អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > តើអ្នកជឿទេ ថាមានអាប? សាកមើលអត្ថបទនេះ អ្នកនឹងដឹង!

តើអ្នកជឿទេ ថាមានអាប? សាកមើលអត្ថបទនេះ អ្នកនឹងដឹង!

លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា តាំងពី​សម័យ​បុរាណ​ត​រហូត​មក​ដល់​សម័យ​ក្រោយ​ៗ​ទៀត ហើយ​សូ​ម្បី​តែ​នៅ​សម័យ​បច្ចុប្បន្ន​នេះ ក៏​នៅ​មាន​ជំនឿ​ទៅ​លើ​អាប ធ្មប់​ដែរ​ ។ គេ​ជឿ​ថា​អាប និង​ធ្មប់​នោះ​ជា​ឥទ្ធិពល​ម្យ៉ា​ង ដែល​មាន​អានុភាព​មក​លើ​ជីវិត​មនុស្ស​ទូទៅ ដែល​អានុភាព​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ស្លាប់ ឬ​ជា​សះស្បើយ​ឡើង​វិញ​តាម​បញ្ជា​នៃ​មនុស្ស ដែល​ជា​រូប​អាប ឬ​គ្រូធ្មប់​នោះ ។

មិនមែន​តែ​នៅ​ប្រទេស​ខ្មែរ​យើង​ទេ ប៉ុន្តែ​នៅ​ប្រទេស​ដទៃ​ទៀត នៅ​ទ្វីបអាហ្វ្រិក អាស៊ី ពិសេស​ក្នុង​សង្គម ដែល​រស់នៅ​ដាច់​ឆ្ងាយ​ពី​មជ្ឈដ្ឋាន​អារ្យធម៌ គេ​នៅ​តែ​ជឿ​ទៅ​លើ​ឥទ្ធិពល​នៃ​សិល្ប៍សាស្ត្រ​នេះ ​។ អ្នកប្រាជ្ញ​នៅ​បស្ចិមប្រទេស​ជា​ច្រើន​បាន​វាយតម្លៃ​ជំនឿ​នេះ​ថា មាន​ឥទ្ធិពល​មួយ​ផ្នែក​តាម​រយៈ​ចិត្តសាស្ត្រ ។ ក្រៅពី​នេះ​ជំនឿ​ចំពោះ​អាប និង​ធ្មប់ ស្ថិត​នៅ​ជា​អាថ៌​កំបាំង​សម្រាប់​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នៅឡើយ ។

បណ្តា​អ្នកប្រាជ្ញ​ស្រាវជ្រាវ ខាង​មន្តអាគម (magie) ធ្លាប់​បាន​គិត​ថា ៖ «​អំពើ​» (malefice) ចំណុះ​ទៅ​លើ​មុខសញ្ញា​ពីរ​ជា​មូលដ្ឋាន ៖
១-​ភាគី​អ្នក​ធ្វើ
២-​ភាគី​អ្នក​ទទួល​អំពើ

*​ភាគី​អ្នក​ធ្វើ ៖
តែងតែ​ចេះ​លៃ​ច្នៃ​យ៉ាង​ណា​ឱ្យ​អ្នកផង​ចាប់អារម្មណ៍​ថា អំពើ​នេះ​មាន​ប្រសិទ្ធភាព​កាច​សាហាវ​សំបើម​អស្ចារ្យ​គួរ​ឱ្យ​តក់ស្លុត នៅ​ពេល​ដែល​គេ​ចាត់ចែង​រៀបចំ​ធ្វើ​ពិធី​ប្រសិទ្ធី ឬ​តម្រង់​អំពើ​នេះ​ឆ្ពោះទៅ​រក​មនុស្ស​ណាមួយ ។

*​ភាគី​អ្នក​ទទួល ៖
ភាព​សាហាវ​សំបើម​អស្ចារ្យ​នៃ​ពិធី​បញ្ជូន​អំពើ​នេះ ធ្វើ​ឱ្យ​អ្នក​បានឃើញ (​អ្នក​នៅ​ជិតខាង​) រួម​ទាំង​សាមីជន​ដែល​ត្រូវ​ទទួល​អំពើ​នេះ​ផង មានការ​ភ័យ​តក់ស្លុត ហើយ​ហាក់ដូចជា​ស្ម័គ្រ​ព្រម​ទទួល​នូវ​អំពើ​អាប ធ្មប់​នេះ បាន​ន័យ​ថា ខាង​ផ្លូវចិត្ត​គេ​អស់សង្ឃឹម ឬ​គេ​បាន​ឈឺ​ជា​ស្រេច​រួច​ទៅ​ហើយ ដោយ​ដេក​រង់​ចាំតែ​ការ​ឈឺចាប់ និង​សេចក្តីស្លាប់​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃនេះ​កុលសម្ព័ន្ធ​ជា​ច្រើន​នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ថៃ ឡាវ ខ្មែរ ក៏​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​អំពើ​របស់​ធ្មប់​នេះ​ដែរ ។

នៅ​ពេល​ស្រាវជ្រាវ​អំពី​ជំនឿ​ទៅ​លើ​អាប និង​ធ្មប់ នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បាន​សម្ភាសន៍​ជាមួយ​គ្រូមន្តអាគម ចាស់​ៗ មាន​លោកតា​ទៀប ឡុ​ច អាយុ​៩៦​ឆ្នាំ លោកតា​កិ​ម ផង់ អាយុ​៨០​ឆ្នាំ លោកតា​អួ​ង អូក អាយុ​៧៦​ឆ្នាំ អំពី​បញ្ហា​នេះ ។ លោកតា​ទាំងនោះ​បាន​មាន​ប្រសាសន៍​ថា អាប និង​ធ្មប់​នៅ​ស្រុក​ខ្មែរ វា​មាន​លក្ខណៈ​ដោយឡែក​ខុស​ពី​អាប និង​ធ្មប់​នៅ​បណ្តា​ទ្វីបអាហ្វ្រិក ឬ​ទ្វីប ដទៃ​ៗ​ទៀត ។ នៅ​ស្រុក​ខ្មែរ​គេ​ចែក​អាប និង​ធ្មប់​ដាច់​ដោយឡែក​ពី​គ្នា ។ ចំពោះ​អំពើ​របស់​វា ក៏​ខុស​ប្លែក​គ្នា​ដែរ ។ លោកតា​ទាំង​បី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយ​ឃើញ​ថា ចំណេះ​នេះ​វា​ផ្ទុយ​នឹង​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ពោល​គឺ​ពួក​នេះ​ជា​ភាវៈ​អាក្រក់​ដើរ​សាប​ព្រោះតែ​អំពើ​វិនាសកម្ម និង​ទុក្ខវេទនា​ដល់​អ្នក​ដទៃ ឥត​មាន​អាណិតអាសូរ​ឡើយ ។

លោកតា​ទាំង​បី​ចាត់​ទុក​ថា ជា​ទុ​វិជ្ជា​មិន​គួរ​សិក្សា​រៀនសូត្រ​ទេ ព្រោះ​វា​គ្មាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​សង្គម  សោះ ។ តែ​ដើម្បី​មាន​សមត្ថភាព​ទប់ទល់​ការពារ​នឹង​អំពើ​ដ៏​កាច​សាហាវ​នេះ ពួក​គាត់​បាន​រៀន​មន្ត​គាថា សិល្ប៍សាស្ត្រ និង​ឱសថ ខ្លះ​ៗ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ពី​អំពើ​របស់​អានុភាព​ទាំង​ពីរ​នេះ ។

