អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > នណារខ្លះមិនទាន់ដឹងពីកំពូល ភេរវករ​លំដាប់​ថ្នាក់​លេខ១​ លើ​ពិភពលោក​

នណារខ្លះមិនទាន់ដឹងពីកំពូល ភេរវករ​លំដាប់​ថ្នាក់​លេខ១​ លើ​ពិភពលោក​

ចាប់​តាំង​ពី​ហេតុការណ៍​មហា​វិនាសកម្ម​លើ​អគារ​ភ្លោះ​ វើលទ្រេត​ សិនទ័រ​ នា​ក្រុង​ញ៉ូវយ៉ក​ សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១​ មក​ អូសាម៉ា​ ប៊ិនឡាដិន​ ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ គឺ​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​ការ​បង្កើត​វិនាសកម្ម​នោះ​ ព្រោះ​មហន្តរាយ​ជា​ច្រើន​ដែល​កើត​ឡើង​ពី​ពេល​មុននេះ​ សុទ្ធតែ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ អូសាម៉ា​ ប៊ិនឡាដិន​ ជា​អ្នក​បញ្ជា​ទាំងអស់​។​ លោក​ អូសាម៉ា​ ប៊ិនឡាដិន​ កើត​នៅ​ឆ្នាំ​១៩៥៧​ នាទីក្រុង​រីយ៉ាង​ ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ ក្នុង​គ្រួសារ​ជា​អ្នកកាន់​សាសនា​តឹងរ៉ឹង​ ដែល​ឪពុក​ជាមហាសេដ្ឋី​លក់​គ្រឿង​សំណង់​ ឈ្មោះ​ ម៉ូហាម៉ាត់​ ប៊ិនឡាដិន​។​

បើ​យោង​តាម​ទស្សនៈ​របស់​ អូសាម៉ា​ ប៊ិនឡាដិន​ ពួក​មហាអំណាច​លោក​ខាងលិច​ និង​ជាពិសេស​ សហរដ្ឋអាមេរិក​ បាន​ជាន់​ឈ្លី​ទៅ​លើ​ទឹកដី​ដ៏ស័ក្តិសិទ្ធិ​របស់ពួក​គេ​ រហូត​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​ក្រោកឈរ​ឡើង​តស៊ូ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​សាសនា​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ពិចារណា​ទៅ​លើ​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​ ក៏​មិន​សមស្រប​ទៅតាម​ជំនឿរ​បស់​សាសនា​ខ្លួន​ឯង​ដែរ​ ព្រោះ​ពុំ​មាន​សាសនាណា​ដែល​បង្រៀន​ឱ្យ​មនុស្ស​មក​បង្ក​វិនាសកម្ម​ដល់​មនុស្ស​មួយ​ភាគធំ​ដែល​ជា​ប្រជាជន​ធម្មតា​ ពុំបាន​ដឹងឮ​រឿង​ទំនាស់​ជម្លោះ​នយោបាយ​អ្វី​ទាំងអស់​។​ ដូច្នេះ​តើ​អំពើ​របស់​ពួក​គេ​និង​ពួក​អាមេរិក​មាន​អ្វីខុសប្លែក​ពីគ្នាទៅ​?

សូមជម្រាប​​ជូន​ថា​ នៅ​ពេល​អតីត​សហភាព​សូវៀត​ បាន​វាយ​លុក​យក​ប្រទេស​អាហ្វហ្កានីស្ថាន​នៅឆ្នាំ​១៩៨០​ ដោយ​សារតែ​ការ​ដិត​ជាប់​នឹង​ពាក្យ​ប្រៀន​ប្រដៅ​របស់សាសនា​ ធ្វើ​ឱ្យ​ប៊ិន​ឡាដិន​ មាន​អារម្មណ៍​ឈឺ​ចាប់ជាខ្លាំង​ ចំពោះ​ទង្វើ​រំលោភ​បំពាន​របស់សូវៀត​។ បន្ទាប់​មក​ គេបាន​ធ្វើ​ដំណើរ​ទៅកាន់​ អាហ្វហ្កានី​ស្ថាន​ដើម្បី​វត្ថុ​បំណង​ថា​ប្រទេស​មូស្ល៊ីម​ដូចជា​ អាហ្វហ្កានីស្ថាន​ នេះ​មិនសម​គួរ​ធ្លាក់​ទៅ​នៅ​ក្រោម​អំណាច​របស់​អ្នកគ្រប់គ្រង​ដែល​កាន់សាសនា​ដទៃ​ដូច​សហភាព​សូវៀត​​នេះ​ទេ​ ទើប​គេ​សម្រេច​ចិត្ត​ចេញ​ធនធាន​ផ្ទាល់ខ្លួន​ក្នុងការ​បង្កើត​កង​កម្លាំង​ឧទ្ទាម​ចាំ​លួចវាយ​ឆ្មក់​កង​ទ័ព​សូវៀត​ដោយ​មាន​សហរដ្ឋ​អាមេរិក​ជាអ្នក​ជួយគាំទ្រ​នៅពី​ក្រោយ​យ៉ាង​សម្ងាត់​ជាទីបំផុត​។​ បណ្ដា​ពួក​ឧទ្ទាម​របស់គេ​នេះ​ បំពេញ​ភារកិច្ច​ដោយ​ជំនឿ​យ៉ាងងងប់ងងុល​ទៅ​លើពាក្យ​ប្រៀនប្រដៅ​របស់​សាសនា​ រហូត​ហ៊ានពលី​ជីវិត​ សូម្បី​តែ​មហាសេដ្ឋី​ក៏សុខចិត្ត​ចូលមក​កាន់​អាវុធដោយ​ពុំ​មាន​ខ្លាច​ស្លាប់​អ្វី​ឡើយ​។​

