អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ពាក្យ “មេ” ជាពាក្យដែល បុព្វបុរសខ្មែរ ប្រើប្រាស់ ដើម្បីលើកស្ទួយសិទ្ធនារី តាំងពីបុរាណមកម៉្លេះ!

ពាក្យ “មេ” ជាពាក្យដែល បុព្វបុរសខ្មែរ ប្រើប្រាស់ ដើម្បីលើកស្ទួយសិទ្ធនារី តាំងពីបុរាណមកម៉្លេះ!

តាមប្រវត្តិសាស្រ្តក្នុងដើមសតវត្សទី១ នៃគ្រឹស្តសករាជ នៅក្នុងអាណាចក្រកម្ពុជា គឺមានការគ្រប់គ្រង ដោយម្ចាស់ក្សត្ត្រិយ៍ ១ អង្គ ព្រះនាមថា ” សោមា ” ឬតាមភាសាចិនហៅថា ” លីវយី ” ។ ដោយសារមានស្ត្រីជាធំ ដូច្នេះហើយបានជា យើងឃើញថា វប្បធម៌ខ្មែរយើង មានលក្ខណពិសេសផ្ទាល់ខ្លួន ខុសពីវប្បធម៌ឥណ្ឌា និងចិន ដែលបានចូលមក ស្រុកខ្មែរតាមក្រោយ ។ វប្បធម៌ខ្មែរយើង ជាវប្បធម៌មាតាធិបតេយ្យ គឺយកមាតា ឬស្តី្រជាធំ ឯវប្បធម៌ឥណ្ឌា និងចិនវិញ ជាវប្បធម៌បិតាធិបតេយ្យ គឺយកបិតា ឬ បុរសជាធំ ។

Related image

ភស្តុតាងនៃឥទ្ធិពល មាតាធិបតេយ្យ ដែលយើងឃើញច្បាស់ នាពេលបច្ចុប្បន្ន គឺពាក្យថា ” មេ ” ។ ក្នុងភាសាខ្មែរ ” មេ ” សំដៅដល់ភេទ ” ញី ” ឬភេទ ” ស្រី ” តែភេទញី សំដៅទៅលើសត្វ ដូចជាមេមាន់ មេគោ ជាដើម ។ ការឱ្យតម្លៃទៅលើ មេឬស្រីជាធំ បានធ្វើឱ្យពាក្យ មេ នេះ បានត្រូវខ្មែរយើង យកទៅដាក់នាំមុខ នៃពាក្យដទៃទៀត ដើម្បីបញ្ជាក់ថា មនុស្ស សត្វ ឬរបស់នោះ ជាធំ ដើមចម ប្រធាន ឬអ្នកដឹកនាំ ជាដើម។ល។ ដូចពាក្យថាៈ មេដឹកនាំ មេទ័ព មេចោរ មេខូច មេភ្លើង មេជើង មេដំបូល ឬរើសយកអាមេៗ …ជាដើម ។ សូម្បីតែរបស់នោះ គ្មានភេទ ឬក៏ភេទ ឈ្មោល ឬភេទប្រុសក្តី ក៏គេយកពាក្យ ” មេ ” ដាក់ពីមុខដែរ ។

Related image
ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច

នៅក្នុងស្ថាប័នពុទ្ធសាសនា ភិក្ខុសង្ឃដែលទទួលនាទីជា អ្នកគ្រប់គ្រងវត្ត ក៏ត្រូវខ្មែរយើងហៅថា ” មេ ” ដែរ គឺៈ លោកគ្រូមេវត្ត ដែលមានន័យថា អ្នកដឹកនាំវត្ត ប្រធានវត្ត នាយកវត្ត ឬមាតាវត្ត ក៏បានដេរ ។ ការដែលបានលើកយក ពាក្យ “មេ” នេះមកអធិប្បាយ ក៏ព្រោះតែចង់យកពាក្យ ” លោគ្រូមេវត្ត ” នេះ មកធ្វើការវែកញែក និងស្រង់យកជាប្រយោជន៍ ក្នុងការដឹកនាំទួទៅ ពីព្រោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានសំដែង អំពីលក្ខណៈ របស់មេវត្ត ដែលជាទីកោត សរសើររបស់ កូនវត្តទុកឱ្យ ដោយមានខ្លឹមសារ យ៉ាងល្អប្រសើរ ។ ការប្រៀបធៀប នឹងផ្លូវលោក ស្ថាប័នវត្តមានលក្ខណៈ ជាសង្គមមួយដ៏បរិបូណ៌ និងជាសង្គមមួយ ដែលមានព្រះសម្មាសម្ពុទ្ធ តាំងឡើងជាគម្រូ សម្រាប់សង្គមទួទៅ ។ ការគ្រប់គ្រងក្នុងវត្ត ជាការគ្រប់គ្រងបែប សង្ឃាធិបតេយ្យ និងធម្មាធិបតេយ្យ ។ ការគ្រប់គ្រងបែបនេះ យើងឃើញមានប្រើ នៅក្នុងអាណាចក្រផងដែរ ដែលយើងបានស្គាល់ថាជា ប្រជាធិបតេយ្យ ។

