អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > នៅទីបំផុត ការអនុវត្តន៍ច្បាប់នៅស្រុកខ្មែរ នៅតែជៀសមិនផុតពីស្ដង់ដាដដែលៗ

នៅទីបំផុត ការអនុវត្តន៍ច្បាប់នៅស្រុកខ្មែរ នៅតែជៀសមិនផុតពីស្ដង់ដាដដែលៗ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ មហាជន បានអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ទៅលើជនល្មើស ឈ្មោះ លឹម ចំណាន នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលត្រូវជាកូនប្រុស ឯកឧត្ដម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំពោះករណី បុគ្គលឈ្មោះ លឹម ចំណាន បាញ់បោះសេរីគំរាមកំហែងគេឯងនេះ អាជ្ញាធរមានសមត្ថកិច្ចមិនបានបញ្ជូនសំណុំរឿងទៅតុលាការទេ គឺបានត្រឹមតែទទួលពិន័យតាមបទបញ្ជានគរបាលជាតិប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ មហាជនដែលកំពុងតែតាមដានរឿងនេះ បានសម្ដែងការសោកស្ដាយជាខ្លាំង ពីព្រោះ កាលពីម្សិលម៉ិញនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអួតថា “អំពើល្មើសច្បាប់ ត្រូវទទួលទោសចំពោះមុខច្បាប់ ទោះជននោះជាមន្ត្រីអនុវត្តច្បាប់ក៏ដោយ”។ ក៏ប៉ុន្តែ នៅទីបំផុត ក្រោយពីមានការសួរនាំពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិរួចមក ជនល្មើសត្រូវបានបញ្ជូនទៅអង្គភាពរបស់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីទទួលការពិន័យទៅតាមច្បាប់របស់នគរបាលជាតិតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៥ៈ៥៨នាទីថ្ងៃសៅរ៎៏ ទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ បុរសម្នាក់មានតួនាទីជានាយរងការិយាល័យចរាចរ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បើករថយន្ដកៀររថយន្ដរងគ្រោះហើយ មិនឈប់ដោះស្រាយទេ ថែមទាំងដកកាំភ្លើងបាញ់មួយគ្រាប់គំរាមភាគីរងគ្រោះទៀត។

ដូច្នេះ អ្វីដែលបងប្អូនបានកំពុងតែរង់ចាំមើលទាំងអស់គ្នា គឺមិនបានដូចបំណងឡើយ ពីព្រោះ ការអនុវត្តន៍ច្បាប់នៅស្រុកខ្មែរ នៅតែជៀសមិនរួចពី ស្ដង់ដាពីរ ដដែល គឺជាមួយរាស្ត្រទន់ខ្សោយ អនុវត្តផ្សេង ហើយជាមួយអ្នកមានអំណាច អនុវត្តផ្សេង៕ 

ប្រភពពី៖ cambodiasymbolofchange

 

 

 

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top