អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > សកម្មភាពទាំង៥ ដែលនឹងធ្វើឲ្យខួរក្បាល របស់អ្នកមានភាព ច្នៃប្រឌិតខ្លាំងឡើងៗ

សកម្មភាពទាំង៥ ដែលនឹងធ្វើឲ្យខួរក្បាល របស់អ្នកមានភាព ច្នៃប្រឌិតខ្លាំងឡើងៗ

អ្នកប្រហែលជាឆ្ងល់ហើយថាមនុស្សម្នាក់ៗមានទម្ងន់ខួរក្បាលដូចគ្នា រស់នៅក្នុងបរិស្ថានក៏ដូចជាបរិបទស្រដៀងគ្នា តែហេតុអ្វីបានជាម្នាក់ឆ្លាតហើយម្នាក់ទៀតមិនសូវឆ្លាតទៅវិញ? ប្រាកដណាស់ ចម្លើយគឺស្ថិតនៅត្រង់សកម្មភាពដែលអ្នកទាំង២នោះធ្វើប្រចាំថ្ងៃ។ ប្រសិនបើអ្នកគិតតែពីនៅផ្ទះគេង ហើយក្រោកពីគេង អង្គុយមើលទូរទស្សន៍ដោយពុំមានអ្វីជាប្រយោជន៍ដល់ខួរក្បាលរបស់អ្នក កុំសង្ឈឹមថាវាមានការវិវត្តវិជ្ជមានឲ្យសោះ។ ខាងក្រោមនេះសុទ្ធតែជាសកម្មភាពជាអ្នកគួរធ្វើជាប្រចាំដើម្បីឲ្យខួរក្បាលរបស់អ្នកមានដំណើរការបានល្អ៖

១) ឆ្ងល់ហើយសួរ៖ បើអ្នកជាប្រភេទមនុស្សទាំង២នេះ វាប្រហែលជាពិបាកបន្តិចគឺជំពូកមនុស្សដែលឆ្ងល់ហើយមិនសួរ និងមនុស្សដែលមិនឆ្ងល់តែម្ដង។ បើអ្នកឆ្ងល់ហើយមិនសួរ នោះទោះបីជាយ៉ាងណាក៏ដោយ ក៏វានៅតែជាសំនួរឬជាចម្ងល់ ដោយឡែកអ្នកគួរតែស្វែងរកចម្លើយសម្រាប់វា។ ផ្ទុយទៅវិញ បើអ្នកសូម្បីតែឆ្ងល់ក៏មិនឆ្ងល់ នោះអ្នកនឹងមិនងាយមានគំនិតបែកនោះទេ ព្រោះថាអ្នកនឹងមិនទទួលបានគំនិតអ្វីថ្មីនោះឡើយ។

២) ធ្វើអ្វីប្លែកពីមួយថ្ងៃទៅមួយថ្ងៃ៖ ជាការពិតណាស់ ការរស់នៅជីវិតរបស់គឺមិនមានអ្វីខុសពីការហាត់ប្រាណនោះទេ ដោយអ្នកមិនអាចលើកដុំដែកទម្ងន់ដដែលៗរាល់ថ្ងៃបាននោះទេ ព្រោះវានឹងមិនផលលទ្ធផលអ្វីប្លែកសម្រាប់អ្នកនោះទេ។ ថ្វីត្បិតតែវាជារឿងលំបាកមួយ តែអ្នកក៏មិនគួរខ្លាចមិនហ៊ានធ្វើវានោះដែរ អ្នកត្រូវតែយកឈ្នះចិត្តខ្លួនឯងជាមុនសិនទើបបាន។

៣) កុំគិតតែមួយផ្នែក៖ ទោះបីជាអ្នកប្រើខួរក្បាលរបស់អ្នកគិតពីអ្វីក៏ដោយ អ្នកមិនត្រូវគិតតែមួយផ្នែកនោះទេ ពោលគឺអ្នកត្រូវគិតវាជារួម។ ប្រសិនបើអ្នកគិតតែមួយផ្នែក នោះអ្នកនឹងយល់បានតែមួយផ្នែកដួចគ្នា តែប្រសិនបើអ្នកគិតក្ដោបជារួម នោះអ្នកនឹងអាចយល់បានសាច់រឿងទាំងមូលតែម្ដង មិនមែនមួយផ្នែកនៃសាច់រឿងនោះទេ។

៤) យកអ្វីដែលរៀនហើយទៅប្រើប្រាស់ត៖ មិនថាថ្ងៃនេះអ្នករៀនមេរៀនបានច្រើនប៉ុណ្ណានោះទេ ប្រសិនបើអ្នកទុកវាចោលមិនយកវាទៅកែច្នៃនោះទេ មិនយូរមិនឆាប់ អ្នកនឹងភ្លេចនូវអ្វីដែលអ្នករៀនបានទាំងប៉ុន្មាននោះ។ ការយកទៅប្រើប្រាស់តនេះមានច្រើនបែបច្រើនសណ្ឋានណាស់ ដូចជាតាមការចែករំលែកជាមួយនឹងមនុស្សជុំវិញខ្លួនក្ដី ក៏ដូចជាសរសេរទុកក្នុងសៀវភៅប្រចាំថ្ងៃជាដើម។

៥) រៀនពេញមួយជីវិត៖ ចង់ពូកែ អ្នកមិនមែនរៀនតែនៅក្នុងសាលារៀន ទទួលបានសញ្ញាប័ត្រហើយក៏ចប់នោះទេ តែអ្នកត្រូវរៀនគ្រប់ពេលវេលាដែលអំណោយផល ដែលជាឱកាសសម្រាប់អ្នក។ ជីវិតរបស់មនុស្សយើងម្នាក់ មានអ្វីជាច្រើនដែលយើងត្រូវដឹងត្រូវរៀន ហេតុនេះសូមកុំឲ្យពេលវេលាដើរទៅមុខដោយឥតប្រយោជន៍ឲ្យសោះ៕

ប្រភព៖ khmer-edu.com

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top