Image result for women in buddhism
ស្រ្តីក្នុងព្រះពុទ្ធសាសនា

ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាស នូវលក្ខណៈ ១០ យ៉ាង របស់ភិក្ខុសង្ឃ ដែលគួរនឹងធ្វើជាមេវត្ត ឬជាអ្នកគ្រប់គ្រងវត្ត ដែលយើងអាចយកមក ប្រើបានក្នុងការ រៀបចំខ្លួនយើង ឱ្យទៅជាមេដឹកនាំល្អ និងទុកជាគតិសំរាប់ ឱ្យប្រជាពលរដ្ឋ ជ្រើសរើសយកបេក្ខជន ដែលមានលក្ខណៈ បែបនេះ យកមកធ្វើជា មេដឹកនាំខ្លួន ។ លក្្ខណៈរបស់មេ ឬ របស់ព្រះថេរៈរបស់ ព្រះសម្មាសម្ពុទ្ធ ទាំង ១០ យ៉ាងនោះគឺ៖

១_ ថេរោ រតញ្ញូៈ ជាមនុស្សពេញវ័យ បួសបានយូរ ដឹងកិច្ចការចាំយ៉ាងច្រើន ។ ចំណែកការគ្រប់គ្រង តាមផ្លូវលោក ឬ ឃរាវាសៈ អ្នកដឹកនាំគួរជាមនុស្ស ដែលមានវ័យ ចាស់ច្រើន មានការដកពិសោធន៍ ក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗច្រើន ដឹងការរាក់ជ្រៅ ធ្លាប់ឆ្លងកាត់បទរៀនជីវិត និង ការងារយូរមកហើយ ចេះអត់ធ្មត់មិនឆេវឆាវ ឈាមរាវដូចកូនក្មេង ។

២_ សីលវាៈ មានសិល ប្រព្រឹត្តត្រឹមត្រូវតាម សិក្ខាបទទាំងឡាយ ។ ក្នុងអាណាចក្រវិញ បានដល់ការគោរពតាមច្បាប់ តាមវិន័យ បទបញ្ញត្តិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើមចម មិនប្រព្រឹត្តល្មើសច្បាប់ និងមានកាយ វាចា ចិត្តល្អប្រពៃ មិនធ្លាប់មានប្រព្រឹត្តខាង អំពើ ទុច្ចរិត ។

៣_ ពហុស្សុតោៈ ជាអ្នកចេះច្រើន មានចំណេះវិជ្ជាខ្ពស់ និងទូលំទូលាយ ស្គាល់បញ្ហាខុសត្រូវ ស្គាល់សេចក្តីត្រូវការ របស់សង្គម និងឆ្លៀវឆ្លាតខាងការ ដោះស្រាយបញ្ហានានា ដែលមាន ។ បើភិក្ខុសង្ឃ គឺអង្គដែលចេះ និង ទ្រទ្រង់នូវ ព្រះត្រៃបិដក ។

៤_ ស្វាគតបាដិមោក្ខោៈ ទ្រទ្រង់បាដិមោក្ខ ដឹងគោលព្រះវិន័យ ។ ចំពោះអ្នកគ្រប់គ្រង ប្រទេសវិញ គឺដឹងពីគោលច្បាប់ គោលវិន័យ ទាំងច្បាប់ គ្រប់គ្រងប្រទេស គឺច្បាប់ រដ្ឋធម្មនុញ្ញ និង ច្បាប់ជាតិ អន្តរជាតិទាំងឡាយ រួមទាំងសន្ធិសញ្ញា និងកតិការផ្សេងៗ ដែលទាក់ទងនឹងរឿង នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ឬ គេហៅថា មានគតិបណ្ឌិតនោះ ។

៥_ អធិករណសមុប្បាទវូបសមកុសលោៈ ជាអ្នកមានវ័យឆ្លាត ពូកែក្នុងការរម្ងាប់ អធិករណ៍ ជម្លោះ ការទាស់ទែងខ្វែង គំនិតគ្នាក្នុងសង្គម ដូចជាទំនាស់រវាង ពួកនាយទុន និងពួកកម្មករ រដ្ឋការនឹងរាស្រ្ត ទំនាស់បក្សពួកផ្សេងៗ ឬក៏ទំនាស់ដែលនាំ ឱ្យកើតសង្រ្គាមផ្សេងៗ អាចរកចំណុចដោះស្រាយ ឱ្យរលត់ទៅវិញបាន គឺដោះស្រាយឱ្យបាន សេចក្តីសុខ សប្បាយរីករាយ ទាំងសងខាង ឱ្យប្រកបទៅដោយ គតិយុត្តិធម៌ ។

៦_ ធម្មកាមោៈ ជាអ្នកស្រឡាញ់ធម៌ គោរពធម៌ យកធម៌ជាធំ លើកតំកើងធម៌ ស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះស្តាប់ ចេះនិយាយ ចេះពិភាក្សា ធ្វើខ្លួនឱ្យគេសរសើរ មានចិត្តចូលជិត ដើម្បីពិភាក្សា សន្ទនា និង ចូលចិត្ត ការសិក្សា រៀនសូត្រ ស្រាវជ្រាវ នូវគោលការណ៍ច្បាប់ ដែលជ្រៅៗបន្ថែមទៀត ។

