អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > ជីវប្រវត្តិ លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយមាត់រន្ទះ (ភាគ១)

ជីវប្រវត្តិ លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយមាត់រន្ទះ (ភាគ១)

លោក ខឹម-វាសនា គឺជាក្មេងកំព្រាឪពុក, អតីតតួកុន, អ្នកនិពន្ធ, អ្នកដឹកនាំរឿង, អ្នកជំនួញ, អ្នកនយោបាយកម្ពុជា។ លោកជាអតីតសមាជិក នៃគណបក្សសមរង្ស៊ី និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជា នីតិកាលទី៣ នៅឆ្នាំ២០០៣ ។ លោក ខឹម-វាសនា បច្ចុប្បន្នជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាជនបដិវត្តន៍ផ្នត់គំនិតដំបូងគេបង្អស់នៃកម្ពុជា។ លោកជាមនុស្សម្នាក់ដែលមានទស្សនៈវិស័យសម្ភយុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិខ្មែរ។ សព្វថ្ងៃលោកមានគណបក្សផ្ទាល់ខ្លួនដើម្បីបម្រើអោយទស្សនៈនយោបាយរបស់លោក ដោយយល់ច្បាស់ថា គឺជាគន្លឹះតែមួយគត់ក្នុងការផ្លាស់ប្ដូរកម្ពុជាឲ្យជាសង្គមថ្មីស្រឡាងមួយ។

លោកវាសនា កាលនៅគណបក្សសមរង្ស៊ី
លោកវាសនា កាលនៅជាអ្នកថតកុន

លោក ខឹម វាសនា កើតថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៦៥ ត្រូវនឹងឆ្នាំខ្មែរគឺ ឆ្នាំម្សាញ់ ស្ថិតនៅក្នុងភូមិពានា ឃុំក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្តព្រៃវែង។ នៅក្នុងត្រកូលគ្រួសារធ្វើស្រែចំការមួយ ដែលមានបងប្អូនបង្កើតពីរនាក់ ប្រុសមួយ ស្រីមួយ ហើយរូបលោកជាកូនទី១ និងប្អូនស្រីរបស់លោកឈ្មោះ ខឹម ស្រីមុំ។

លោក ខឹម-វាសនា ជាកូនកំព្រារស់នៅជាមួយម្ដាយជាស្ដ្រីមេម៉ាយ ដោយឪពុកលោកស្លាប់ចោលតាំងពីលោកមានអាយុ៦ឆ្នាំមកម្ល៉េះ។ ពោលគឺមុនសម័យ ប៉ុល ពត ក្រោយមកទៀតម្ដាយក៏បានស្លាប់ប្រហែល៨ឆ្នាំ គឺនៅឆ្នាំ ២០០៤ ដោយសារជំងឺស្លាប់មួយចំហៀងខ្លួន។ កុមារភាពរបស់លោកស្ទើរតែទាំងស្រុងត្រូវស្ថិតនៅក្នុងសម័យកាលពីរ គឺសង្រ្គាមឈ្លានពានពីសំណាក់ពួកបរទេស ឆ្នាំ ១៩៧០ ដល់ ១៩៧៥ របបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំដោយលោកសេនាប្រមុខ លន់ ណល់ និង របបប្រល័យពូជសាសន៍ ដែលមានបរទេសនៅពីក្រៅខ្នងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សម័យកម្ពុជាប្រជាធិបតេយ្យ។ ហើយនៅក្នុងសម័យខ្មែរក្រហមនោះទៀតសោត លោកជាក្មេងម្នាក់ក្នុងចំណោមក្មេងៗជាច្រើន រស់នៅក្រោមការគ្រប់គ្រងរបស់ពួកអង្គការអាវខ្មៅ ត្រូវបានអង្គការប្រើអោយធ្វើការដើររើសអាចម៏គោ។