លោកតា​ទាំង​បី​រូប​បាន​វែកញែក​ថា អាប និង​ធ្មប់​នៅ​ប្រទេស​ខ្មែរ​យើង​ជា​ភាវៈ​ពីរ​ខុស​គ្នា​គឺ ៖
១-​អាប
តាម​ឮ ចាស់​ៗ តំណាលត​ៗ​គ្នា​មក​ថា រូប​អាប​ដើម​ឡើយ​បាន​សិក្សា​រៀនសូត្រ​ស្នេហ៍មុខ ។ រូប​អាប​កម្រ​មាន​ភេទ​ប្រុស​ណាស់ ។ ស្ត្រី​ដែល​រៀន​ស្នេហ៍មុខ​នេះ លុះ​បាន​កាន់​អនុវត្ត យូរ​ៗ​ទៅ សិល្ប៍​មន្ត​ស្នេហ៍​នេះ​ក៏​ចូល​ជោក​ក្នុង​ខ្លួន​ស្ត្រី​នេះ ហើយ​ក្លាយទៅជា​រូប​អាប​ទៅ ។ ព្រលឹង​អាប​បាន​សណ្ឋិត​ស្នាក់​នៅ​ក្នុង​តួអង្គ​រូប​នេះ​ជា​និច្ចកាល ។ ប្រសិនបើ​រូប​អាប​នេះ​ថ្នាំងថ្នាក់ អាក់អន់ចិត្ត ខឹង​នឹង​អ្នក​ណាមួយ ព្រលឹង​អាប​ទៅ​ធ្វើ​អ្នក​នោះ​ឱ្យ​ចុកពោះ ឈឺពោះ ឬ​ឡប់​ស្មារតី និយាយ​លែង​ដឹង​ខុស​ត្រូវ ។

ចាស់​ៗ​និយាយ​ទៀត​ថា ពេល​យប់​ព្រលឹង​អាប​ចេញពី​តួ​រូប​ទៅ​រកស៊ី​ឈាម​គំរង់ កូន​កង្កែប មាន​រូបភាព​ជា​ភ្លើងពណ៌​ខៀវ ធំ​ជាងភ្លើង​អំពិលអំពែក ។ ពេល​វា​ដើរ ឬ​អណ្តែត ភ្លើង​នេះ​មិន​មាន​សកម្មភាព ភ្លឹបភ្លែត​ៗ ភ្លឺ​រលត់​ៗ ដូច​អំពិលអំពែក​ទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត​តែបើ​កាលណា​វា​ចង់​បំបាំង​ខ្លួន ឬ​គេច​ពី​ឧបសគ្គ​អ្វីមួយ វា​ពន្លត់ភ្លើង​ឱ្យ​ងងឹត​មួយ​រយៈ​។ បើ​សភាពការណ៍​បាន​ស្រួល​ជា​ឡើង​វិញ ទើប​អាប​បញ្ចេញ​រស្មី​ភ្លឺ​ខៀវ​ជា​បន្ត​ទៀត ។

គេ​តែង​ឃើញ​អាប​អណ្តែតប៉ប្រះ​ៗ ដី​ស្វែងរក​អ្នក​ដែល​ទើប​សម្ភព​កូន ថ្មី​ៗ​ដែល​ជា​ធម្មតា តែងតែមាន​ឈាម​ធ្លាក់​ចុះ​មក​ក្រោមផ្ទះ ឬ​ក្រោម​គ្រែ​ដែល​ជា​កន្លែង​សម្រាលកូន ។ ប៉ុន្តែ​ជា​ទូទៅ​នៅ​ស្រុកស្រែ​ចម្ការ ពេល​សម្រាលកូន​គេ​តែង​រក​គ្រូ​មក​ធ្វើ​ភ្លើង (​សែកមន្ត​វិជ្ជាការ​ព័ទ្ធសីមា ការពារ​ព្រាយ​ក្រឡាភ្លើង ឬ​ការពារ​អាប​មក​យាយី​ព្យាបាទ​ស្ត្រី​សំរាលកូន​) ដោយ​យក​អំបោះ​មក​ព័ទ្ធសីមា ឬ​ស្រាស់​បន្លា​ជុំវិញ​គំនរ​ឈាម ។ គេ​តែងតែ​និយាយ ត​ៗ​គ្នា​មក​ថា គេ​ឃើញ​រូបភាព​អាប​ជា​ពោះវៀន រ​តី​រ​តៃ​ធ្លាក់​ចុះ​ប៉ប្រះ​ដី ឯ​ភ្លើង​ខៀវ​ផ្នែក​ខាងលើ គឺជា​ក្បាល​អាប ។ គេ​ថា ពោះវៀន​នោះ​គឺជា​ពោះវៀន​របស់​ស្ត្រី​ជា​តួ​រូប​អាប​នោះ​ឯង ។ លុះ​ស្វែង​រកស៊ី​ចំណី​ក្នុង​ពេល​យប់​បាន​ឆ្អែតឆ្អន់​ហើយ ព្រលឹង ឬ​រូបភាព​អាប​ក៏​វិល​មក​ចូល​ក្នុង​តួ​រូប​អាប​ជា​មនុស្ស​វិញ (​ចំពោះ​បញ្ហា​អាប​នេះ អ្នកនិពន្ធ​រឿងភាពយន្ត​ខ្មែរ បាន​តែង​ជា​រឿង​មួយ​មាន​ចំណងជើង​ថា «​កូន​អើយ​ម្តាយ​អាប​» ក្នុង​សម័យ​ទស​វត្ស​ទី​៧០) ។

ប្រសិនបើ​ក្នុង​ពេល​រកស៊ី​មាន​ទាក់​ជាប់​ស្អិត​ក្នុង​បន្លា​រើ​ពុំ​រួច ឬ​ក៏​ត្រូវ​គ្រូសិល្ប៍​ណាមួយ​ចាប់​បាន​នោះ គេ​ថា​រូប​អាប​ជា​មនុស្ស​នោះ​នឹង​ត្រូវ​ឈឺ​ស្លាប់​ភ្លាម ។ នៅ​ក្នុងភូមិ​នានា​នៃ​ស្រុកស្រែ​ចម្ការ អ្នកផង​តែងតែ​ខ្លាច​រូប​អាប​នេះ​ណាស់ ។ បើកាលណា​រូប​អាប​នេះ​មក​រក​ទិញ ខ្ចី ឬ​សុំ​អ្វី​គេ​តែងតែ​បំពេញចិត្ត​គាត់​ភ្លាម ធ្វើ​យ៉ា​ង​ណា​កុំឱ្យ​គាត់​ខឹង ព្រោះ​ខ្លាច​ព្រលឹង​អាប​មក​ធ្វើ ប៉ុន្តែ​ជា​ចៃ​ច​ន្យ​បើ​យាយ​រូប​អាប ឈឺ​ស្លាប់​ដោយ​ត្រូវ​សិល្ប៍​គ្រូ​ខ្លាំងពូកែ​ណាមួយ ឬ​ស្លាប់​ដោយ​អស់​អាយុសង្ខារ​នោះ អ្នកស្រុក​គេ​ហាក់ដូចជា​ធូរចិត្ត​ច្រើន​ណាស់ ព្រោះ​គេ​លែង​មាន​អ្នក​ឱ្យ​ទុក្ខ​ដល់​គេ​ទៀត ។

លោកតា​កឹ​ម ផង់ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​រៀនសូត្រ​មន្ត​គាថា ខ្លះ​ៗ​ដែរ សម្រាប់​ការពារ​អំពើ​របស់​អាប ឬ​ក៏​សម្រាប់​ចាប់​អាប​កុំ​ឱ្យមក​ធ្វើទុក្ខបុកម្នេញ​អ្នកស្រុក ឬ​ក៏​បណ្តេញ​អំពើអាក្រក់​របស់​អាប​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ញាតិ​អ្នកស្រុក​ពី​ការ​ព្យាបាទ​របស់​អាប ។ ជា​ញឹកញយ​ជាងគេ គេ​អាច​សម្គាល់​បាន​ថា អ្នកជំងឺ​ត្រូវ​អំពើ​របស់​អាប​ដោយ​ចុកពោះ​យា​៉​ង​ខ្លាំង ដាក់​ថ្នាំ​អ្វី​ក៏​ពុំ​ត្រូវ គេ​សង្កេត​ឃើញ​កែវភ្នែក​អ្នកជំងឺ​ចេះ​តែ​ក្រឡាប់ចាក់​ខុស​ប្លែក​ពី​ធម្មតា ។ បើ​មាន​សញ្ញា​បែប​នេះ គេ​ច្បាស់​ជា​ទៅ​អញ្ជើញ​គ្រូសិល្ប៍​មន្ត ដើម្បី​មក​បណ្តេញ​កម្ចាត់​អំពើ​របស់​អាប ។