លុះ​ពេល​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន​ បាន​បញ្ចប់​ទៅ​ហើយ​ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជូន​កង​ទ័ព​មក​នៅ​លើទឹកដី​ប្រទេស​នេះវិញ​ម្ដង​ ដែល​វា​ផ្ទុយ​នឹង​គោលការណ៍​ក្នុង​សាសនា​អ៊ីស្លាម​ ដែល​មាន​ខបញ្ញាត្តិ​ហាម​មិន​ឱ្យ​អ្នក​ក្រៅ​សាសនា​ចូល​មក​ទន្រ្ទាន​លើ​ដែនដី​ដ៏ស័ក្តិសិទ្ធិ​របស់​ពួក​គេទេ​ រួម​ផ្សំ​នឹង​បាន​ការ​លើកទឹក​ចិត្ត​ពី​ អាយ៉ាតុឡោះខូមេនី​ មេដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ ស៊ីអាក់​ នៃ​ប្រទេស​អ៊ីរ៉ង់​ ដែល​ទាមទារ​ឱ្យ​បណ្ដេញ​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេសនេះ​។​ ការណ៍នេះ ​ធ្វើឱ្យ​ ប៊ិនឡាដិន​ ចាប់​ផ្ដើម​មាន​គំនិត​ថា​ តាម​ការ​ពិត​​ ការ​ដែល​សហរដ្ឋ​អាមេរិក​លូក​ដៃ​ចូល​មក​ជួយ​ដល់​ពួក​ខ្លួន​ក្នុង​ការ​ចាត់តាំង​កង​កម្លាំង​ឧទ្ទាមនេះ​ គឺ​ដើម្បី​ផលប្រយោជន៍​របស់ខ្លួន​ដែល​បាន​មក​ពី​សម្បទាន​ប្រេង​ឆៅ​នៅ​ភូមិ​ភាគ​មជ្ឈិម​បូព៌ានេះ​ឯង​។​ នេះក៏​ជាការ​គាប​សង្កត់​ ហើយ​ជំទាស់​នឹង​កិច្ចការ​ការខាង​សាសនា​ដ៏ស័ក្តិសិទ្ធិ​របស់​ពួក​គេ​ដូច​មុន​ដែរ​។​ គឺ​គំនិត​ក្នុង​ការស្ដារ​ឡើង​វិញ​នូវ​សង្រ្គាម​ស័ក្តិសិទ្ធិ​ ដើម្បី​លើក​ស្ទួយ​និង​ការពារ​សាសនា​ប្រៀប​ដូច​ សាឡាឌិន​ ស៊ុលតង់​ កំពូល​អ្នក​ចម្បាំង​ពី​បុរាណ​ធ្លាប់​អនុវត្ត​ក្នុង​សង្គ្រាម​គ្រូ​សេដ​ នោះឯង​។ ​ប៊ិនឡាដិន​ បានប្រកាស​ថា​ ខ្លួន​គឺជា​អ្នក​ដែល​មក​បំពេញ ​ភារកិច្ច​ដែល​ត្រូវ​គេបោះបង់ចោលនេះ​ ដោយ​ធ្លាប់​បាន​ពោលតាម​ គ្លីបវីដេអូថា​ “យើង​បាន​ឃើញ ​សាឡាឌិន​ និម្មិត​ខ្លួន​នៅ​លើមេឃ.​..!”​។​

