អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > សីលធម៍ពិតជាសំខាន់ ចុះបើមនុស្សមិនឲ្យតម្លៃទៅគ្នាតើប្រទេសជាតិនឹងទៅជាយ៉ាងណា?

សីលធម៍ពិតជាសំខាន់ ចុះបើមនុស្សមិនឲ្យតម្លៃទៅគ្នាតើប្រទេសជាតិនឹងទៅជាយ៉ាងណា?

សីលធម៌ ជាធម៌ទាំងឡាយណាដែលនាំឱ្យមនុស្សវៀរចាកការប្រព្រឹត្តអំពើអាក្រក់ និងនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ​ថ្កុំថ្កើង និង​សន្តិភាព។ ​ដូច្នេះ ប្រសិន​បើ​គ្រួសារ សង្គម ឬប្រទេសជាតិ ឬក៏ពិភពលោកទាំងមូល​ មនុស្ស​គ្រប់​រូប​រស់​នៅ​សុទ្ធ​តែ​ប្រកប​ដោយ​សីលធម៌​នៅ​ក្នុង​ខ្លួន​ នោះ​ការ​អភិវឌ្ឍ​នឹង​កើតមាន​ឡើង​ឥតឈប់ឈរ។ ផ្ទុយទៅវិញ ​ប្រសិន​បើសីលធម៌​ក្នុង​សង្គម​មួយ​ធ្លាក់​ចុះ​ជា​ដុនដាប​ ប្រាកដ​ណាស់​សង្គម​នោះ​ច្បាស់​ជា​ពោរពេញ​ទៅដោយ​ភាព​ចលាចល​ ចោរកម្ម អំពើឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ ​ឬក៏​អាចផ្ទុះ​ជា​សង្រ្គាម​ថែម​ទៀត​ក៏​មាន។​

បើយើងក្រឡេកមកមើលសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ភាពចលាចល អំពើចោរកម្ម ដូចជាលួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ អំពើ​ហិង្សា​ក្នុង​សង្គម តែងតែកើតមានឡើង​ជាញឹកញាប់។ ​តើ​សកម្មភាព​ទាំង​អស់​នេះ ​កើត​ឡើង​ដោយ​សារ​អ្វី?​ គឺកើតឡើង​ដោយ​សារ​កង្វះចំណេះដឹង​ ឬអ្នកខ្លះមានចំណេះដឹងដែរ តែខ្វះសីលធម៌។ កាលណា​មនុស្ស​ក្នុង​សង្គម​មួយ​ខ្វះ​ការ​សិក្សា​អប់រំ ​ឬទទួល​បាន​ការ​សិក្សា​អប់រំ​តិចតួច​ នោះនឹង​ធ្វើឱ្យ​មនុស្សក្នុងសង្គម​នោះ​អសីលធម៌​ ហើយ​កាល​ណាម​នុស្ស​អសីលធម៌ ​ឬគ្មាន​សីលធម៌​ក្នុង​ខ្លួន​ នោះ​ប្រាកដ​ជា​នឹង​កើតមានភាពអនាធិបតេយ្យឥតឈប់ឈរជាក់​ជាពុំខាន។ តួយ៉ាង ​ដូចជា​ជម្លោះ​រវាង​​​អាមេរិក​ និង​​​កូរ៉េខាង​ជើង ​​ថ្មីៗ​នេះ​អ៊ីចឹង​ គឺ​កើត​ឡើងដោយសារការបង្អួតគ្រឿងសពា្វវុធ​ទំនើបៗ​ដាក់គ្នា ​ដើម្បី​សម្ញែង​អំណាច​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ នេះគឺកើតឡើងដោយសារអំពើអសីលធម៌។​

ដូច្នេះ តើត្រូវធ្វើយ៉ាងណាទៅទើបសីលធម៌មិនធ្លាក់ចុះ ហើយសង្គមគ្រួសារ ប្រទេសជាតិ និងពិភពលោក ប្រកបដោយសុខសន្តិភាព?​

