អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ប្រវត្តិនៃការសិក្សា​​របស់ លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយមាត់រន្ទះ (ភាគ២)

ប្រវត្តិនៃការសិក្សា​​របស់ លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយមាត់រន្ទះ (ភាគ២)

  • ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិស្ស
  • ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន
  • ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
  • ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ
  • ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្សសមរង្ស៊ី
  • ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង
  • មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្ស
ប្រវត្ដិការនៃសិក្សារបស់លោកក៏ ជាអ្នករៀនពូកែមួយរូបដែរ យុវជន ខឹម វាសនា ជាសិស្សរៀនពូកែ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី និងជាមនុស្សមាននិស្ស័យ ទេពកោសល្យខាងសិល្បៈតែងនិពន្ធដែលជាកត្តាធ្វើឲ្យលោកមានវោហារសាស្រ្តក្នុងការនិយាយ។ ហើយដំបូងលោកបានរៀន ផ្នែកថែរក្សាជួសជុលកាមេរ៉ាអស់រយៈ ពេល៤ឆ្នាំ។ ក្រោយមកនៅឆ្នាំ ១៩៨៦ លោកជានិស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងព័ត៌មាន ហើយបានចេញមកធ្វើការនៅនាយកដ្ឋានភាពយន្ដបានរយៈពេល ២ឆ្នាំ ក្នុងងារវិជ្ជាជីវៈជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង តែក្រោយមកក៏លាឈប់ ប៉ុន្តែកាលណោះសាលាអត់បានចេញ សញ្ញាបត្រឱ្យទេ។
នៅឆ្នាំ ១៩៨៦ លោក វាសនា បានប្រឡងបាក់ឌុបជាប់រួចហើយបានប្រឡងចូលនាយកដ្ឋានភាពយន្ដដោយប្រើពេលវេលា ៤ ឆ្នាំនៅក្នុងវិស័យនេះ។ ជាសិល្បករ សម្ដែង លោក ខឹម វាសនា ជាមនុស្សមានទស្សនៈផ្ទុយពីតារាភាពយន្តរួមអាជីពមួយចំនួននៅក្នុងវិស័យសិល្បៈ។ គាត់មិនជាប់ជំពាក់នឹងភាពហ៊ឺហាឆើតឆាយដូចមិត្តរួមអាជីពឡើយ។ វិស័យភាពយន្តជាទីកន្លែងដែលនាំមនុស្សភ្លើតភ្លើន និងស្រឡាញ់ទ្រព្យសម្បត្តិ។ ប៉ុន្ដែមិនត្រឹមតែធ្វើឲ្យចិត្តលោកជ្រលក់ជាប់ទៅនឹងរឿងទាំងនោះទេតែបែរជាធ្វើឲ្យលោកចង់កែមនុស្សនៅក្នុងវិស័យភាពយន្ដទៅវិញពីព្រោះលោកមានចិត្តផ្ទុយពីពួកគេ។
ក្នុងអាជីពជាតារាសម្តែងបានធ្វើអោយលោកប្រៀបធៀបជីវិតរបស់លោកទៅនឹងព្រះពុទ្ធ កាលទ្រង់នៅក្នុងព្រះបរមរាជវាំង ហើយទស្សនៈនេះក៏ញ៉ុះញ៉ុងឲ្យលោកចង់ផ្លាស់ប្តូររបៀបជីវិតទាំងឡាយរបស់អ្នកសិល្បៈនៅជំនាន់នោះ។ ប៉ុន្តែនៅឆ្នាំ១៩៩៧ លោកបែរជារកឃើញវិធីជីវិតជាអ្នកនយោបាយជាមួយនឹងគណបក្សប្រឆាំង។ ដោយធុញទ្រាន់នឹងភាពជាតារា ជាសិល្បៈករ លោក ខឹម វាសនា បានចូលរៀនច្បាប់ហើយរៀនចប់នៅ ឆ្នាំ១៩៩៧ ជាឆ្នាំដែលលោកត្រូវបានមិត្តភក្ដិអូសទាញឲ្យចូលធ្វើនយោបាយក្នុងគណបក្ស សម រង្ស៊ី។ លោកបានឈរឈ្មោះតំណាងរាស្ដ្រលេខរៀងទី ៥ នៅឆ្នាំ ១៩៩៨ ប្រចាំខេត្តព្រៃវែងតែមិនជាប់ជាតំណាងរាស្ត្រទេ។ លុះដល់ឆ្នាំ ២០០៣ លោក វាសនា បានឈរឈ្មោះជាតំណាងរាស្រ្តម្ដងទៀតលេខរៀងទី ២ ហើយក៏បានជាប់ជាតំណាងរាស្ដ្រនៅខេត្តព្រៃវែង។ ការចូលក្នុងគណបក្ស សមរង្ស៊ី ទៀតសោធក៏មិនមែនជារឿងដែលមានចេតនាស្រឡាញ់ជាតិ ឬចង់ធ្វើធំទេគឺមិនច្បាស់ក្នុងខ្លួនតែម្ដង។ លោក វាសនា បាននិយាយថា៖ «ខ្ញុំមិនមានចំណេះដឹងផ្នែកវិទ្យាសាស្ដ្រនយោបាយអ្វីទេប៉ុន្ដែអ្វីដែលរុញច្រានឲ្យខ្ញុំចេះគិតត្រិះរិះពិចារណាចូលប្រឡូកទៅក្នុងឆាកនយោបាយគឺដោយសារមានសន្ដានស្អប់អំពើអាក្រក់ និងសន្ដានឈឺឆ្អាលចំពោះសង្គមនេះឯង»។
