អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ចង់ដឹងទេ! អំពីប្រវត្តផ្លូវកម្ពុជាក្រោម

ចង់ដឹងទេ! អំពីប្រវត្តផ្លូវកម្ពុជាក្រោម

កម្ពុជា​ក្រោម គឺជា​ផ្លូវ​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ផ្លូវ​នេះ​មាន​ចម្ងាយ ៣,៣​គីឡូម៉ែត្រ ចាប់ពី​ផ្សារ​ធំថ្មី រហូតដល់​ស្ពាន​អាកាស ៧​មករា ដែល​ឋិត​នៅក្បែរ​សាកលវិទ្យាល័យ​ភ្នំពេញ​។ ហេតុអ្វី​បានជា​មេដឹកនាំ​ខ្មែរ​ជំនាន់​មុន ដាក់ឈ្មោះ​ផ្លូវ​នេះ​ថា​ជា​ផ្លូវ​កម្ពុជា​ក្រោម​?

​នៅពេល​និយាយ​ដល់​កម្ពុជា​ក្រោម ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​ដែនដី​ខ្មែរ​មួយ​ភាគ​ធំ ឋិត​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើត​នៃ​អតីត​អាណាចក្រ​ខ្មែរ ដែល​ត្រូវបាន​ជនជាតិ​វៀតណាម លេប​ត្របាក់​យក​បន្តិច​ម្តងៗ​តាំងពីដើម​សតវត្សរ៍​ទី​១៧ ហើយ​គ្រប់គ្រង​រហូតមកទល់​សព្វថ្ងៃ​។​

​បើទោះជា​ដែនដី​នេះ បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេសជិតខាង​ក្តី ប៉ុន្តែ​អ្នកដឹកនាំ​ជំនាន់​មុន​មួយចំនួន នៅតែ​ខិតខំ​ថែរក្សា​ឈ្មោះ​របស់​ដែនដី​មួយ​នេះ ទុក​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ឬ​ទាញ​ការចាប់អារម្មណ៍​របស់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​នឹក​ទៅដល់​ដែនដី​ដែល​បាន​បាត់បង់​ទៅហើយនោះ​។ ជាក់ស្តែង ការដាក់​ឈ្មោះ​មហាវិថី​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថា​ជា​មហាវិថី​កម្ពុជា​ក្រោម អាច​មិនមែនជា​រឿង​ចៃដន្យ​របស់​អ្នកដឹកនាំ​ជំនាន់​មុន​នោះទេ​។

​បើទោះជា​អាជ្ញាធរ​បច្ចុប្បន្ន ពិសេស​សាលា​រាជធានី​ភ្នំពេញ មិនបាន​ចងក្រង​ជា​ឯកសារ​ផ្លូវការ​នូវ​ប្រវត្តិ​របស់​ផ្លូវ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ក្តី ប៉ុន្តែ​ជាការ​កត់សម្គាល់ ការដាក់​ឈ្មោះ​ផ្លូវ​ដោយ​ប្រើ​ឈ្មោះ​បុគ្គល ឈ្មោះ​ទីតាំង ឬ​ឈ្មោះ​ប្រទេស​ណាមួយ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នកជំនាន់ក្រោយ​នឹក​ដល់​បុគ្គល ឬ​ទីតាំង​នោះ ឬ​នឹក​ទៅដល់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា ជាមួយ​ប្រទេស​ទាំងនោះ​។​

​ជាក់ស្តែង នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ជាច្រើន ដែលមាន​ឈ្មោះ​ខ្សែលោហិត​រាជវង្ស ដូចជា​ផ្លូវ​នរោត្តម ស៊ីសុវត្ថិ សុធារស សុរាម្រិត មុនី​វង្ស មុនី​រ៉េត និង​សីហនុ​។ ក្រៅពីនោះ ឈ្មោះ​ផ្លូវ​មួយចំនួន គឺជា​ឈ្មោះ​របស់​មេដឹកនាំ​បរទេស ឬ​ឈ្មោះ​ប្រទេស​ដទៃ​តែម្តង ក្នុងនោះ​ដូចជា​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល (Charles De Gaulle) ផ្លូវ​នេ​រុ (Nehru) ផ្លូវ​ម៉ៅ​សេទុង (Mao Tse Tung) ផ្លូវ​ឆេ​កូ​ស្លូ​វ៉ា​គី (Czechoslovakia) ឬ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជាដើម​។ ឈ្មោះ​ផ្លូវ​ទាំងអស់នេះ ភាគច្រើន​ត្រូវ​បានដាក់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ការដឹកនាំ​របស់​អតីតព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ​។​

