អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > កត្តា៦យ៉ាងដែលអ្នក គួរជៀសវាងដើម្បី អភិវឌ្ឍខ្លួនឲ្យប្រសើរឡើង

កត្តា៦យ៉ាងដែលអ្នក គួរជៀសវាងដើម្បី អភិវឌ្ឍខ្លួនឲ្យប្រសើរឡើង

ការអភិវឌ្ឍខ្លួនគឺជាកត្តាសំខាន់ខ្លាំងណាស់ចំពោះបុគ្គលគ្រប់រូបសម្រាប់ទាំងជីវិតគ្រួសារនិងអាជីពការងារ ។តាមពិតស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នេះ ក៏ប៉ុន្តែមានមនុស្សជាច្រើនដែលមិនអាចធ្វើវាបានល្អប្រសើរនិងជោគជ័យ ដូចនេះ ចម្ងល់ស្ថិតនៅត្រង់ថា តើហេតុអ្វីបានជាមនុស្សខ្លះទទួលបានជោគជ័យ ក្នុងការ ធ្វើឲ្យខ្លួនបានអភិវឌ្ឍ បានល្អប្រសើរឡើង និងខ្លះបរាជ័យទៅវិញ?

ជារួមកត្តាដែលរាំងខ្ទប់ដល់ការអភិវឌ្ឍខ្លួនឲ្យបានជោគជ័យគឺ៖

១. អញនិយមៈ បុគ្គលដែលចូលចិត្តតែគិតថាខ្លួនឯងពូកែ សំខាន់អស្ចារ្យជាងអ្នក ដទៃឬគំនិតរបស់ខ្លួនតែងតែត្រូវគឺនឹងជួបនូវការលំបាក់ក្នុងការរកឬទទួលបានឱកាសក្នុងរៀនសូត្រចំណុចល្អ និងចំណេះដឹងថ្មីៗបន្ថែមទៀតពីមនុស្សនិងស្ថានការណ៍ជុំ វិញខ្លួន ភាសិតខ្មែរលើកឡើងថា (ងើយស្កកឱនដាក់គ្រាប់) ។

២. គំនិតចង្អៀតចង្អល់ៈ ការមិនបើកទូលាយចិត្តគំនិតក្នុងការស្តាប់លឺចំណុចអាក្រក់របស់ខ្លួន និងមិនព្រម រៀនទទួលយកនូវការកែតម្រូវ ឬការរិះគន់ពីចំណុចមិនល្អ និងការមិនចែករំលែក ចំណេះដឹងធនធានឬក្តីមេត្តាដោយចិត្តរីករាយដល់អ្នកដទៃ គឺជាការខាត់បង់មួយដ៏ធំ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងបន្តរក្សានូវចំណុចមិនល្អកាន់តែច្រើនឡើងៗនិងកាន់តែបាត់បង់នូវឳកាសក្នុងការទទួលបាននូវការស្រឡាញ់រាប់អាន និងភាពស្និទ្ធ ស្នាលពីមនុស្សជុំវិញខ្លួនកាន់តែច្រើនឡើងៗ ។

៣. កង្វះកម្លាំងជំរុញចិត្ត និងផ្នត់គំនិតអវិជ្ជមានៈ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានគឺតែងតែគិតថាខ្លួនឯងអន់ ទន់ខ្សោយ ឬគ្មាន គំនិតក្នុងការពុះពារ តស៊ូ ឬឆន្ទៈមុះមុតឡើយក្នុងការធ្វើអ្វីមួយ ពោលគឺពួកគេមិន ចង់ធ្វើកិច្ចការណាដែលថ្មីៗ លំបាកៗ ឬមានហានិភ័យខ្ពស់ឡើយ ដូចនេះគេ តែងតែបាត់ឳកាសក្នុងរៀនសូត្រអ្វីដែលថ្មី និងទទួលបានបទពិសោធល្អៗ និង លទ្ធផលថ្មីៗ ។