ពេលប្រឡូកក្នុងឆាកនយោបាយយ៉ាងវក់វី និងជូរចត់ជាមួយគណបក្សប្រឆាំង សមរង្ស៊ី មិនទាន់បានមួយអាណត្តិពេញផងលោកក៏ចាប់ផ្ដើមមើលឃើញភាពអយុត្តិធម៌នៅក្នុងសម្បុកគណបក្សរបស់ខ្លួន។ ការរិះគន់ក្នុងបក្សធ្វើឲ្យបក្សមិនសប្បាយចិត្តហើយទីបំផុតបក្សបានសម្រេចបញ្ឈប់លោកខណៈដែលលោកមានបំណងបើកគណបក្សថ្មីមួយដោយខ្លួនឯង។ ក្រោយពីគណបក្សបញ្ចប់បេក្ខភាពជាតំណាងរាស្ដ្រខេត្តព្រៃវែងលោក ខឹម វាសនា បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយជាជំហានដើម្បីស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋជាមុនសិនមុននឹងលោកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅឆ្នាំ ២០០៦ ។ ខណៈពេលដែលគាត់ឈប់ពីគណបក្ស សមរង្ស៊ី ក៏ជាពេលដែលម្ដាយរបស់លោកឈឺធ្ងន់ផងដែរហើយការឈឺរបស់គាត់ភាគច្រើនទាក់ទងនឹងជីវិតនយោបាយរបស់ ខឹម វាសនា ក្នុងរឿងការរកខុសត្រូវជាមួយគេ (គណបក្ស សមរង្ស៊ី) ដោយទាស់ទែងជាមួយគេមិនរលូនខុសពីអ្នកនយោបាយផ្សេងទៀត។ លោកបញ្ជាក់ថា៖ «រឿងដែលខ្ញុំមានវិប្បដិសារៈធំបំផុតស្ទើរពេញមួយជីវិតដោយយកការងារបន្លប់ជីវិតខ្លួនឯងក្រោយពីម្ដាយខ្ញុំបានស្លាប់។ ខ្ញុំមិនទាន់បានធ្វើឲ្យម្ដាយខ្ញុំសប្បាយចិត្តទេ ហើយការងារនយោបាយរបស់ខ្ញុំវាប៉ះពាល់ដល់ជំងឺរបស់ម្ដាយខ្ញុំ។ ខ្ញុំនៅជាមួយម្ដាយតាំងពីតូចរហូតដល់ខ្ញុំបានក្លាយជាតំណាងរាស្ដ្រ»។
អ្នកនយោបាយដែលពូកែប្រើវោហាររិះគន់ដ៏ល្បីល្បាញនៅតាមទីសាធារណៈរូបនេះមិនត្រឹមតែមិនពេញចិត្តជាមួយគណបក្ស សម រង្ស៊ី ទេប៉ុន្ដែក៏មិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា [CPP] ផងដែរ។ លោក ខឹម វាសនា បាននិយាយទៀតថា៖ «គណបក្សប្រជាជនកម្ពុជាមិនអាចផ្ដល់សេចក្ដីសុខឲ្យប្រជាពលរដ្ឋបានទេពីព្រោះមនុស្សដែលគាត់ [CPP] ជ្រើសរើសជាមនុស្សដែលយ៉ាប់រួចទៅហើយ។ ម្យ៉ាងទៀតគាត់ជ្រើសរើសរកមនុស្សពីខាងក្រៅដូចជាពីគណបក្សសង្គ្រោះជាតិ ឬគណបក្សផ្សេងដែលគាត់ [ហ៊ុន សែន] ជ្រើសរើសទៅទាំងអស់ហ្នឹងសុទ្ធសឹងតែជាអ្នកស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលហ្នឹងបុគ្គលបែបហ្នឹងវាគរជើងនៅគណបក្សនេះច្រើនហួសរហូតដល់លោកនាយករដ្ឋមន្ដ្រីមានឆន្ទៈក៏មិនអាចកែកើតដែរ»។ លោក ខឹម វាសនា បានបន្ដថា៖ «បើសិនណាគណបក្សមួយនេះ [CPP] ផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋបានខ្ញុំក៏មិនចាំបាច់បង្កើតគណបក្សទេហើយខ្ញុំក៏មិននៅត្រាំត្រែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ គណបក្សមួយនេះគឺមិនអាចទេ»។
នៅមានភាគបន្តរ
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top