គ្រូ​មិន​សុទ្ធតែ​អាច​សម្រេច​បំណង​ដេញ​អាប​បាន​ទាំង​អស់នោះ​ទេ ។ បើ​គ្រូ​ខ្សោយ​ជាង​អាប​នោះ សែកមន្ត​បញ្ចេញ​អាប​មិន​ចេញពី​អ្នកជំងឺ​ឡើយ គឺ​នៅ​តែ​ឈឺ​ដដែល ។ ជួនកាល​អាប​បាន​ចំអក​ឡកឡាយ​ឱ្យ​គ្រូ​តាម​រយៈ​អ្នកជំងឺ មាន​ខម​អណ្តាត ញាក់មុខ​ពេបមាត់​ដាក់​គ្រូ ឬ​ពោល​ពាក្យ​ថា «​យើង​មិន​ខ្លាច​ឯង​ទេ អញ្ជើញ​ថយ​ចេញ​ជា​ប្រញាប់​»…

ប៉ុន្តែ​បើ​គ្រូ​នោះ​ពូកែ​ខ្លាំង​ខាង​សិល្ប៍សាស្ត្រ​មន្ត​គាថា​វិញ គេ​មាន​សមត្ថភាព ឬ​មធ្យោបាយ​ដ៏​ស័ក​សិទ្ធិ ដើម្បី​បណ្តេញ​បង្ក្រាប​អាប​ឱ្យ​ខ្លបខ្លាច ឱ្យ​ចេញ ឬ​ចាប់ចង​អាប​សួរ​ចម្លើយ ឱ្យ​ប្រាប់​ឈ្មោះ​ប្រាប់​ទីកន្លែង​ដែល​វា​នៅ ។ គ្រូ​ខ្លាំង​អាច​ធ្វើ​ឱ្យ​អាប​ឈឺចាប់ ហើយ​ស្រែក​ទ្រហោយំ​អង្វរ​ញ័រ​ដៃ ញ័រ​ជើង សន្យា​ថា នឹង​លែង​មក​ធ្វើ​អ្នកស្រុក អ្នក​ភូមិ​ទៀត​ហើយ ។ តាម​រយៈ​សម្តី​អ្នកជំងឺ អាប​អង្វរ​គ្រូ​ថា «​សូម​មេត្តា​កុំ​សម្លាប់ ព្រោះ​មានកូន​ច្រើន​នៅ​ក្នុង​បន្ទុក ។ បើ​គ្រូ​សម្លាប់ ខ្លួន​នឹង​ចោល​កូន​ឱ្យ​នៅ​កំ​ព្រី​កំព្រា លំបាក​វេទនា​ជា​មិន​ខាន​» ។

គ្រូខ្មែរ​យើង​ច្រើន​តែ​ជា​អ្នក​ជ្រួតជ្រាប​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ម្ល៉ោះហើយ​គេ​តែងតែ​មានធម៌​មេត្តា​អត់​ទោស សន្តោស​ដល់​អាប គ្រាន់តែ​វាយដំ​ដោយ​ឫ​ទ្ធី​នៃ​មន្តអាគម តែ​មិន​សម្លាប់​ទេ ។ គេ​ជឿ​ថា បើ​សម្លាប់​ព្រលឹង​អាប​នោះ រូប​ដែល​ព្រលឹង​អាប​សណ្ឋិត​នោះ​ក៏​ស្លាប់​ដែរ ។ ធម្មតា​គ្រូ​តែង​មានចិត្ត​ធម៌​អាណិត​ទាំង​អ្នកជំងឺ អាណិត​ទាំង​អាប ពោល​គឺ​គេ​សង្គ្រោះ​អ្នកជំងឺ​ឱ្យ​ឆ្លង​ផុត​ពី​អំពើ​របស់​អាប ហើយ​លោះ​លា​ត្រា​ប្រណី​អាប​ឱ្យ​មានជីវិត​រស់នៅ​តទៅ​ទៀត តែ​ត្រូវ​លះបង់​អំពើអាក្រក់​ជា​ដាច់ខាត ។

*​បៀ​ប​ចាប់​អាប ឬ​វាយ​បណ្តេញ​អាប
លោកតា​ផង់ ដែល​មាន​ជំនាញ​ពិសេស​ខាង​ចាប់​អាប ហើយ​ដែល​អាប​នៅ​ទី​ជិតខាង​ខ្លបខ្លាច​គាត់​នោះ បាន​និយាយ​ប្រាប់​អ្នកយកការណ៍​អំពី​របៀប​ចាប់​អាប​ថា ៖ មុន​ដំបូង​គេ​យក​ប្រេងដូង​មក​សូត្រ​គាថា បាលី យក​អំបោះ​មក​ចងក​ដៃ​ទាំង​ពីរ កជើង​ទាំង​ពីរ និង​ចង​.​ក​អ្នកជំងឺ ហើយ​វាយ​អ្នកជំងឺ (​ក្នុង​ន័យ​ឧបកិច្ច​) នឹង​ធាង​ក្តាត (​វាយ តិច​ៗ​ល្មម​) ។ ពេល​វាយ​គេ​ត្រូវ​សូត្របាលី​ថា «​ពុ​ទ្ធំ​ព​ន្ធំ សោ​ឆាយៈ ធ​ម្មំ​ព​ន្ធំ សោ​ឆាយៈ ស​ង្ឃំ​ព​ន្ធំ សោ​ឆាយៈ​» ។ គេ​សូត្រ​ផ្លុំ​ៗ​បណ្តើរ ចង​.​កដៃ កជើង និង​ក​អ្នកជំងឺ​បណ្តើរ ។ គេ​សូត្របាលី​នេះ ដើម្បី​ខ្ទប់​ច្រក​ទ្វារ​ទាំង​៥​ដែល​អាប​ត្រូវ​ចេញ ។ បើ​ធ្វើ​យ៉ាង​នេះ​ហើយ អាប​ពុំ​អាច​ចេញ​បាន​ឡើយ ។ លុះ​សូត្របាលី​គាថា ខ្ទប់​ច្រក​ទ្វារ​អាប​រួច​ហើយ គ្រូ​ត្រូវ​សូត្របាលី​មួយ​បែប​ទៀត គឺ​ចង​អាប​មិន​ឱ្យធ្វើ​សកម្មភាព​អ្វី​បាន​ទៀត ព្រោះ​គ្រូ​ប្រយ័ត្ន​ណាស់ ។

កាលណា​ចង​ទ្វារ​ច្រកចេញ​រួច​ហើយ គេ​ពុំ​ទាន់​អាច​ទុកចិត្ត​បាន​ថា អាច​ខ្ទប់​ច្រក​អាប​បាន​ទាំងស្រុង​នៅឡើយ ដូច្នេះ​ដើម្បី​ឱ្យ​ច្បាស់លាស់​គេ​ត្រូវ​ប្រើ​វិធានការ​ទី​ពីរ​ទៀត គឺ​ចង​អាប​មួយ​ជាន់​ទៀត ។ ដើម្បី​ចង​អាប​គេ​សូត្របាលី​ម្យ៉ា​ង​ទៀត​ហៅ​ថា បាលី​ចំណង​ឧ​ប​គត «​ព​ន្ធំ មហា​ព​ន្ធំ នា​រាយ​ព​ន្ធំ មហា​នា​រាយ​ព​ន្ធំ ត​ថេ​រំ  ន​ថេ​ហិ​» ។ ដើម្បី​រឹតចំណង​អាប​ឱ្យ​កាន់តែ តឹង​ឡើង​ៗ​ធ្វើ​ឱ្យ​អាប​ឈឺចាប់​លំបាក​វេទនា គេ​សូត្របាលី​មួយ​បែប​ទៀត គឺ​សូត្រ​ផង​វាយ​ផង (​វាយ​អ្នកជំងឺ​) ។ គេ​ត្រូវ​សូត្រ​ថា «​ព​ន្ធំ មហា​ព​ន្ធំ នា​រាយ​ព​ន្ធំ មហា​នា​រាយ​ព​ន្ធំ ឧ​ប​គត​ថេ​រំ ន​ថ្ថេ​ហិ​» ។