គួរ​ជម្រាប​ជូនថា​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សកម្មភាព​បង្ក​អសន្តិសុខ​អស់រយៈ​ពេល​ដ៏យូរ​មកនោះ​ ក្នុង​ឆ្នាំ១៩៨៨​ ប៊ិនឡាដិន​ ក៏បាន​ចាប់ផ្ដើម​បង្កើត​ក្រុម​ឧទ្ទាម​ភេរវកម្ម​ “អាល់កៃដា”​។​ លុះនៅ​ថ្ងៃ​ទី១១​ ខែកញ្ញា​ ឆ្នាំ២០០១​ លោក​ទាំង​មូល​បាន​ផ្លាស់​ប្ដូរ​រូបភាព​ដោយ​សារព្រឹត្តិការណ៍​​បញ្ជា​យន្តហោះឱ្យ​បុក​កម្ទេច​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ វើលទ្រេត​ សិនទ័រ​ (World​ Trade​ Center​) ​និង​អគារ​ប៉ង់តាហ្កូន​ (Pentagon)​ នៃ​សហរដ្ឋអាមេរិក​ ដោយ​អាជ្ញាធរ​របស់​សហរដ្ឋអាមេរិក​មិនបាន​ដឹង​ខ្លួន​ជា​មុន​ឬត្រៀម​ខ្លួន​ការពារ​ឱ្យ​បាន​ទាន់​ពេល​វេលា​អ្វីដែរ​។​ ក្នុង​ព្រឹត្តិការណ៍នេះ​ គេ​ជឿថា​មាន​ចំនួន​មនុស្ស​ស្លាប់​ជាង​៦ពាន់នាក់​ ឬ​អាច​លើស​ពីនេះ។​

ក៏​គួរជម្រាប​ជូន​ដែរ​ថា​ លោក​ អូសាម៉ា​ ប៊ិនឡាដិន​ ត្រូវ​រដ្ឋាភិបាល​អាមេរិក​ចោទ​ប្រកាន់​ពីបទ​ ធ្វើ​វិទ្ធង្សនា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​ជីវិតជន​ស៊ីវិល​និងយោធាជាច្រើន​កន្លែង​ បាន​ដាក់​បន្ទុះ​គ្រាប់បែក​បំផ្លាញ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កេនយ៉ា​ និង​តង់ហ្សានី​ ក្នុង​ឆ្នាំ​១៩៩៨​ និង​ហេតុការណ៍​ថ្ងៃទី១១​ កញ្ញា​ ២០០១​។​ ប៊ិនឡាដិន​ ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​ ៣រូប​ រួមមាន​ ប៊ីល​ គ្លីនតុន​, ចច​ ប៊ូស​ និង​បារ៉ាក់​ អូបាម៉ា​ បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​។​ រហូតមក​ទល់​ថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០១១​ លោក​ ប៊ិនឡាដិន ត្រូវ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ រួម​សហការ​ជាមួយ​និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​ សេអ៊ីអា​ (CIA)​ វាយ​ប្រហារ​ទៅ​លើ​លំនៅ​ឋានលាក់ខ្លួន​ និង​សម្លាប់​ ក្នុង​ភូមិ​អាប់បុត្តាបាដ​ (Abbottabad)​ នៃ​ប្រទេស​ប៉ាគីស្ថាន​ ក្រោម​បញ្ជា​របស់លោក​ បារ៉ាក់​ អូបាម៉ា​។ សាកសព​ ប៊ិនឡាដិន​ ត្រូវ​គេយក​ទៅ​ពិនិត្យ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ រួច​ក៏យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្រ​ រយៈ​ពេល​២៤​ម៉ោង​បន្ទាប់​ពីពេល​ស្លាប់​។​ ម្យ៉ាង​ក្រុម​ អាល់កៃដា​ បាន​ប្រកាស​ទទួល​ស្គាល់​មរណភាព​របស់ ​ប៊ិនឡាដិន​ នៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០១១​។​ ប៉ុន្តែ​អ្វី​ដែល​ជា​ចម្ងល់​របស់​មនុស្ស​ទូទាំងសកល​​លោក​គឺ​ បើអត់ពី​ ប៊ិនឡាដិន​ ទៅ​ តើក្រុម​អាល់កៃដា​ ពិត​ជារលាយដែរ​ឬទេ?​ ព្រោះបើ​ទោះបី​ ប៊ិនឡាដិន​ ជា​បិសាច​​សម្រាប់​មនុស្ស​មួយ​ក្រុម​ តែគេ​ក៏​នៅតែជា​ព្រះ​របស់​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​នោះ?៕​

សម្រង់ពី​៖​ សៀវភៅ​ “បុគ្គលខ្លាំង​ អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិ​សាស្រ្ត​លោក​”​ រៀបរៀង​ដោយ​ គឹម​ ចាន់ណា​។​ ទំព័រ​ ២២៦​ ដល់​២៣៣​។​

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top