​ទាក់ទង​នឹង​ឈ្មោះ​ផ្លូវ​កម្ពុជា​ក្រោម វិញ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ លោក សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍ថា លោក​មិនដែល​បានឃើញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ផ្លូវ​នេះ​ទេ ប៉ុន្តែ​លោក​អះអាងថា ផ្លូវ​កម្ពុជា​ក្រោម​នេះ​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ការដឹកនាំ​របស់​សម្ដេចព្រះ​នរោត្តម សីហនុ មកម្ល៉េះ​។ សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា កត់សម្គាល់ថា ការដែល​អតីតព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​ឈ្មោះ​ផ្លូវ​ដូចនេះ គឺ​ព្រះអង្គ​មាន​រាជបំណង​ឲ្យ​កូនចៅ​របស់​ព្រះអង្គ​ជំនាន់​ក្រោយ នៅ​ចងចាំ​ជានិច្ច​អំពី​អតីត​ទឹកដី​របស់​ខ្មែរ បើទោះជា​ទឹកដី​នោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​ដទៃ​ក្តី​។ លើសពីនេះ វា​ក៏​ជាការ​ទាញអារម្មណ៍​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​យកចិត្តទុកដាក់​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​របស់ខ្លួន​។​

​លោក សំបូរ មា​ណ្ណា​រ៉ា កោតសរសើរ​ចំពោះ​ស្មារតី​ដាស់តឿន​កូន​ខ្មែរ​តាមរយៈ​ការដាក់​ឈ្មោះ​ផ្លូវ​បែបនេះ​។ លោក​ក៏​ជំរុញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេសជាតិ​របស់ខ្លួន និង​ក៏​ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ ពិសេស​សាលា​រាជធានី​ភ្នំពេញ ចងក្រង​នូវ​ប្រវត្តិ​ផ្លូវ ឬ​ទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​អ្នកជំនាន់ក្រោយ​បាន​ស្វែងយល់ ព្រោះ​លោក​ថា ក្នុងពេល​បច្ចុប្បន្ន កន្លែង​ខ្លះ​មានតែ​ឈ្មោះ តែ​ស្លាកស្នាម​ចាស់​សម្រាប់​សម្គាល់​ទីតាំង​ចាស់​នោះ​មិនមាន​ឡើយ​៖ «​ត្រូវតែ​រួមចំណែកគ្នា​ចងក្រង បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង ដើម្បី​ឲ្យ​កូនចៅ​ខ្មែរ​យើង​ចងចាំ​។ ឧទាហរណ៍​មើល​ពេទ្យ​ចិន ឥឡូវ​ពេទ្យ​ចិន នៅ​កន្លែង​ណា​? អត់​មាន​ពេទ្យ​ចិន ទេ​។ អ៊ីចឹង​យើង​ត្រូវ​ដឹងថា កន្លែង​ណា​មាន​ពេទ្យ​ចិន ឥឡូវ​ឈ្មោះថា​បឹង​កេងកង ឥឡូវ​បាត់​បឹង​ហើយ​ហ្នឹង​។ អ៊ីចឹង​យើង​គួរតែ​ស្វែងយល់ ហើយ​ចងក្រង​តាម​ផ្នែក​នីមួយៗ ដើម្បី​ឲ្យ​កូន​ខ្មែរ​ដឹង វា​គ្រាន់តែ​ជា​ប្រវត្តិសាស្ត្រ​»​។​

​បើទោះជា​រាជធានី​ភ្នំពេញ ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ ពញាយ៉ាត តាំង​ឆ្នាំ​១៤៣៤ ក្តី ប៉ុន្តែ​ដោយសារ​ប្រទេស​មាន​សង្គ្រាម​មិន​ឈប់ឈរ ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយៗ​បាន​ផ្លាស់​ទីក្រុង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ រហូតមកដល់​ឆ្នាំ​១៨៦៥ ក្នុង​រាជ្យ​ព្រះបាទ​នរោត្តម ទើប​ព្រះអង្គ​យាង​មក​តាំង​រាជធានី​នៅ​ភ្នំពេញ​វិញ​។ រាជធានី​ភ្នំពេញ ក៏បាន​វិវឌ្ឍន៍​ចាប់តាំងពី​ពេល​នោះមក​រហូតមកទល់​សព្វថ្ងៃ​។​