ពេល​នោះ​អាប​ដែល​ចូល​ក្នុង​ខ្លួន​អ្នកជំងឺ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ដោយ​ពុំ​អាច​ទ្រាំទ្រ​បាន និង​សិល្ប៍​មន្ត​គាថា​របស់​គ្រូ ។ អាប​អង្វរ​សូម​ឱ្យ​ស្រាយ​ចំណង​ដើម្បី​បើក​ច្រក​ឱ្យ​វា​ចេញ ព្រោះ​វា​ខ្លបខ្លាច វា​រាងចាល​ហើយ ។ ប៉ុន្តែ​គ្រូ​ដែល​មានបទពិសោធន៍​នោះ មិន​ចាញ់បោក​អាប​ឡើយ ។ គ្រូ​ពុំ​ព្រម​ទទួល​ពាក្យ​អង្វរ​របស់​អាប ហើយ​ក៏​មិន​ស្រាយចំណង​ណាមួយ​ក្នុង​ចំណោម​ចំណង​ទាំង​ប្រាំ​ឱ្យ​អាប​ចេញ​ឡើយ ។ គ្រូ​និយាយ​ទៅ​កាន់​ព្រលឹង​អាប ដែល​ចូល​ក្នុង​ខ្លួន​អ្នកជំងឺ​ថា «​ផ្លូវ​ដែល​ឯង​ត្រូវ​ចេញ គឺ​ទ្វារ​អាចម៍ (​គូទ​) ឯង​ត្រូវ​ចេញ​តាម​ផ្លូវ​នោះ​ចុះ ។ ជា​ធម្មតា​អាប​មិន​ចង់​ចេញ​តាម​វច្ចមគ្គ (​ទ្វារ​លាមក​) ទេ ព្រោះ​វា​ត្រូវ​អា​ម៉ា​ស់​ផង និង​សាប​ឥទ្ធិពល​វា​ផង គឺ​ពុំ​អាច​ធ្វើ​អ្នក​ណា​បាន​ទៀត​ឡើយ ។ ប៉ុន្តែ​ដោយ​គ្រូ​មាន​មហិទ្ធិរឹទ្ធិ​ខ្លាំង​ជាង ហើយដោយ​អាប​ពុំ​អាច​ទ្រាំទ្រ និង​ការ​វាយដំ និង​ចំណង​ដ៏​តឹង​ណែន​របស់​គ្រូ​ផង​នោះ វា​ក៏​សម្រេចចិត្ត​ចេញ​តាម «​គូទ​» ។

នៅ​មាន​បាលី​ចង​អាប ឬ​វាយ​អាប់​ខ្លះ​ទៀត តែ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ សង្ខេប​ត្រឹម​ប៉ុណ្ណេះ​។ គ្រូ​មាន​បាលី​គាថា​ច្រើន​បែប​យ៉ា​ង​នេះ ដើម្បី​ការពារ​ក្រែង​គាថា​ខ្លះ​មិនសូវ​មាន​ប្រសិទ្ធភាព គេ​តម្រូវ​ប្រើ​គាថា  ផ្សេង​ៗ​ទៀត ទាល់តែ​អាច​បង្ក្រាប​អាប​បាន​ទើប​ឈប់ ។ ចំពោះ​អាប​ណា​សាហាវឃោរឃៅ​ធ្វើបាប​អ្នកស្រុក​ខ្លាំង​ពេក​នោះ គ្រូ​សម្រេចចិត្ត​វាយ​សម្លាប់​អាប​នោះ​ដែរ​។ តែ​ករណី​បែប​នេះ​មិនសូវ​មាន​ទេ ។ សព្វ​ថ្ងៃនេះ​ព្រលឹង​អាប​កាន់តែ​ក្រទៅ​ៗ ។ តំបន់​ជនបទ​ជា​ច្រើន​ស្ទើរ​លែង​មាន​អាប​ទៅ​ហើយ ។

២-​អំពី​ធ្មប់
លោកគ្រូ​មន្តអាគម​ទាំង​បី​នាក់​នោះ មាន​ប្រសាសន៍​ថា ធ្មប់​ជា​អានុភាព​មួយ​សាហាវឃោរឃៅ​ក្រៃ​លែង ។ អ្នកស្រុក អ្នក​ភូមិ​គ្រប់​គ្នា​ភិតភ័យ​តក់ស្លុត​ខ្លាច​អំពើ​របស់​គ្រូធ្មប់​នេះ​ណាស់ ព្រោះ​បើកាលណា​គេ​ត្រូវ​អំពើ​របស់​ធ្មប់​ហើយ ប្រសិនបើ​គ្រូ​ព្យាបាល​មិន​ត្រូវ​ទេ នឹង​អាច​ស្លាប់​យា​៉​ង​វេទនា​បំផុត ។ បើ​មន្ត​សិល្ប៍វិជ្ជា​របស់​គ្រូធ្មប់​នោះ​ខ្លាំង ហើយ​គ្រូ​ដែល​ដោះ​អំពើ​មាន​សិល្ប៍វិជ្ជា​ខ្សោយ​ជាង​នោះ គេ​ពុំ​អាច​ដោះ​អំពើ​ឬ​ព្យាបាល​អំពើ​នោះ​ឱ្យ​បាន​ឡើយ ។ អ្នកជំងឺ​ត្រូវ​តែ​ស្លាប់​ចៀស​មិន​ផុត ។ របៀប​ធ្វើអំពើ​របស់​គ្រូធ្មប់​មាន​ច្រើន​បែប​ច្រើន​វិធី​ណាស់ តែ​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ សូម​លើកយក​តែ​វិធី​បួន​មក​ជម្រាប​ជូន ។

ក​-​ប្រើ​កន្ត្រៃ​មាស​កន្ត្រៃ​ប្រាក់ (​តាម​ការណ៍​ពិត​គឺជា​កន្ត្រៃ​ធ្វើ​ពី​ដែក តែ​គេ​ហៅ​ថា​កន្ត្រៃ​មាស​-​ប្រាក់​ដូច្នេះ​តាម​ពាក្យ​លើកកម្ពស់​ឥទ្ធិពល​) ទៅ​កាត់​ពោះវៀន​ជន​រង​គ្រោះ ។
ខ​-​ប្រើ​ស្បែក​ឱ្យ​ចូល​ទៅ​ក្នុង​ពោះ​ជន​រង​គ្រោះ (​ប្រើ​ស្បែក​ឱ្យ​ចូល​ទៅ​ក្នុង​ក្រពះ​ជន​រង​គ្រោះ ។ ស្បែក​នោះ​ចេះ​តែ​រីក ធំ​ឡើង​ៗ​ជា​លំដាប់ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​តឹង​ពោះ​លំបាក​វេទនា​រហូត​ដល់​ស្លាប់​) ។
គ​-​ប្រើ​ដែកគោល កន្លាស់ ឬ​ម្ជុល​ឱ្យ​ចូល​ទៅ​ចាក់​សព្វ​ខ្លួនប្រាណ​ជន​រង​គ្រោះ ។
ឃ​-​ប្រើ​ព្រួញ​គោបា​ស្នា​តេះ​បាញ់​សម្លាប់​អ្នកជំងឺ​ក្នុង​ពិធី​ឧបកិច្ច ។
គ្រូធ្មប់​ធ្វើអំពើ​ដោយ​មូលហេតុ​ពីរ​យ៉ា​ង​គឺ ៖
-​ធ្វើ​ដោយ​ការ​សងសឹក​ផ្ទាល់ខ្លួន ។
-​ធ្វើ​ដោយ​គេ​ពឹង ឬ​គេ​ជួល ។