ក្រោយពីរបបវាលពិឃាតខ្មែរក្រហម ត្រូវបានដួលរំលំឆ្នាំ ១៩៧៩ ពេលនោះ គាត់មានអាយុ ១២ឆ្នាំហើយ។ ធ្លាប់ចូលរៀនថ្នាក់ទី២ កាលសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណល់។ ហើយក៏ចុះឈ្មោះចូលរៀនថ្នាក់ទី ២ សារជាថ្មីម្តងទៀត នៅឆ្នាំ ១៩៨១ បន្ទាប់មក ក៏បានផ្លោះថ្នាក់ ទៅរៀនថ្នាក់ទី ៤។ ហើយក្រោយមកម្តងទៀត ក៏បន្តផ្លោះថ្នាក់ទៅ រៀនថ្នាក់ទី ៧ នឹងបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ត្រឹមថ្នាក់ទី ១០ នៅក្នុងឆ្នាំ ១៩៨៦ លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ។ ខណៈសិស្សធម្មតាត្រូវប្រើពេលរៀន១២ឆ្នាំ ទើបអាចប្រឡងបាក់ឌុប តែលោករៀនតែ ៧ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែលោកមានអាយុជិត២0ឆ្នាំហើយ។ ចំណាយពេលអស់រយៈពេល ០៧ឆ្នាំ ក្នុងនាមជាសិស្ស ទើបក្រោយមកលោកខឹម វាសនា បានប្រលងនៅនាយកដ្នានភាពយន្តនៃក្រសួងឃោសនាការ និងព័ត៌មាន។ ក្រោយពីប្រឡងជាប់វិញ្ញាបនបត្រទុតិយភូមិនៅឆ្នាំ ១៩៨៦ លោកក៏បានសិក្សានៅនាយកដ្ឋានភាពយន្ត។

ក្រោយពីសង្គ្រាមរវាងសម័យរដ្ឋកម្ពុជាដែលមានការគាំទ្រដោយរៀតណាមរណបសហភាពសូរៀត និងចលនាខ្មែរ តស៊ូតាមជាយព្រំដែនខ្មែរ-ថៃ របស់សម្តេចនរោត្តម សីហនុ និងលោកតា សឺន សាន ព្រមទាំងខ្មែរក្រហមដែលទ្រទ្រង់ដោយប្រទេសចិន និងសហរដ្ឋអាមេរិក រហូតឈានទៅដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ទើបមកដល់ឆ្នាំ ១៩៩៣ លោកខឹម វាសនាបានរៀនសាលាច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សព្វថ្ងៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច)។ ក្នុងរយៈពេលបួនឆ្នាំសិក្សានៅសាលាច្បាប់ លោកក៏ត្រូវបានជ្រើសរើសជាប្រធានជំនាន់ ទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងរឿងជុំវិញការសិក្សារៀនសូត្ររបស់ពួកនិស្សិត។ ក្រោយមកនៅឆ្នាំ ១៩៩៧ លោកបានបញ្ចប់ការសិក្សាពីសាលាច្បាប់ ទទួលបានបរិញ្ញបត្រនីតិសាស្រ្ត។

ហើយនៅជំនាន់លោក គឺជាជំនាន់ចុងក្រោយដែលរដ្ឋបើកឪកាសអោយនិស្សិត ដែលបញ្ជប់ការសិក្សាអោយចូលបម្រើការងាររបស់រដ្ឋដោយមិនបាច់ប្រឡង ដោយហេតុថារដ្ឋខ្វះខាត ធនធានមនុស្សប្រើការ ហើយលោកក៏មានឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋស្របច្បាប់ក្នុងក្រសួងមហាផ្ទៃ ជាមន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ ប៉ុន្តែលោកមិនបានទៅធ្វើការទេ ដោយលោកព្យួរឈ្មោះចោល រហូតដល់ឆ្នាំ២០០៤។ តែនៅចុងក្រោយដោយសារតែលោកអត់ឃើញទៅចូលធ្វើការយូរពេក ទើបខាងក្រសួងសួរលោកថា មិនមកធ្វើចឹងតើឈ្មោះហ្នឹង លោកគិតយ៉ាងម៉េច ពេលនោះលោកកក៏ប្រាប់អោយលុបចោលទៅ បើគិតទៅអស់រយៈពេល៦ឆ្នាំគត់។

សូមរង់ចាំអានភាគពីរបន្តរទៀត។

ប្រភពពី៖ Dairy.com

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top