantom VII (ជំនាន់ទី ៧) ដែលជាការអបអរនូវការចាប់កំណើតឡើងវិញនៃរថយន្ត Rolls-Royce នៅរោងចក្រថ្មីនៃទីក្រុង Goodwood, West Sussex។ រថយន្តនេះមានភាពទាន់សម័យ ហើយមិនចេះហួសសម័យកាលនោះទេ ខណៈដែលម៉ូដែលនេះនៅរក្សាសម្រស់លក្ខណៈរបស់ Phantom ដដែល ។ រថយន្តម៉ូដែលនេះត្រូវបានបង្កើតឡើងនៅរោងចក្ររថយន្ត Rolls-Royce ដែលជាមជ្ឈមណ្ឌលប្រណីតភាពថ្មីសន្លាង និងទំនើបទាន់សម័យ ។ មានម៉ាស៊ីន 453bhp 6.75-litre V12 មានកម្លាំងសមល្មមក្នុងការទ្រទ្រង់រថយន្តនេះឲ្យបើកបរដោយល្បឿនលើកុងទ័រឡើងពី 0-62mph ក្នុងរយៈពេលតែ ៥,៩ វិនាទីប៉ុណ្ណោះ និងមានបំពាក់រាល់បរិក្ខាល្អៗដែលអតិថិជនចូលចិត្តទំនិញប្រណីតចង់បាន ។ បរិក្ខាបំពាក់រាប់ចាប់តាំងពីឆ័ត្រដែលស្រោបដោយសារធាតុ Teflon និងដុំកណ្ដាលកង់ដែលមិនវិលតាមកង់ បានធ្វើឲ្យសាធារណជនលែងខ្វល់ទៀតហើយដោយដឹងថា ម៉ាកយីហោនេះនឹងមានវត្តមានដោយសុវត្ថិភាព។

ការផលិតរថយន្ត Phantom VII បានបញ្ចប់នៅឆ្នាំ ២០១៦ គឺ ១៣ ឆ្នាំក្រោយពីចាប់ផ្ដើម ។

ពិព័រណ៍រថយន្ត Rolls-Royce៖ “ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង” គឺជាលើកដំបូងហើយ ដែលសំណុំរថយន្តនិមិត្តរូបដ៏វិសេសពិតៗទាំងនេះនឹងជួបជុំគ្នាក្រោមដំបូលតែមួយ ។ គ្រប់រថយន្ត Rolls-Royce Phantom គឺជារថយន្តពិសេស ប៉ុន្តែ ដោយសារតែពង្សសាវតាររបស់រថយន្តនេះ ការជួបជុំនេះនឹងមានតែមួយគ្រឿងៗប៉ុណ្ណោះសម្រាប់មួយជំនាន់ ដែលរថយន្តទាំងអស់នេះធ្លាប់ស្ថិតក្នុងដៃរបស់បុគ្គលល្បីឈ្មោះ ហើយបានរួមចំណែកក្នុងការធ្វើជាសាក្សីនៃប្រវត្តិសាស្ត្រពិភពលោកផងដែរ ។

ព្រឹត្តិការណ៍នេះជាទស្សនីយភាពដ៏វិសេសវិសាល ហើយនិយាយដោយស្មោះត្រង់ យើងប្រហែលជាមិនអាចបានឃើញទិដ្ឋភាពដូច្នេះម្ដងទៀតឡើយ ។

ពិព័រណ៍រថយន្ត Rolls-Royce៖ “ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង”នឹងប្រព្រឹត្តទៅនៅ Mayfair ទីក្រុងឡុងដ៍នៅដំណាច់ខែកក្កដា នាឆ្នាំនេះ ។

ប្រភពពី៖ khmerload

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top