អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > គ្មានពីណាម្នាក់ដែលមិនមានភាពបរាជ័យនោះទេ

គ្មានពីណាម្នាក់ដែលមិនមានភាពបរាជ័យនោះទេ

លោក គួច ម៉េងលី ធ្លាប់បានលើកឡើងថា មនុស្សលើលោកនេះ គ្មាននរណាម្នាក់ចេះសព្វគ្រប់ឡើយ ​ហើយក៏​គ្មាន​នរណា​ម្នាក់​ល្ងង់​ដប់​​គត់​នោះ​ដែរ ​​នៅ​ក្នុង​សង្គម​មនុស្ស​​តែង​​តែ​​មាន​អ្នក​ដឹង​ខ្លះ​និងមិនដឹងខ្លះ ដែលជាសភាពជាក់ស្តែងរបស់មនុស្ស។​ តាម​ការ​ពិត​រឿង​ជោគ​ជ័យ​និង​បរាជ័យ ​ក៏មិន​ខុស​គ្នា​ឆ្ងាយ​ពី​ស្ថានភាព​នេះ​ដែរ ​គឺ​គ្មាន​នរណា​ម្នាក់​អង្គុយ​​ជោគជ័យ​តែ​រហូត​នោះទេ​ មែន​ទែន​ទៅ ​នៅ​ពី​ក្រោយ​ខ្នង​បុគ្គល​ជោគជ័យ​ គឺ​មាន​រឿង​បរាជ័យ​ជា​ច្រើន​ គ្រាន់​តែ​អ្នក​ខ្លះ​ព្រម​ទទួល​ស្គាល់ ​ឯ​អ្នក​ខ្លះ​ព្រម​មិន​ទទួល​យក​ថា ​នោះ​គឺ​ជា​បរាជ័យ​ទេ។​

ជាកា​រពិតណាស់ បុគ្គលដែលជោគជ័យលើកិច្ចការអ្វីមួយ ភាគច្រើនគឺបានឆ្លងកាត់បរាជ័យមិនតិចលើកនោះទេ ជាក់ស្តែងមុន​នឹង ​ជោគជ័យ​លើ​អាជីវកម្ម និង​ក្លាយ​ជា​មហា​សេដ្ឋី​មួយ​រូប​នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិតចិន លោក ជេក ម៉ា (Jack Ma​)​ បានឆ្លង​កាត់​បរាជ័យ​ច្រើន​ណាស់។​ ក្នុង​នោះ ​លោក​ធ្លាប់​បរាជ័យ​លើ​ការ​សិក្សា​ដោយ​សាកលវិទ្យាធិការបដិសេធមិនឱ្យចូលរៀនចំនួន១០ដង​ ហើយ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ លោកបានប្រឡងធ្លាក់ចំនួន៣លើកទៀតផង។​

បន្ទាប់ពីបរាជ័យលើការសិក្សានោះ លោកក៏បានដើរដាក់ពាក្យសុំការងារតាមបណ្តាក្រុមហ៊ុនចំនួន៣០​កន្លែង ​ដោយ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ ហើ​យ​អ្វី​កាន់​តែ​អាម៉ាស​ជាង​ទៅ​ទៀត​នោះ ​ក្នុងចំណោមបេក្ខជន២៤នាក់ ដែលដាក់ពាក្យសុំចូលបម្រើការងារ​នៅ​ក្រុមហ៊ុន ​KFC​ គឺ​មាន​តែ​លោក​ម្នាក់​គត់​ដែល​គេ​មិន​ទទួល​យក​ ព្រោះ​គេ​គិត​ថាលោក​ជា​មនុស្ស​មិន​ស្អាត​បាត​ និង​ទាប​ខុសខ្នាត។ ​ទន្ទឹម​នឹង​ការ​ឆ្លង​កាត់​ភាព​ជូរ​ចត់ ​និង​បរាជ័យ​ទាំង​នេះ ​លោក ជេក ម៉ា ក៏បង្កើតអាជីវកម្មដោយខ្លួន ​ហើយនៅ​ទី​បំផុត​លោក​ក៏​បាន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ និងជាមហាសេដ្ឋីមួយរូបនៅលើពិភពលោកដូចបច្ចុប្បន្ននេះ។ ​

ក្រៅពីនេះ ក៏នៅមានបុគ្គលជោគជ័យជាច្រើនទៀត ដែលគេមិនបានដឹង ឬមិនសូវចាប់អារម្មណ៍ពីរឿងបរាជ័យនៅខ្នងរបស់​ពួកគេ។ ​ថ្វី​ដ្បិត​តែ ​បុគ្គល​ជោគជ័យ​សុទ្ធ​តែ​មាន​រឿង​បរាជ័យ​ជាច្រើន​ពីក្រោយ​ខ្នង​ក៏​ពិត​មែន ​ក៏ប៉ុន្តែ​បុគ្គល​ទាំង​នោះ​នៅតែ​ជា​បុគ្គល​ជោគជ័យ។ ​ជោគ​ជ័​យ ក៏​ព្រោះ​តែ​បុគ្គល​ទាំង​នោះ​គិត​ថា ​បរាជ័យ​មិន​មែនជារឿងគួរឱ្យអាម៉ាស ហើយក៏មិនមែនជាទីបញ្ចប់នៃជីវិតដែរ ​តែអ្វី​ដែល​គួរ​ឱ្យ​អាម៉ាស​នោះ គឺការ​បាក់​​ទឹក​ចិត្ត និង​មិន​ហ៊ាន​ព្យាយាម។ ​ជោគជ័យ​មិន​ឈរ​នៅ​ខាង​អ្នក​ទន់​ខ្សោយ ​អ្នក​បាក់​ទឹក​ចិត្ត​ ឬ​អ្នក​គ្មាន​គំនិត​ឡើយ ​គឺឈរ​នៅ​ខាង​អ្នក​មាន​គំនិត ពូកែអត់ធ្មត់ និងអ្នកពូកែតស៊ូព្យាយាម៕

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top