ក​-​ការ​ធ្វើអំពើ​ដោយ​ប្រើ​កន្ត្រៃ​មាស កន្ត្រៃ​ប្រាក់
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ឱ្យ​ដឹង​ថា គ្រូធ្មប់​អុជ​ធូប​ទៀន​លើ​ហ៊ឹង​រណ្តាប់ គ្រូសូត្រ​បាលី​គាថា ប្រើ​កន្ត្រៃ​មាស កន្ត្រៃ​ប្រាក់ ដោយ​ដាក់​កន្ត្រៃ​នៅ​លើ​ជើងពាន​មួយ ។ គាត់​អង្គុយ​ភាវនា​បាលី​បណ្តើរ​យក​ចង្កឹះ​មួយ​វាយ តិច​ៗ​ទៅ​លើ​កន្ត្រៃ​បណ្តើរ ។ សូត្រ​វាយ​ៗ​យ៉ាង​នេះ​ទាល់តែ​កន្ត្រៃ​កំរើក ហើយ​ហោះហើរ​យា​៉​ង​លឿន​ឮ​សូរដូច​កន្លង់​ហើរ ។ កន្ត្រៃ​សិល្ប៍ ពេល​ហោះហើរ​ទៅ​រក​ទីដៅ​របស់​វា​នោះ មាន​ទំហំ​តូច​ជាង​កន្ត្រៃ​ធម្មតា​ជា​ច្រើនដង ។ ទៅ​ដល់​ជិត​ជន​រង​គ្រោះ កន្ត្រៃ​នេះ​អាច​ក្លាយទៅជា​រុយ ឬ​ជា​សត្វល្អិត​អ្វីមួយ​ចូល​ទៅ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​តាម​មាត់ ។ តាំងពី​ពេល​ចូល​ទៅ​ដល់​ក្នុង​ពោះ​អ្នក​រង​គ្រោះ​ចាប់ផ្តើម​ឈឺពោះ ចុកពោះ ឈឺចាប់ ផ្សេង​ៗ​ទៀត​យា​៉​ង​សែន​វេទនា លំបាក​ទ្រាំ ។ ប្រសិនបើ​គេ​ដឹង ភ្លាម​ៗ​ថា ជំងឺ​នេះ​ជា​អំពើ​របស់​គ្រូធ្មប់ ហើយ​បើ​គេ​អាច​រក​ឃើញ​គ្រូ​មន្ត​សិល្ប៍​សាស្ត្រ​ខ្លាំងពូកែ​អាច​ដាក់​ថ្នាំ ឬ​សូត្របាលី​មន្ត​គាថា​ធ្វើ​ឱ្យ​ធ្លាក់​កន្ត្រៃ​មាស កន្ត្រៃ​ប្រាក់​បាន​ភ្លាម​នោះ គេ​អាច​រំដោះ​អ្នកជំងឺ​ឱ្យ​រួច​រស់​ជីវិត​បាន ។ បើ​មិន​បានជា​ចាប់អារម្មណ៍​ចំពោះ​រឿង​អំពើអំពាន់​ទេ ហើយ​គិតតែ​ដាក់​ថ្នាំ ផ្សេង​ៗ​វិញ​នោះ ច្បាស់​ជា​ត្រូវ​ស្លាប់​ដោយ​ធ្លាក់ឈាម​តាម​បាត (​តាម​ទ្វារ​លាមក​) ឬ​តាម​មាត់​ជា​មិន​ខាន ។

ខ​-​ការ​ធ្វើអំពើ​ដោយ​ប្រើ​កន្លាស់ ម្ជុល ឬ​ដែកគោល
ការ​ធ្វើអំពើ​ដោយ​ប្រើ​របស់​ទាំងនេះ ក៏​មិនសូវ​ខុស​គ្នា​ពី​របៀប​ទាំង​ពីរ​ខាង​ដើម​ប៉ុន្មាន  ឡើយ ។ គ្រូធ្មប់​យក​វត្ថុ​ទាំង​បី​មុខ​មក​សែកមន្ត​គាថា​បាលី ហើយ​ចាក់​កន្លាស់ ម្ជុល​, ដែកគោល​ទៅ​លើ​រូបតំណាង​ជន​រង​គ្រោះ​ឆ្លាក់​ពី​ដំឡូង​មី ធ្វើ​ពី​ម្សៅ ឬ​ធ្វើ​ពី​ឈើ​ផុយ។
គេ​ច្រើន​យក​ម្ជុល​មក​ដោត​ត្រង់​ដើមទ្រូង​យក​កន្លាស់​ញាត់​ក្នុង​ពោះ ឬ​យក​ដែកគោល​ដោត​ចំ​ក្បាល​ជន​រង​គ្រោះ​ដើម្បី​ឱ្យ​មានការ​ឈឺចាប់​ក្នុង​ពោះ​ផង ក្នុង​ទ្រូង​ផង និង​ឈឺ​ក្នុង​ក្បាល​ផង ក្នុង​ពេល​តែ​មួយ ពោល​គឺ​ធ្វើ​យា​៉​ង​ណា​ឱ្យ​ជន​អភ័ព្វ​នោះ​បាន​ដល់​នូវ​ក្តី​លំបាក​វេទនា​យា​៉​ង​ទារុណ មុន​នឹង​ស្លាប់ ។

ជួនកាល​គ្រូធ្មប់​បាន​ដាក់​កម្រិត​ឱ្យ​អ្នកជំងឺ​ស្លាប់​ដោយ​បរិភោគ​អ្វីមួយ ដែល​គ្រូ​កំណត់​ទុកជា​មុន ។ ឧ​ទារ​ហណ៍​ក្រោយ​ពី​បាន​ធ្វើ​ឧបកិច្ច​ចាក់​កន្លាស់ (​កំណាត់​ឫស្សី តូច​ៗ ស្រួច​ចុង​ដើម ឬ​ស្រួច​តែ​ម្ខាង​) ចាក់​ម្ជុល ដោត​ដែកគោល​សព្វ​ខ្លួនប្រាណ​រូបតំណាង​ជន​រង​គ្រោះ ហើយ គ្រូធ្មប់​ធ្វើ​កិច្ច​ថា បើ​អ្នក​ត្រូវ​អំពើ​នោះ​បរិភោគ​សាច់​ជ្រូក​ពេល​ណា សូម​ឱ្យ​សិល្ប៍​មន្តអាគម​ប្រតិកម្ម​ភ្លាម ហើយ​អ្នកជំងឺ​ត្រូវ​ស្លាប់​នៅ​ពេល​នោះ​តែ​ម្តង ។ ការ​ព្យាបាល​ក៏​មិន​ខុស​គ្នា​ពី​អំពើ​ទាំង​ពីរ​ខាង​ដើម​ប៉ុន្មាន​ដែរ គឺ​អាច​ជា ឬ​ស្លាប់ ។

គ​-​ការ​ធ្វើអំពើ​ដោយ​ប្រើ​ស្បែក​គោ ឬ​ស្បែក​ក្របី
របៀប​ធ្វើអំពើ​ដោយ​ប្រើ​ស្បែក​គោ ឬ​ស្បែក​ក្របី​ស្ងួត ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ រៀបរាប់​ថា ទាំង​ការ​រៀបចំ​រណ្តាប់​ធ្វើ​ពិធី​បញ្ជូន​សិល្ប៍ មិនជា​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​ប្រើ​កន្ត្រៃ​មាស កន្ត្រៃ​ប្រាក់​ឡើយ ។ គេ​យក​ស្បែក​មួយ​ផ្ទាំង​ធំ​មក សូត្រ​ផ្លុំ​ៗ ហើយ​វាយ​នឹង​រំពាត់​រហូត​ទាល់តែ​ស្បែក​រួញ​នៅ​តូច ហើយ​ក៏​ក្លាយទៅជា​សត្វ​កន្លង់ ហើរ​ទៅ​កាន់​ទិស​ដៅ ពោល​គឺ​ឆ្ពោះទៅ​រក​មនុស្ស​ដែល​គេ​ចង់​ធ្វើ ។ ជន​រង​គ្រោះ​ទទួល​ស្បែក​ដែល​ប្រែ​ទៅ​ជា​កន្លង់​នេះ​តាម​មាត់​ដែរ ។ ប៉ុន្តែ​កន្លង់​នេះ មុន​ចូល​ទៅ​ក្នុង​មាត់​អាច​នឹង​ក្លាយ​មួយ​ជាន់​ទៀត ទៅ​ជា​សត្វល្អិត​តូច​មួយ​ដែល​អាច​ចូល​ទៅ​ក្នុង​មាត់​បាន​ងាយស្រួល ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ស្បែក​គោ​ស្ងួត​ក៏​ចេះ​តែ​រីក ធំ​ឡើង​ៗ ធ្វើ​ឱ្យ​ពោះ​អ្នកជំងឺ​កាន់តែ ធំ​ឡើង​ៗ​ជា​លំដាប់ ។