៧_ សន្តុដ្ឋោៈ ជាអ្នកសន្តោស ដោយបច្ច័យ ៤ តាមមាន តាមបាន មិនលោភលន់ មិនខ្ជះខ្ជាយ មិនចង់បានឱ្យហួស ឋានៈរបស់ខ្លួន គឺរស់នៅតាមបែបធម្មតា មិនហ៊ឺហា ឬ ស៊ីវីល័យ ហួសពីអ្វី ដែលខ្លួនមាន និង ប្រទេសរបស់ខ្លួន ដែលកំពុងមាន ។

៨_ ឈានលាភីៈ ស្ទាត់ជំនាញក្នុងឈានទាំង ៤ ដែលជាវិហារធម៌ សំរាប់បព្វជិតរស់នៅ ដោយសុខសប្បាយ នាពេលបច្ចុប្បន្ន ។ ចំពោះមេដឹកនាំ ខាងផ្លូវលោកវិញ បានដល់អ្នកដែល មានសុខភាពល្អ និង ចិត្តល្អបរិបូណ៌ មិនងាយខឹង មិនងាយក្រេវក្រោធ សប្បាយចិត្ត សុខចិត្តជានិច្ច ចិត្តមិនមួហ្មង មិនតតក់ស្លុត ទោះជាមានហេតុការណ៍ អ្វីៗកើតឡើងក៏ដោយ ចិត្តមោះមុតរឹងប៉ឹង អង់អាចក្លាហាន នឹងធឹង ប្រកបដោយ សតិសម្បជញ្ញៈ ។

៩_ បាសាទិកោៈ អានកិរិយាមារយាទ គួរឱ្យជ្រះថ្លា ដឹងពិធីការ ដឹងសុជីវធម៌ ក្នុងសង្គម មិនឆ្គង មិនឈ្លើយ ។

១០_ អនាសវចេតោវិមុត្តិបញ្ញាវិមុត្តិៈ ចំពោះភិក្ខុសង្ឃ បានដល់ភិក្ខុ ដែលអស់នូវ អាសវកិ្កលេស សំរេចជាព្រះអរហន្ត ។ ក្នុងន័យដែលអាចអនុវត្តបាន ចំពោះអ្នកដឹកនាំ គឺការដែលមានបញ្ញា ឃើញនូវសភាព ពិតប្រាកដរបស់ធម្មជាតិ និងការគ្រប់គ្រងខ្លួន មិនជាប់ជំពាក់ដោយ លោកធម៌ទាំង ៨ គឺៈ មិនញាប់ញ័រពេល មានគេសរសើរ ១, និន្ទា ១, បានលាភ ១, ខាតបង់លាភ ១, បានយសសក្តិ ១, បាត់បង់យសសក្តិ ១, បានសុខ ១, និងបានទុក្ខ ១ គឺដាក់ចិត្តជាកណ្តាល ពិចារណាទៅតាមកម្មផល ហេតុផល គិតតែបំពេញនូវ តួរនាទីរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន កុំឱ្យខុសនិងធម៌ ។ អ្នកដឹកនាំរបៀបនេះ តែងមានមុខញញឹម និងកេងលក់ជានិច្ច ទោះជាហេតុការណ៍ អាក្រក់យ៉ាងណាក៏ដោយ ។ ពិតមែនតែមានន័យ តេមិនមែនញញឹម មិនដោះស្រាយបញ្ហានោះទេ គឺថាមាន មេត្តា ករុណា មុទិតា និង ឧបេក្ខា នៅជាប់ជានិច្ច ។

លក្ខណៈ ១០ យ៉ាងដែលបានអធិប្បាយ ដោយសង្ខែបនេះ ជាលក្ខណៈរបស់ ” មេ ” ដែលយើងទាំងអស់គ្នា អាចរៀនធ្វើតាមបាន ពីព្រោះមិនមែនជារបស់ ដែលគ្រាន់តែ ជាទ្រឹស្តី ដែលឥតមាននរណា អនុវត្តនោះឡើយ ព្រះអរហន្ត និង ព្រះសង្ឃ ទាំងឡាយ លោកបានធ្វើជាមេដឹកនាំ ខាងផ្នែកចិត្ត វិញ្ញាណជាង ២៥០០ ឆ្នាំមកហើយ ប្រកបដោយ ជោគជ័យយ៉ាងល្អ ប្រសើរ ។

យើងសង្ឃឹមថា អ្នកដឹកនាំខ្មែរទាំងឡាយ នឹងធ្វើខ្លួនឱ្យទៅជា មេគេបានដ៏ល្អប្រសើរ ជាលំដាប់ តាមការអនុវត្តន៍នូវ ថេរៈធម៌ទាំង ១០ ប្រការនេះ មិនខានឡើយ ៕៚

Image may contain: text

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top