​ក្រោយពី​កម្ពុជា ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ អតីតព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន មាន​ផ្លូវថ្នល់ ស្ពាន សាលារៀន អគារ​រស់នៅ​របស់​ព​ល​រដ្ឋ មន្ទីរពេទ្យ ក្រសួង សាកលវិទ្យាល័យ វិមានឯករាជ្យ រោង​មហោស្រព និង​ពហុ​កីឡដ្ឋាន​ជាតិ ជាដើម​។ ដោយឡែក​ឈ្មោះ​ផ្លូវ​ភាគច្រើន​ដែលមាន​សព្វថ្ងៃ គឺ​បន្សល់ទុក​តាំងពី​សម័យ​នោះមក​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា លោក​មិន​បានដឹង​ពី​ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម នេះ​ទេ​។ លោក​ថា សាលា​រាជធានី​ភ្នំពេញ ក៏​ពុំមាន​កម្រង​ឯកសារ​ស្ដីពី​ប្រវត្តិ​ផ្លូវ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​នៅឡើយ​ដែរ​។

​ចំណែក​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា លោក តាំង សារៈ ក៏​មិន​បានដឹង​ពី​ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម នេះដែរ តែ​លោក​គ្រាន់តែ​ដឹងថា ផ្លូវ​នេះ​មាន​តាំងពី​សម័យ​សម្ដេចព្រះ​នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស ដែល​នេះ​លោក​ចាត់ទុកថា ជាការ​យកចិត្តទុកដាក់​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ​ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​៖ «​ខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ខ្ពង់ខ្ពស់ និង​ត្រឹមត្រូវ​ជាទីបំផុត ដែល​បាន​យកឈ្មោះ​កម្ពុជា​ក្រោម​មួយ​ទាំងមូល យកមក​ប្រសិទ្ធិ​នាម​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​និង​ផ្លូវ​មួយចំនួនទៀត ពិតមែន​ផ្លូវ​ខ្លះ​មាន​ទំហំ​តូច ហើយ​មាន​ប្រវែង​ខ្លី ក៏ប៉ុន្តែ​ជា​ភស្តុតាង​មួយ ដើម្បី​រំឭក​នូវ​ភូមិសាស្ត្រ​នៃ​ខេត្ត​នានា​នៅក្នុង​ដែនដី​កម្ពុជា​ក្រោម​»​។​

​កាលពីពេល​សម្ដេចព្រះ​នរោត្តម សីហនុ ដឹកនាំ​ប្រទេស​កម្ពុជា ក្រៅពី​ប្រសិទ្ធិ​នាម​ឈ្មោះ​ផ្លូវ​កម្ពុជា​ក្រោម នេះ ព្រះអង្គ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​ខ្មែរក្រោម ទាំង​ខ្មែរក្រោម​ឡើងមក​រស់នៅ​កម្ពុជា និង​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​។ ព្រះអង្គ​ក៏​ធ្លាប់​យាង​ទៅកាន់​ខេត្ត​ឃ្លាំង នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​ទីនោះ​ទៀតផង​។​

​ក្រៅពី​ផ្លូវ​កម្ពុជា​ក្រោម ក៏មាន​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួនទៀត​មានឈ្មោះ​ដូចគ្នា​ទៅនឹង​ឈ្មោះ​ខេត្ត​មួយចំនួន​នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា​ផ្លូវ​ក្រមួនស និង​ផ្លូវ​ផ្សារ​ដែក ជាដើម ប៉ុន្តែ​ឈ្មោះ​ខេត្ត​ក្រមួនស និង​ខេត្ត​ផ្សារ​ដែក របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម នេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ប្ដូរ​ទៅជា​ខេត្ត​កៀង យ៉ាង (Kieng Giang) និង​ខេត្ត​សា​ដែក (Sa Dec) បាត់ទៅហើយ​។ ស្រប​ពេលដែល​រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​លុបបំបាត់​ឈ្មោះ​ខេត្ត​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម នៅក្នុង​រាជធានី​ភ្នំពេញ​ឯណេះ​វិញ គេ​ឃើញ​មាន​ផ្លូវ​ថ្មី​មួយ​ឈ្មោះថា ផ្លូវ​ហាណូយ (Hanoi) ដែលជា​ឈ្មោះ​រដ្ឋធានី​របស់​ប្រទេស​វៀតណាម បែរជា​ត្រូវបាន​មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន យកមក​ដាក់ជំនួស​ឈ្មោះ​ផ្លូវ​របស់​ខ្មែរ​ទៅវិញ​៕

ប្រភពពី៖ khmersocial

 

 

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top