ពេល​ជាមួយ​គ្នា​នោះ​ដែរ អាច​មានការ​ឈឺចាប់​លំបាក​វេទនា​ផ្សេង​ៗ​ទៀត ក្រៅពី​ការ​តឹង​ពោះ ការ​ហត់ ផ្អេះ​ៗ​ដកដង្ហើម​ញាប់​ស្ទើរ​ដាច់ខ្យល់ ។ ដូច​របៀប​ធ្វើអំពើ​មុន​ៗ​ដែរ បើ​រក​គ្រូ​មិន​ទាន់ ឬ​គ្រូ​មិនសូវ​ពូកែ ជន​រង​គ្រោះ​នឹង​ស្លាប់​ដោយសា​ធ្លាយ​ក្រពះ ។ ប៉ុន្តែ​បើ​រកបាន​គ្រូ​ដែល​មាន​សិល្ប៍​វិជ្ជាការ​ខ្លាំងពូកែ​ស្មើ ឬ​លើស​គ្រូធ្មប់​ដែល​ធ្វើអំពើ​នោះ គេ​អាច​សែកមន្ត​វិជ្ជាការ​បន្សាប​អំពើ​នោះ រួច​ហើយ​ផ្សំ​ថ្នាំ​ឱ្យ​អ្នកជំងឺ​ផឹក ដើម្បី​បញ្ចុះ​ទំលាក់​ស្បែក​ឱ្យ​ចេញ​មក​តាម​គូទ ឬ​តាម​មាត់ ។ ពេល​នោះ​អ្នកជំងឺ នឹង​បាន​ធូរ​ពោះ​ហើយ​គេ​នឹង​ជា​សះស្បើយ​ដូច​ធម្មតា​វិញ ។

ឃ​-​ការ​ធ្វើអំពើ​ដោយ​ប្រើ​ព្រួញ​ស្នា​តេះ
គ្រូធ្មប់​ច្រើន​ចេះ​វិជ្ជា​ពីរ​បែប​នេះ​ជាមួយ​គ្នា​តែ​ម្តង គឺ​គោបា និង​ស្នា​តេះ (​គេ​ច្រើន​និយាយ​ភ្ជាប់​គ្នា​ថា ៈ គោបា​ស្នា​តេះ ព្រោះ​គ្រូធ្មប់​តែង​ប្រើ​សិល្ប៍​ណាមួយ​ក្នុង​សិល្ប៍​ទាំង​ពីរ​បែប គោបា គឺ​គោ​សិល្ប៍​មាន​មាឌ តូច​ៗ ដែល​គ្រូធ្មប់​លែងឱ្យ​រកស៊ី​នៅ​ពេល​យប់ ។ គេ​ស្តាប់​ឮ​គោបា​តាម​ស្នូរ​ត្រដោក ឮ តឹក​ៗ​នៅ​ពេល​យប់​ស្ងាត់ គ្រូធ្មប់​ប្រើ​គោបា​នេះ​ឱ្យ​ជល់​សម្លាប់​ជន​រង​គ្រោះ​តាម​វិធី​របស់​គេ ។ ឯ​ស្នា​តេះ គឺជា​ស្នា​សិល្ប៍ មាន​ទំហំ​តូច​ប្រើ​សម្រាប់​បាញ់​ឧបកិច្ច​លើ​រូបតំណាង​ជន​រង​គ្រោះ​ឱ្យ​ស្លាប់​) ។ ប្រើ​សិល្ប៍​គោបា គឺ​ប្រើគោ​សិល្ប៍​នេះ​ឱ្យ​ជល់​អ្នកជំងឺ​ធ្វើ​ឱ្យ​ស្លាប់​ជា​ប្រាកដ ប្រសិនបើ​រក​គ្រូ​ព្យាបាល​មិន​ទាន់ ឬ​គ្រូ​ដែល​មិនសូវ​ពូកែ ។ ឯ​របៀប​ប្រើ​ស្នា​តេះ គឺ​គេ​តាំង​ពិធី​ដោយ​មាន​រៀប​រណ្តាប់​គ្រូ ផ្សេង​ៗ​តាម​ទម្លាប់ ។ គេ​សូន​រូប​ជន​រង​គ្រោះ​អំពី​ដី អំពី​ម្សៅ ឬ​អំពី​របស់ ផុយ​ៗ ។ គ្រូធ្មប់​សែកមន្ត​វិជ្ជាការ​យា​៉​ង​យូរ​ដើម្បី​ប្រមូល​ឥទ្ធិពល និង​អញ្ជើញ​គ្រូ​គេ​មក​ជា​ជំនួយ​ក្នុង​ពេល​ធ្វើ​ពិធី​នេះ ។ លុះ​សូត្រ​ចប់​គ្រប់​បាលី​គាថា ដែល​ត្រូវ​សូត្រ​ហើយ គេ​យក​ព្រួញ និង​ធ្នូ​សិល្ប៍​យា​៉​ង​តូច​បាញ់​ឱ្យ​ចំ​រូបតំណាង​ជន​រង​គ្រោះ ត្រង់​ទ្រូង ត្រង់​ពោះ ឬ​ត្រង់​ក្បាល​តាមតែ​គេ​ចង់ ។ របៀប​នេះ​ក៏​កាច​សាហាវ​មិន​ខុស​ពី​របៀប​ទាំង​បី​ខាង​ដើម​ដែរ ។

ពេល​ដែល​គ្រូធ្មប់​បាញ់​ត្រូវ​ចំ​រូបតំណាង​នោះ រូប​ជន​រង​គ្រោះ​ក៏​ហាក់ដូចជា​ត្រូវ​ព្រួញ មែន​ៗ​ដែរ ។ ទោះបីជា​គេ​មើល​ព្រួញ​មិនឃើញ ក៏​គេ​បាន​ទទួល​ការ​ឈឺចាប់​ដោយ​ដួល ឬ​បន្លឺ​សម្រែក​ឈឺចាប់​យា​៉​ង​ខ្លាំង ។ ព្រម​ពេល​ជាមួយ​គ្នា​នោះ នៅ​ក្នុងផ្ទះ​អ្នក​រង​គ្រោះ គេ​ឮ​សូរ​សំឡេង​អ្វី​ដូច​ជា​រន្ទះបាញ់ ។ ពេល​នោះ​អ្នកជំងឺ​ត្រូវ​ទទួល​ការ​ឈឺចាប់​យា​៉​ង​ខ្លាំង ជួនកាល​សន្លប់ ជួនកាល​ស្លាប់​ភ្លាម ។ គ្រូធ្មប់​ប្រើ​វិធី​បាញ់​ស្នា​តេះ​នេះ បន្ទាប់​ពី​បាន​ប្រើ​សិល្ប៍​អ្វី​ពី​មុន​រួច​ហើយ តែ​ជន​រង​គ្រោះ​គ្រាន់តែ​ឈឺ​រាំ​ុ​រ៉ៃ​អស់​រយៈពេល​យា​៉​ង​យូរ​ប៉ុណ្ណោះ ។ ដោយ​ចង់ឱ្យ​គូសត្រូវ​របស់​ខ្លួន​ស្លាប់ មុន​នឹង​បាន​ទទួល​ការ​សង្គ្រោះ​ពី​គ្រូ​ព្យាបាល​ណាមួយ​នោះ គ្រូធ្មប់​អាច​ប្រើ​សិល្ប៍​ស្នា​តេះ​នេះ ដើម្បី​បញ្ចប់ជីវិត​ជន​រង​គ្រោះ​ឱ្យ​បាន​ឆាប់​រួសរាន់​ទាន់ចិត្ត ។

ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា «​និយាយ​ដល់​រឿង​នេះ​ខ្ញុំ​នឹកឃើញ​អនុស្សាវរីយ៍​ដ៏​សែន​រន្ធត់​មួយ កាល​ខ្ញុំ​នៅ​ពី​តូច​អាយុ​ប្រហែល​៥​ឆ្នាំ ។ ខ្ញុំ​បាន​តាម​ម្តាយ​ខ្ញុំ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ម្នាក់​ជា​កូនចៅ​ចិន ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នៅក្នុងភូមិ ព្រោះ​ផ្ទះ​គាត់​មាន​បើកហាង​លក់ទំនិញ​គ្រប់មុខ ។ គ្រួសារ​ជន​រង​គ្រោះ​នេះ​គោរព​ស្រឡាញ់ រាប់អាន​ឪពុក​ម្តាយ​ខ្ញុំ​ណាស់ ព្រោះ​គាត់​ជា​ចាស់ព្រឹទ្ធា​ចារ្យ​នៅ​ក្នុងភូមិ ហើយ​គាត់​ជា​អាចារ្យវត្ត​ផង ជា​អ្នក​ចាត់ចែង​ពិធី ផ្សេង​ៗ​ក្នុង​មង្គលការ​បុណ្យ​ទាន​ជាដើម ។

ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ដែល​ហា​៊​នោះ​គាត់​មាន​ជំងឺ​ម្យា​៉​ង​គឺ​ឈឺ មិនដឹង​មុខ​ម្តង ម្តង​ឈឺពោះ ម្តង​ឈឺក្បាល ម្តង​ឈឺទ្រូង ជួនកាល​អស់កម្លាំង​ដេក​ស្តូកស្តឹង ជួនកាល​ជា​ស្រួល​ធម្មតា ។ នា​ពេល​រសៀល​នោះ ដែល​ម្តាយ​ខ្ញុំ​កំពុង​សាកសួរ​អំពី​ស្ថានភាព​ជំងឺ​របស់​ហា​៊ (…) នោះ​ជាមួយនឹង​ប្រពន្ធ​គាត់ ស្រាប់តែ​ឮ​សូរ​សម្លេង «​ផាំង​» យា​៉​ង​ខ្លាំង​លាន់​ដូច​រន្ទះ ញ័រ​អស់ទាំង​ទូកញ្ចក់​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន ។ មនុស្ស​ម្នាក់​ក្នុងផ្ទះ​ភ្ញាក់​ដូច​គេ​កន្ត្រាក់​គ្រប់​ៗ​គ្នា ។ ពេល​ជាមួយ​គ្នា​នោះ​ហា​៊ (…) ក៏​ស្រែក​ដង្ហោយ​យា​៉​ង​ខ្លាំង​ដូច​ត្រូវ​នឹង​គ្រាប់កាំភ្លើង ។ ជំងឺ​គាត់​ចេះ​តែ​ដុនដាប់​ទៅ​ៗ ហើយ​ក៏​ស្លាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់​មក ។

ពេល​ឮ​សូរ​ផាំង​ដុ​ច​រន្ទះ​នោះ ខ្ញុំ​សួរ​ម្តាយ​ខ្ញុំ​រក​មូលហេតុ តែ​ម្តាយ​ខ្ញុំ​គាត់​ថា កូន​ឯង​នៅ​តូច​ណាស់ កុំ​ចង់​ដឹង​អី ! ។
លុះ​រំលង​ពីរ​បី​ថ្ងៃ​កន្លង​មក ទើប​ខ្ញុំ​ដឹង​ដោយ​ម្តាយ​ខ្ញុំ​និយាយ​ប្រាប់​ឪពុក​ខ្ញុំ​ថា គ្រូធ្មប់​បាញ់​ព្រួញ​ស្នា​តេះ​បន្ថែម ទើប​ហា​៊ (…) នោះ​ស្លាប់ ។ កាល​ណោះ (​ប្រមាណ​៦០​ឆ្នាំ​មក​ហើយ​) នៅ​ម្តុំ​នោះ អ្នក​លក់ដូរ​នៅ​ទីប្រជុំជន​ដ៏​តូច​នេះ​មាន​ជន​រង​គ្រោះ​ដល់​ទៅ​បី​នាក់ (​ស្រី​ម្នាក់​ប្រុស​ពីរ​នាក់​ដែល​សុទ្ធតែ​ជា​អ្នកមាន​ហាង​លក់ដូរ ។ នៅ​ខាងជើង​ផ្ទះ​ជន​រង​គ្រោះ​ប្រហែលជា​៣០​ម៉ែត្រ មានផ្ទះ​ខ្ទម​តូច​មួយ​សង់​នៅ​បាំង​ជិត​នឹង​គុម្ព​ឫស្សីស្រុក នោះ​ហើយ​ជា​ផ្ទះ​គ្រូធ្មប់ (…) ។ សូម​អនុញ្ញាត​បញ្ចប់​ប្រវត្តិ នេះ​ត្រឹមហ្នឹង​ចុះ ព្រោះ​សព្វថ្ងៃ​ក្រុម​គ្រួសារ​ទាំង​សងខាង​នៅ​ពុំ​ទាន់​ផុត​ពូជ​នៅឡើយ​ទេ ។

ដូច​យើងខ្ញុំ​បាន​ជម្រាប​ពី​ខាង​ដើម​ហើយ​ថា មាន​គ្រូធ្មប់​ពីរ​ប្រភេទ​គឺ​គ្រូធ្មប់​ធ្វើអំពើ​ដ៏​កាច​សាហាវ និង​គ្រូធ្មប់​គំរង់ ។ អ្នក​ដែល​បាន​សិក្សា​រៀនសូត្រ​វិជ្ជា​ធ្មប់​សម្រាប់​ធ្វើអំពើ​ដល់​អ្នក​ដទៃ​ឱ្យ​ឈឺ​ឮ​ឱ្យ​ស្លាប់ ដើម្បី​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន​តាម​អំពើ​សម្ងាត់ (​ឃាតកម្ម​មិន​ផ្ទាល់ ឬ​ឃាតកម្ម​សម្ងាត់​) ឬ​ដើម្បី​ស៊ីឈ្នួល​ក៏​ដូច​ជា​យកអាសា​អ្នក​ណាមួយ​នោះ ជា​មនុស្ស​ខ្វះ​សីលធម៌ អាច​និយាយ​ថា ជា​ជន​ខ្លៅ​ក៏​បាន ។ ដួច​បាន​ជម្រាប​ហើយ​ថា ក្នុង​មួយ​ឆ្នាំ​បើ​មិន​បាន​ធ្វើអំពើ​ដល់​អ្នក​ណាមួយ​នោះ សិល្ប៍​មន្ត​ធ្មប់ តែងតែ​ធ្វើទុក្ខបុកម្នេញ​ដល់​សមាជិក​ក្នុង​គ្រួសារ​ខ្លួនឯង​វិញ ដូច​ជា​កូន​ឈឺ​ធ្ងន់ ឬ​ឈឺ​រហូត​ដល់​ស្លាប់​ប្រពន្ធ ឈឺ​ស្គមរីងរៃ ប្រកបការងារ​អ្វី​មិន​បាន ។ អ្នករៀន​សិល្ប៍​មន្ត​ធ្មប់​នេះ បើ​តាម​ចាស់​ៗ​ធ្លាប់​ដឹង មិន​ដែល​បាន​ទៅ​ជា​អ្នកមាន​ធូរធា​ដូច​អស់គេ​ផង​ទាំងពួង​ឡើយ ។ ពួក​នេះ​ច្រើន​តែ​ក្រ​រហេមរហាម ខ្វះ​ព្រឹក​ខ្វះ​ល្ងាច ។ គ្រូធ្មប់​ដាំ​ដំណាំ​អ្វី​ក៏​មិន​ដុះដាល​លូតលាស់​ល្អ​ឡើយ ។

