អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > កូនខ្មែរប្រយ័ត្នអត់ដឹងថា ចូលឆ្នាំខ្មែរមានប្រវត្តិយ៉ាងណា បើមិនទាន់ដឹង អានទាំងអស់គ្នា

កូនខ្មែរប្រយ័ត្នអត់ដឹងថា ចូលឆ្នាំខ្មែរមានប្រវត្តិយ៉ាងណា បើមិនទាន់ដឹង អានទាំងអស់គ្នា

ដើម្បីដាស់តឿន ក៏ដូចជារំលឹកដល់ ប្រវត្តិរបស់ពិធីបុណ្យចូលឆ្នាំខ្មែរដែលឈានចូលមកក្នុងពេលឆាប់ៗនេះ Khmer-Paper សូមលើកយករឿងព្រេង ស្តីពីប្រវត្តិចូលឆ្នាំខ្មែរ ដែលប្រិយមិត្តអាចអានបានដូចតទៅនេះ៖

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។

ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។

វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។

កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។

ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា “ភគវតីសភាសាលា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top