អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > វាយអ្នកភ្លេងផ្អើររោងការ ដោយសារកុម្ម៉ង់​បទ ​«​រាំ​អ​ញ្ចេ​ក​ៗ» ចេញ​បទ​«​បុណ្យ​ភូមិ​»

វាយអ្នកភ្លេងផ្អើររោងការ ដោយសារកុម្ម៉ង់​បទ ​«​រាំ​អ​ញ្ចេ​ក​ៗ» ចេញ​បទ​«​បុណ្យ​ភូមិ​»

រាជធានី​ភ្នំពេញ ៖ ពិធី​ដ៏​អធិកអធម​ក្លាយជា​រឿង​អពមង្គល​ក្នុង​ពិធី​មង្គលការ​របស់​អ្នក​ភូមិ​មួយ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ដោយ​មានការ​ចូលរួម​រាំ​កម្សាន្ត​សប្បាយពី​សំណាក់​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​នោះ ស្រាប់តែ​ផ្អើល​ឈុ​លពេញ​​រោង​ការកាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ មីនា ២០១៧ នៅ​ចំណុច​ក្នុង​រោងការ ភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ព្រោះ​ស្ដ្រី​ជា​សាច់ញាតិ​របស់​ម្ចាស់​កម្មវិធី​ម្នាក់ បាន​វាយ​ទៅ​លើ​ក្រុម​តន្ដ្រីករ​ពីរ​បី​ដៃ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​តិចតួច ដោយសារ​តែ​រឿង​កុម្ម៉ង់​បទ​«​រាំ​អ​ញ្ចេ​ក​ៗ» តែ​បែរជា​ចេញ​បទ​«​បុណ្យ​ភូមិ​» ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ក្រុម​តន្ដ្រីករ​កំពុង​ប្រគំ​បទ​ចម្រៀង ដើម្បី​បម្រើ​ការ​រាំ​លេង​សប្បាយ​ក្នុង​ង​ពិធី​មង្គលការ​ស្រាប់តែ​មាន​បុរស​ម្នាក់​មក​កុម្ម៉ង់​បទ​ចម្រៀង​«​រាំ​បុណ្យ​ភូមិ​»​ពេល​កុម្ម៉ង់​រួច​ក៏​ដើរ​ចេញ​ទៅ ហើយ​អ្នកភ្លេង​ក៏​រៀបចំ​ប្រគំ​បទ​នេះ​តាម​សំណូមពរ​របស់​ភ្ញៀវ តែ​ភ្លាម​ៗ​នោះ​ដែរ​មិន​ទាន់​បាន​លេង​ផង មាន​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់ ក៏​បាន​មក​កុម្ម៉ង់​បទ​«​រាំ​អ​ញ្ចេ​ក​ៗ»​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​អ្នក​កាន់​កម្មវិធី​តន្ដ្រី​ក៏​ទទួល​ដែរ តែ​ដោយសារ​មាន​គេ​កុម្ម៉ង់​បទ​«​បុណ្យ​ភូមិ​»​មុន ទើប​អ្នកភ្លេង​លេង​បទ​រាំ​បុណ្យ​ភូមិ ស្រប​ពេល​នោះ​ស្ដ្រី​វ័យ​ចំណាស់​ដែល​កុម្ម៉ង់​ក្រោយ​គេ បែរជា​មិន​យល់ រួច​មក​ស្ដីបន្ទោស​ឲ្យ​ក្រុម​តន្ដ្រីក​រថា យី​! កុម្ម៉ង់​អា​បទ​នេះ បែរ​ដាក់​អា​បទ​នោះ​ទៅ​វិញ និយាយ​ចប់​ស្ដ្រី​ដៃដល់​បាន​ទះកំភ្លៀង​ទៅ​លើ​ក្រុម​តន្ដ្រីករ​ម្នាក់​ពីរ​បី​ដៃ​តែ​ម្ដង រកតែ​គេច​ក៏​គេច​មិន​ទាន់​ដែរ ពេល​គាត់​វាយ​ហើយ​ដើរ​ចេញ​យ៉ាង​រំភើយ​គ្មាន​ជំពាក់​អ្នក​ណាមួយ​រៀល ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​មានរឿង​វាយតប់​គ្នា​បែប​នេះ ណាមួយ​ដល់​ម៉ោងចប់កម្មវិធី​ផង ទើប​ក្រុម​តន្ដ្រីករ​បាន​សុំ​លុយ​ថ្លៃ​ឈ្នួល ព្រោះ​នៅ​ពេល​លេង​ចប់​គេ​តែងតែ​យក​លុយ​ថ្លៃ​ឈ្នួល​ជា​ធម្មតា​ទេ តែ​ម្ចាស់​កម្មវិធី​មង្គលការ​បែរជា​និយាយ​ថា មិន​ទាន់​ឲ្យ​ទេ ចាំ​ព្រឹក​ទៅ ។ មួយសន្ទុះ​ក្រោយមក​មាន​សមត្ថកិច្ច និង​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​ដល់​កន្លែង​កើតហេតុ បែរជា​ម្ចាស់​កម្មវិធី​និយាយ​ថា មិ​ញ​រៀប​ឲ្យ​លុយ​ហើយ ឥឡូវ​មាន​សមត្ថកិច្ច និង​អ្នកកាសែត​មក​ថត​រញ៉េរញ៉ៃ​ចឹ​ង មិនបាច់​ឲ្យ​លុយ​តែ​ម្ដង​ទៅ និយាយ​រួច​ក៏​នាំ​គ្នា​ចូល​ក្នុងផ្ទះ​បិទទ្វារ​ជិត​តែ​ម្ដង មិន​ខ្ចី​ខ្វល់​ជាមួយ​អ្នក​ណា​ឡើយ ។

ដោយ​ការ​ចរចា​មិន​ត្រូវ​គ្នា ហើយ​ម្ចាស់​កម្មវិធី​ជំរុញ​ឲ្យ​ទៅ​ប្ដឹង​ឯណា​ក៏​ប្ដឹង​ទៅ ទើប​ក្រុម​តន្ដ្រីករ​បាន​នាំ​គ្នា​សា​រោង ដឹក​សម្ភារៈ​ចាកចេញ​ទៅ​ទាំង​យប់ ប៉ុន្ដែរ​មិន​មាន​ន័យ​ថា មិន​យក​លុយ​នោះ​ទេ ពោល គឺ​ក្រុម​តន្ដ្រីករ​បាន​បញ្ជាក់​បន្ថែម​ថា ចាំ​ជួប​គ្នា​នៅ​ប៉ុស្ដិ៍​ប៉ូលិស​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២០ មីនា នេះ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ស្ដ្រី​ដៃដល់​វាយ​ឲ្យ​ខ្មាស​គេ ​គ្រោង​នឹង​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​នោះ មាន​ទី​១.​មានឈ្មោះ នៅ វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រៀប​ឆាក​អក​កា​ដង់ នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​និង​ទី​២​ឈ្មោះ គឹ​ម សី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មេការ​អក​កា​ដង់ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល​ទាំង​២​នាក់ ៕

ប្រភព៖ អង្រុត

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top