៤. ការនិយមដោះសា និងបន្ទោសកត្តាក្រៅខ្លួនឬអ្នកដទៃៈ មនុស្សដែលចូលចិត្តដោះសា មិនហ៊ានប្រឈមមុខ ឬថែមទាំងបន្ទោសកត្តាក្រៅខ្លួន ច្រើនគឺជាមនុស្សដែលខ្វះការទទួលខុសត្រូវនិងចូលចិត្តផ្តេកផ្តួលខ្លួនទៅតាមព្រហ្មលិខិត ការដោះសាគឺតែងតែនាំឲ្យយើងខ្វះការយកចិត្តទុកដាក់ក្នុងការឆ្លុះបញ្ចាំង នូវកំហុសខ្លួនឯង និងពុំបានខិតខំប្រឹងប្រែងកែលំអខ្លួនជាប្រចំាឡើយ។

៥. កង្វះខាតជំហរផ្ទាល់ខ្លួន និងការពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវៈ មនុស្សដែលគ្មានជំហរខ្លួនឯងច្បាស់លាស់ និងពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវ គេនឹងបណ្តោយខ្លួនឲ្យរៀន ទទួលយកគំរូ ឬអនុវត្តតាមនូវចំណុចអាក្រក់ពី មនុស្សឬបរិយាកាសជុំវិញខ្លួនដោយងាយបំផុត ដូចនេះពួកគេនឹងក្លាយទៅជា ជនរងគ្រោះ ហើយងាយនឹងបាត់បង់ឳកាសក្នុងធ្វើឲ្យខ្លួនរីកចម្រើន ឬប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

៦. ភាពមិនច្បាស់លាស់ចំពោះគោលដៅនៃជីវិតៈ មនុស្សដែលគ្មានគោលដៅជីវិតច្បាស់លាស់តែងតែខ្វះនូវកម្លាំងចិត្ត និងឆន្ទៈមុះមុត ជាងនេះទៅទៀតគឺមិនដឹងថាត្រូវត្រៀមខ្លួន និងធ្វើអ្វីៗខ្លះដើម្បីសម្រេចគោលដៅ អ្វីមួយឡើយ ហើយពេលខ្លះចេះតែធ្វើនេះធ្វើនោះដោយគ្មានកម្លាំងចិត្ត គ្មានការយក ចិត្តទុកដាក់ខ្ពស់ និងខ្វះភាពជាម្ចាស់ការ នឹងកិច្ចការឬកាតព្វកិច្ចរបស់ខ្លួន។

សរុបមកៈ

ក. គ្មានមនុស្សណាក្រជាងមនុស្សដែលគ្មានក្តីសង្ឃឹម និងឆន្ទៈនោះទេ!

ខ. មនុស្សដែលគ្មានវិន័យខ្ជាប់ខ្ជួនគឺជាមនុស្សដែលគ្មានតម្លៃពិតនោះទេ!

គ. អ្វីដែលមនុស្សមានដូចគឺចំណុចខ្លាំង និងចំណុចខ្សោយ តែមនុស្សមានផ្នត់គំនិត ការតាំងចិត្ត និងការខិតខំមិនដូចគ្នានោះទេ នោះហើយជាកត្តាដែលធ្វើមនុស្សមាន ជោគជ័យមិនដូចគ្នា ។

ដូចនេះយើងគួរតែគេចឲ្យផុតពីកត្តាអវិជ្ជមានខាងលើនេះ ដោយការសេពគប់មនុស្ស ការគិត និងការប្រព្រឹត្តិឲ្យបានត្រឹមត្រូវ ព្រមទាំងដុសខាតផ្នត់គំនិត ចំណេះដឹង និងអត្តចរិតឲ្យបានប្រសើរឡើងជាប្រចាំដើម្បីភាពរីកចម្រើនជានិច្ចនិរន្តរ៍ ៕

ប្រភព៖ Kinal Sar

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top