ក្នុង​ចំណោម​ចំណុច​ជាច្រើន​ បុគ្គលគ្រប់រូបគួរតែមានសីលធម៌ ៥ យ៉ាងនៅក្នុងខ្លួនជាប្រចាំ ដើម្បីឱ្យសង្គមគ្រួសារ ប្រទេសជាតិ ​ឬពិភព​លោក​ទាំង​មូលប្រក​បដោយ​សុខសន្តិភាព ​ដែល​សីល​ធម៌​ទាំង​៥យ៉ាងនោះរួ​មមាន៖

១. សីលធម៌ផ្ទាល់ខ្លួនឯង មានន័យថា ចេះដឹងខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន​ និងក្លាហាន​ជានិច្ច​ក្នុង​ផ្លូវ​ត្រូវ​…។

២. សីលធម៌ក្នុងគ្រួសារ មានន័យថា ​ត្រូវចេះស្រឡាញ់បីបាច់​ថែរក្សាគ្នាក្នុងគ្រួសារឱ្យបានល្អប្រសើរ និងមានភាពសុខដុម ដោយ​ពុំចាំបាច់គិតពីផលតបស្នងសមាជិកគ្រួសារមកលើខ្លួនវិញឡើយ ព្រោះវាជាតួនាទី ​និង​ភារកិច្ចរបស់​ខ្លួនចំពោះគ្រួសារ។

៣. សីលធម៌ក្នុងវិជ្ជាជីវៈ មានន័យថា ត្រូវមានមនសិការការងារ ប្រកបរបររកស៊ីទៅតាមសមត្ថភាព និងសម្មាជីវោ ​មិន​រំលោភ​សិទ្ធិ​លើ​អ្នក​តូច​​ជាង​​ខ្លួន មិនពុករលួយ មិនកេងប្រវ័ញ្ច និង​មិន​ធ្វើការ​លើសក​ម្លាំងខ្លួនឯង ដែលនាំឱ្យមានជំងឺដល់ខ្លួន។

៤. សីលធម៌ក្នុងសង្គម មានន័យថា ត្រូវរស់នៅក្នុងសង្គមប្រកបដោយសាមគ្គីភាព មិនមើលងាយអ្នកផងនឹងគ្នា ស្រឡាញ់យុត្តិធម៌ សច្ចធម៌​ តម្លាភាព រាប់​​អាន​​មនុស្ស​ទូទៅ​ដោយ​មិន​ប្រកាន់​មាន​ឬក្រ​ សឬ​ខ្មៅ ​មិន​បំពារ​បំពាន​អ្នក​ដទៃ ​និង​ចេះឱ្យ​តម្លៃ​​អ្នក​ជុំវិញខ្លួន.​..។

៥. សីលធម៌ក្នុងពិភពលោក មានន័យថា ត្រូវចេះរួមរស់ប្រកបដោយសុខសន្តិភាពជាមួយបណ្ដាប្រទេសដទៃ​ដោយមិន​ប្រកាន់​ពូជសាសន៍ ​ឬពណ៌​សម្បុរ​ និង​ត្រូវចេះ​រស់​នៅក្នុង​ភាព​ស្មើៗ​គ្នា ​មាន​តម្លៃ​ដូចៗ​គ្នា​ប្រៀប​បាន​ទៅនឹង​បង​ប្អូន​ក្នុង​ផ្ទៃតែ​មួយ។

សូមចងចាំថា ប្រសិនបើមនុស្សគ្រប់ៗរូបអាចប្រកាន់បាននូវសីលធម៌ទាំង៥ខាងលើនេះ ​នោះពួកគេនឹង​អាចរស់នៅក្រោម​ដំបូល​ពិភព​លោក​តែមួយ​ប្រកប​ដោយ​សន្តិភាព​ សុខសុភមង្គល និងភាពសម្បូរសប្បាយជាក់ជាពុំខាន៕

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top