សន្ទូង​ដែល​គេ​ស្ទូង​ត្រូវ​ក្រៀម​ខ្លោច​ដូច​គេ​យក​ភ្លើង​ទៅ​រោល ។ អ្នកស្រុក​ភូមិ​ផង​របង​ជាមួយ​មិនសូវ​មានការ​ទាក់ទង​ជាមួយ​គ្រូធ្មប់​ឡើយ ។ គេ​មិន​សហការ​ឬ​មិន​ព្រម​ធ្វើការ​ប្រវាស់ដៃ​ជាមួយ ព្រោះ​គេ​ខ្លាច​ខូច​ផលដំណាំ​គេ ។ ដូច្នេះ​ដំណ​ក្រោយ​ៗ​មក​វិជ្ជា​នេះ​កម្រ​មាន​អ្នក​ចង់​រៀន​ណាស់ ព្រោះ​គេ​ខ្លាច​វាន់​ក​ខ្លួនឯង​ដូច​បាន​ជម្រាប​ខាងលើ ។ គេ​តែង​និយាយ​ថា វិជ្ជា​ធ្មប់ បើ​មិន​បាន​ធ្វើ​ឱ្យ​គេ​ស្លាប់ វា​នឹង​ស៊ី​កូន​ប្រពន្ធ​ឯង​វិញ ។ នៅ​មាន​ធ្មប់​មួយ​ប្រភេទ​ទៀត ដែល​គេ​តែង​ហៅ​ថា ធ្មប់​គំរង់ ។ គ្រូធ្មប់​នេះ​មិនសូវ​ធ្វើ​អ្នក​ណា​ឱ្យ​ឈឺ​ទេ ។ សកម្មភាព​របស់​គាត់ គឺ​ចូល​ចិត្ត​ស្នេហ៍ស្និទ្ធ តែ​នឹង​គំរង់​ពិសេស​ខ្មោចមនុស្ស ។ បើកាលណា​គេ​បានដឹង​ថា មាន​មនុស្ស​ស្លាប់​នៅ​ក្នុងភូមិ​ណា គេ​តែង​លួច​តាម​សម្គាល់​មើល​ឱ្យ​ដឹង​ថា គេ​យក​ខ្មោច​ទៅ​កប់​នៅ​កន្លែង​ណា នោះ​បី​បួន​ថ្ងៃ​កន្លង​មក គ្រូធ្មប់ នឹង​លួច​ទៅ​កកាយ​ខ្មោច​នា​ពេល​យប់​ស្ងាត់ ដើម្បី​រិ​តយ​ក​ទឹក​ខ្មោច ដែល​ហើម​ជោរ​នោះ​មក​ផឹក (​ធ្វើ​បែប​នេះ​ដើម្បី​បង្កើន​ឥទ្ធិ​រិ​ទ្ធិ​របស់​ខ្លួន ដែល​ចាត់​ទុកដូចជា​ពិធី​បូជាយញ្ញ​) ។

គាត់​និយាយ​ប្រាប់​អ្នក​ស្គាល់​ជិតដិត​ថា ទឹក​ដែល​រឹត​យក​ពី​គំរង់​ដែល​ហើម​ប៉ោង​នោះ មានឱជារស​ផ្អែម​ឆ្ងាញ់​ដូច​ទឹកឃ្មុំ ។ នៅ​ក្នុង​ស្រុកភូមិ​បើ​មាន​ខ្មោច​ណា​ដែល​រងគ្រោះថ្នាក់​ដូច​ជា​ចង​.​ក រថយន្ត​បុក​គេ​លួច​សម្លាប់​ក្នុង​ព្រៃ​រហូត​ដល់​ហើម​ស្ទើរ​ប្រេះ ទើបបាន​រក​ឃើញ​នោះ គេ​តែងតែ​ជួល​គ្រូធ្មប់​គំរង់​ទៅ​លើ ទៅ​បី​យក​មក​ដាក់​ក្នុង​ម្ឈូស​នៅ​ពេល​ដែល​អ្នក​ឯទៀត​ចូល​មិន​ចុះ ដោយ​ក្លិនស្អុយ​អា​សោច​ខ្លាំង​ពេក ។ ជួនកាល​គេ​ជួល​ធ្មប់​នេះ​ឱ្យ​ដេក​យាម​ខ្មោច ដែល​ក្លាយទៅជា​គំរង់​ទៅ​ហើយ​នោះ ដរាប​ទាល់តែ​បញ្ចុះ​រួច ឬ​បូជា​រួច ។

បច្ចុប្បន្ន​នេះ អាស្រ័យ​ដោយ​ការ​រីក​ចម្រើន​នៃ​វិទ្យាសាស្ត្រ​ផង និង​អាស្រ័យ​ដោយ​ការ​រីក​លូតលាស់​ខាង​ការ​យល់​ដឹង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ចេះ​យក​វិចារណញ្ញាណ​មក​ប្រើ​ដើម្បី​ពិចារណា​រកហេតុ​ផល​នោះ ពុំ​មាន​គ្រូបង្រៀន​សិល្ប៍​មន្ត​វិជ្ជា​ធ្មប់​ឡើយ ដោយ​គេ​យល់​ថា វិជ្ជា​នេះ​ជា​វិជ្ជា​ដែល​គ្មាន​ប្រយោជន៍​ដល់​ខ្លួនឯង និង​ដល់​សង្គម ។ ដូច្នេះ​វិជ្ជា​ធ្មប់​មក​ទល់​សព្វថ្ងៃ ស្ទើរតែ​សាបសូន្យ​អស់រលីង​ពី​សង្គម​ខ្មែរ​ទៅ​ហើយ ។ ប៉ុន្តែ​ដោយហេតុ​ថា តាំងពី​បុ​រម​បុរាណ​រៀង​មក​សង្គម​ខ្មែរ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​ជំនឿ​ទៅ​លើ​វិស័យ​នេះ ទើប​យើងខ្ញុំ​បាន​ស្រាវជ្រាវ​សរសេរ​ចងក្រង​តម្កល់​ទុកជា​ឯកសារ​ក្បួនខ្នាត​ទុក​ក្នុង​ពុទ្ធ​សាសន​បណ្ឌិត ក្នុង​គោលដៅ​រក្សា​កេរ្តិ៍​ដំណែល​ខ្មែរ​យើង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​យល់​ដឹង​អំពី​ការ​រស់នៅ​របស់​ដូនតា​យើង​កាលពី​សម័យ​មុន ។ ម្យា​៉​ង​ទៀត យើងខ្ញុំ​សូម​សារភាព​ថា អ្វី​ដែល​យើងខ្ញុំ​បាន​សរសេរ​ដោយ​ចេះ​ចាំ​ផ្ទាល់ខ្លួន​ខ្លះ ដោយ​សាកសួរ​ចាស់ទុំ​ខ្លះ​នេះ ពិតជា​នៅ​មាន​ចំណុច​លើសលស់ ខ្វះខាត ការ​ខុសឆ្គង​ខ្លះ​ជា​មិន​ខាន ។

ហេតុនេះ​យើងខ្ញុំ​សូម​អំពាវនាវ​ចំពោះ​លោក​អ្នក​អាន​នៅ​តាម​តំបន់​ជនបទ​ខេត្ត​ខ័​ណ្ឌ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បើ​ចេះ​ចាំ​ឬ​ដឹង​អ្វី​ប្លែក​អំពី​វិស័យ​នេះ សូម​មេត្តា​សរសេរ​ចងក្រង​ជា​អត្ថបទ ហើយ​ផ្ញើ​មក​ពុទ្ធ​សាសន​បណ្ឌិត​យើង​ដើម្បី​ចុះ​ផ្សាយ​ជូន​ឬ​តម្កល់​ទុកជា​ឯកសារ​ធ្វើ​យា​៉​ង​ណា​ឱ្យ​បណ្ណាល័យ​របស់​យើង​សម្បូរ​ណ៌​ដោយ​កេរដំណែល​វប្បធម៌​ដូច​អារ្យ​ប្រទេស​នានា ។ ក្នុង​ការ​រង់ចាំ​យើងខ្ញុំ​ថ្លែងអំណរគុណ​ទុកជា​មុន ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top