អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > អស់ទាស់! ចិនផលិតខ្យល់បរិសុទ្ធ ដាក់ដបទុកលក់ឲ្យប្រជាជន ព្រោះជាតិពុលកើតឡើងច្រើនពេក

អស់ទាស់! ចិនផលិតខ្យល់បរិសុទ្ធ ដាក់ដបទុកលក់ឲ្យប្រជាជន ព្រោះជាតិពុលកើតឡើងច្រើនពេក

ចិន៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ចិនគឺជាប្រទេសមួយដែលពោរពេញទៅដោយផ្សែងពុល ដូច្នេះទើបបានជាថ្មីៗនេះ រដ្ឋាភិបាលប្រទេសចិន បានរកឃើញដំណោះស្រាយមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។

បើយោងតាមសារព័ត៌មាន Weibo Post បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស៊ីអាន បានរាយការណ៍ថា ខ្យល់បរិសុទ្ធទាំងអស់នេះ គឺបានមកពីតំបន់ការពារធម្មជាតិ Qinling Pingheliang ហើយពួកវាត្រូវបានដាក់លក់នៅក្នុងតម្លៃ ប្រហែល ៣.៧ ដុល្លារក្នុងមួយកំប៉ុង ដោយមួយកំប៉ុងអ្នកប្រើប្រាស់អាចបាញ់បានប្រហែលជា៥០ដង ឬប្រហែល២នាទី ប្រសិនបើអ្នកបាញ់វាជាប់រហូត។

គ្រប់គ្នាជឿថា ខ្យល់បរិសុទ្ធទាំងនេះអាចជួយបំបាត់ភាពអស់កម្លាំង សម្រួលអារម្មណ៍ផ្លូវចិត្ត និងលាងសម្អាតប្រព័ន្ធខ្យល់នៅក្នុងរាងកាយផងដែរ។

អតិថិជនម្នាក់ដែលគាំទ្រផលិតផលនេះបាននិយាយថា៖

“កាលពីមុន ខ្ញុំធ្លាប់បានទិញវាមួយកំប៉ុងដែរ គឺថាខ្យល់ដែលចេញពីកំប៉ុងនោះ ពិតជាបរិសុទ្ធខ្លាំងណាស់។ វាមានក្លិនដូចជានៅក្នុងព្រៃអ៊ីចឹង។ មិត្តភក្តិរបស់ខ្ញុំទើបតែបានដឹងពីរឿងមួយនេះ ហើយគេចង់សាកល្បងប្រើវាដែរ ដូច្នេះទើបខ្ញុំមកទីនេះ ដើម្បីរកទិញវា២កំប៉ុងទៀត”។

គួរឲ្យដឹងដែរថា ប្រមាណជា៩៤% នៃតំបន់ការពារធម្មជាតិនៅក្នុងប្រទេសចិន គឺជាព្រៃឈើ ហើយតំបន់ការពារទាំងនោះ គឺជាកន្លែងដែលពពួកខ្លាឃ្មុំផេនដារស់នៅ។

យ៉ាងណាមិញ គម្រោងនៃការលក់កំប៉ុងដែលមានផ្ទុកខ្យល់បរិសុទ្ធនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមកម្ល៉េះ គឺនៅពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើបានគិតគូរអំពីការលក់ខ្យល់បរិសុទ្ធទៅកាន់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានធ្វើការពិសោធន៍ និងស្រាវជ្រាវទីផ្សាររួចមក ការិយាល័យព្រៃឈើក៏បានវិនិយោគទៅលើរោងចក្រផលិតខ្យល់បរិសុទ្ធនេះតែម្តង។

យោងទៅតាមប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ខ្យល់បរិសុទ្ធ មួយកំប៉ុងដែលលក់នៅក្នុងតម្លៃ៣.៧ ដុល្លារនេះ គេទទួលបានប្រាក់ចំនេញប្រហែល ០.៥ ដុល្លារ៕

ប្រភព៖  Weibo Post

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top